ឧត្តរមានជ័យ/ប៉ៃលិន: បុរស ២ នាក់ បានរងរបួសធ្ងន់ និងស្រាលនៅក្នុងករណីផ្ទុះគ្រាប់មីននៅ ២ កន្លែងផ្សេងគ្នា កាលពីថ្ងៃទី ១៥ ខែ មិថុនា ក្នុងនោះម្នាក់រងគ្រោះនៅក្នុងយុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងម្នាក់ទៀតរងរបួសដូចគ្នានៅសង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោក ហេង រតនា នាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) បានឲ្យដឹងកាលពីម្សិលមិញថា នៅព្រឹកថ្ងៃទី ១៥ ខែ មិថុនា វេលាម៉ោង ៩:៥៥ នាទី មានករណីត្រាក់ទ័រភ្ជួរដីថ្មីកិនចំគ្រាប់មីនតោនបណ្តាលឲ្យផ្ទុះ។ ហេតុការណ៍នេះបានកើតឡើងនៅត្រង់ចំណុចផ្លូវតាម៉ុកចាស់ ស្ថិតនៅក្នុងភូមិទួលប្រសើរ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
លោកបន្តថា៖ «ជនរងគ្រោះជាអ្នកបើកបរត្រាក់ទ័រឈ្មោះ សាំង ដារ៉ូ ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជាកសិកររស់នៅក្នុងភូមិឈូកមាស សង្កាត់ កូនក្រៀល ក្រុងសំរោង ទទួលរងរបួសស្រាលចំដៃខាងស្ដាំ ចំណែកត្រាក់ទ័រខូចខាតធ្ងន់»។
លោក សៀ ចិន្ដា ប្រធានផ្នែកសេនាធិការ នៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានថ្លែងកាលពីម្សិលមិញថា បុរសជាជនរងគ្រោះ សាំង ដារ៉ូ បានយកត្រាក់ទ័រទៅព្យួរដីចម្ការដូចសព្វមួយដង ប៉ុន្ដែថ្ងៃកើតហេតុនោះ ស្រាប់តែគាត់ភ្ជួរកិនប៉ះចំគ្រាប់មីនហើយក៏ផ្ទុះឡើងរង្គើដី បណ្ដាលឲ្យត្រាក់ទ័រខូចខាតយ៉ាងដំណំ តែជនរងគ្រោះរងរបួសបន្ដិចបន្ដួច។
លោកបន្តថា ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យដល់ទីតាំងខាងលើ ដោយបានប្រាប់ឲ្យជនរងគ្រោះក្នុងហេតុការណ៍ទៅមន្ទីរពេទ្យ។
លោកបន្តថា៖ «ដីចម្ការគាត់ធ្វើរាល់តែឆ្នាំតើ តែគាត់ព្យួរាល់ដងហ្នឹង អត់ដែលមានបញ្ហាអ្វីទេ តែលើកនេះ មិនដឹងយ៉ាងម៉េចវាប៉ះចំគ្រាប់មីនអ៊ីចឹង ឥឡូវគាត់អត់អីទេ របួសតិចតួច»។
លោកបន្ថែមថា កន្លងមកអាជ្ញាធរធ្លាប់បានប្រកាសពីវិធានការទប់ស្កាត់ និងហាមពលរដ្ឋកុំឲ្យប៉ះពាល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែរ ប៉ុន្ដែយ៉ាងណា គ្រាប់នេះ ស្ថិតនៅក្នុងដី ដោយម្ចាស់ចម្ការមើលមិនឃើញ ក៏មានរឿងចៃដន្យបែបនេះកើតឡើង។
ចំណែកការផ្ទុះមួយករណីផ្សេងទៀត ក៏បានកើតឡើងនៅល្ងាចថ្ងៃដដែលនោះដែរ បណ្តាលឲ្យជនរងគ្រោះមានឈ្មោះ តុស ធឿន ភេទប្រុស អាយុ ៣៦ ឆ្នាំ របួសកែងជើងខាងឆ្វេង នៅភូមិបហ៊ុយខាងត្បូង សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខណៈជនរងគ្រោះ បានដើរជាន់គ្រាប់មីន ហើយនៅពេលនេះកំពុងព្យាបាលនៅមន្ទីរពេទ្យខេត្តប៉ៃលិន។
លោក ជរ ម៉ាញ នាយប៉ុស្ដិ៍រដ្ឋបាលសង្កាត់បយ៉ាខា ក្រុងប៉ៃលិន បានថ្លែងកាលពីម្សិលមិញថា បុរសជាជនរងគ្រោះឈ្មោះ តុស ធឿន បានរងរបួសបែកប្រអប់ជើងខាងឆ្វេងដោយសាររូបគាត់បានចូលទៅកាប់ឆ្ការដីព្រៃចម្ការរបស់ខ្លួននៅទីតាំងខាងលើ ដោយបានដើរជាន់គ្រាប់មីននោះផ្ទុះតែម្ដងទៅ។ លោកបន្តថា ក្រោយពេលកើតហេតុ សមត្ថកិច្ច និងក្រុមគ្រួសារបានបញ្ជូនគាត់ទៅមន្ទីរពេទ្យបង្អែកក្រុងប៉ៃលិន ដើម្បីព្យាបាល។
លោកបញ្ជាក់ថា៖ «ដីគាត់ហ្នឹង មិនទាន់អាចព្យួរបានទេ ព្រោះដីនៅរឹងហើយគាត់ក៏យកកាំបិតទៅកាប់ឆ្ការព្រៃឈើតូចៗដែលដុះនៅក្នុងចម្ការហ្នឹង ក្នុងអំឡុងពេលឆ្ការហ្នឹង គាត់បានដើរជាន់ ហើយក៏ផ្ទុះតែម្ដង គឺគាត់អត់ដឹងថា គាត់បានដើរជាន់គ្រាប់មីនទេស្រាប់តែផ្ទុះមកគាត់សន្លប់មួយសន្ទុះធំដែរ ហើយក៏យើងបញ្ជូនទៅមន្ទីរពេទ្យ»៕