សៀមរាបៈ នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បាន​ចាប់​បុរស​ជនជាតិ​ចិន​ ២ ​នាក់ ត្រូវ​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប​កាលពី​ម្សិលមិញ ក្រោយពី​លួច​កាច់​សោ ក ម៉ូតូ​ហើយ​គេចខ្លួន​។

លោក ហង្ស សុផាភារម្យ នាយការិយាល័យ​ព្រហ្មទណ្ឌ កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ជនសង្ស័យ​ជា​ជនជាតិ​ចិន​ទាំង​ ២ ​នាក់​ឈ្មោះ លាំង ហិន អាយុ​ ៣២ ​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ និង​ទី២ ​ឈ្មោះ​ វ៉េ យ៉ាងស៊ី អាយុ​ ៣២ ​ឆ្នាំ​។

លោក​ឲ្យ​ដឹងថា សម្ភារ​ដែល​សមត្ថកិច្ច​ដកហូត​បាន​ពី​ពួកគេ​មាន​ម៉ូតូ​ម៉ាក ឃ្លីក ១ ​គ្រឿង គ្មាន​ស្លាក​លេខ (​របស់​ជនរងគ្រោះ​), សោ​សម្រាប់​កាច់ ក ម៉ូតូ​ចំនួន​ ៣, ដែក​ស្បែង​ចំនួន​ ៦ ​កំណាត់​, ម៉ាស៊ីន​ឆូត​កាត​ចំនួន​ ១ ​គ្រឿង​, ឧបករណ៍​សម្រាប់​រាវរក​លោហៈធាតុ​ចំនួន​ ១​។

លោក​ថ្លែង​ប្រាប់ថា​៖ «​សម្ភារ​ឧបករណ៍​ទាំងនោះ​ពួកគេ​ប្រាប់ថា រើស​បាន ហើយ​ពួកគេ​សារភាព​ថា​បាន​លួច​តែ​ម៉ូតូ​មែន​»​។

លោក ភឹង ចិន្តារ៉េត ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ ខេត្ត​សៀមរាប​ប្រាប់​ពីថ្ងៃ​ទី​ ២០ វិច្ឆិកា ថា​ការចាប់ខ្លួន​ធ្វើឡើង​ក្រោយពី​សមត្ថកិច្ច​បាន​ទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ ហើយ​ម្ចាស់​ម៉ូតូ​បាន​ឲ្យ​ដឹងថា មាន​បុរស​ជា​ជនជាតិ​ថៃ​ម្នាក់​បាន​ជួល​ម៉ូតូ​របស់​គាត់ ១ ​គ្រឿង​ជិះ​។ បន្ទាប់ពី​បុរស​ជនជាតិ​ថៃ​រូបនោះ​ជិះ​បាន​ប៉ុន្មាន​ម៉ោង​មក គាត់​បាន​ចត​ម៉ូតូ​ដោយ​មាន​ចាក់សោ​ត្រឹមត្រូវ​ផង តែ​ត្រូវ​ជនសង្ស័យ​ដែល​ជា​ជនជាតិ​ចិន​ទាំង​ ២ ​នាក់​លួច​ម៉ូតូ​នោះ​បាត់​៕