បន្ទាយ​មានជ័យៈ សមត្ថកិច្ច​កងរាជអាវុធហត្ថ​នៃ​ទី​បញ្ជា​ការដ្ឋាន​ខេត្ត​បន្ទាយមានជ័យ​បាន​បញ្ជូន​បុរស​ជន​ជាតិ​ចិន​ម្នាក់​ទៅ​សាលា​ដំបូង​ខេត្ត បន្ទាប់​ពី​ជន​នេះ​យក​កាំបិត​ភ្ជង់​ប្លន់​ស្ត្រី​ដូរ​លុយ​ម្នាក់​កាល​ពី​ថ្ងៃទី ២៩ មេសា នៅ​ភូមិ​ក្បាល​ស្ពាន ១ សង្កាត់-ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

លោក​​ ឡាក់ ភី មន្ត្រី​ទំនាក់ទំនង​ព័ត៌មាន នៃ​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយមានជ័យឲ្យ​ដឹង​ថា បុរស​ជន​ជាតិ​ចិន​ឈ្មោះ Li Shuai ហៅ​អាជេ អាយុ ៣២ ឆ្នាំ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​បន្ទប់​លេខ ០២៤ នៃ​សណ្ឋាគារ​មួយ ស្ថិត​ក្នុង​ភូមិ​អូរជ្រៅ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ ត្រូវ​បាន​សមត្ថកិច្ច​អាវុធហត្ថ​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី ៣០ មេសា។

លោក​និយាយថា ជនសង្ស័យ​ម្នាក់នេះ​បាន​យក​កាំបិត​ចិតបន្លែ​ទៅ​ភ្ជង់​ប្លន់​ស្ត្រី​ម្នាក់​ឈ្មោះ​រ៉ុម សុខឿន​អាយុ ៣៤ ឆ្នាំ ដែល​ជា​ម្ចាស់​តូប​ប្ដូរ​ប្រាក់ ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន ១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត។ ខណៈ​ជន​សង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ក៏​មាន​ការ​ឆោ​ឡោ​ឡើង​ពី​ប្រជាពលរដ្ឋ​ធ្វើ​ឲ្យ​ជន​សង្ស័យ​ភ័យ​រត់​គេច​ខ្លួន​តែ​ត្រូវ​សមត្ថកិច្ច​ចាប់​បាន។

លោក​ថ្លែងថា៖ «បើតាម​សកម្ម-ភាព​គឺជា​ករណី​ប្លន់​ព្រោះ​ជននេះ​បាន​យក​កាំបិត​ភ្ជង់​ជន​រង​គ្រោះ។ ប៉ុន្តែ​ក្នុង​ច្បាប់​ជា​ករណី​លួច​មាន​ស្ថាន​ទម្ងន់​ទោស»។

តាម​កំណត់ហេតុ​របស់​សមត្ថកិច្ច​បង្ហាញថា កាលពី​រសៀល​ថ្ងៃ​ទី ២៩ ខែ​ មេសា ឆ្នាំ ២០១៩ ជន​សង្ស័យ​បាន​ធ្វើ​សកម្មភាព​ចូល​ក្នុង​តូប​ប្ដូរ​លុយ និង​លក់​ទំនិញ​មួយ​កន្លែង​ហើយ​ដើរ​ចូល​តូប​ប្តូរ​លុយ បន្លំ​ធ្វើជា​អ្នក​ប្ដូរ​លុយ។

ពេល​ចូល​ទៅដល់​ក្នុង​តូប​នោះ​ជនសង្ស័យ​បាន​ដក​កាំបិត​ខ្លី​ភ្ជង់​បំពង់ក​របស់​ស្ត្រី​រងគ្រោះ និង​បាន​ប្លន់​យក​លុយ​ស្ត្រី​រង​គ្រោះ។

ចំពោះ​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​រួមមាន​កាបូបស្ពាយ​ពណ៌​ឈាម​ជ្រូក​ចំនួន ១ ក្នុង​នោះ​មាន​ប្រាក់​ជាក់ស្តែង​ក្នុង​កាបូប​ចំនួន ៥០០០០ បាត ជា​របស់​ជន​រង​គ្រោះ និង​វត្ថុតាង​កូន​កាំបិត​ចុង​ស្រួច​ចំនួន ១ ជា​របស់​ជន​សង្ស័យ៕