ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ ដែលប្រើគ្រាប់បែកក្លែងក្លាយគំរាមមិត្តភកិ្តជាជនជាតិចិនដូចគ្នា ដែលត្រូវសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចាប់ឃាត់ខ្លួនកាលពីម្សិលមិញ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ១ ខណ្ឌពោធិ៍សែនជ័យ ត្រូវនាំខ្លួនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរបន្ថែម។
លោក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីរសៀលម្សិលមិញថា ករណីបុរសចិនម្នាក់ឈ្មោះ លីវ ជីន អាយុ ៣៦ ឆ្នាំ ដែលប្រើគ្រាប់បែកហើយមុនដំបូងសមត្ថកិច្ចសង្ស័យថា ជាគ្រាប់បែកមែនទែន និងធ្វើឲ្យមានការភ្ញាក់ផ្អើលទៅដល់កម្លាំងសមត្ថកិច្ចនោះ តាមពិតទៅមិនមែនជាគ្រាប់បែកពិតប្រាកដទេ។
លោកបន្តថា តាមពិតទៅបុរសជនជាតិចិនម្នាក់នោះ មានទំនាស់ជាមួយមិត្តភកិ្តរបស់គាត់ម្នាក់ទៀតដែលជាជនជាតិចិនដូចគ្នា ហើយជននោះ បានយកគ្រាប់បែកក្លែងក្លាយ ទៅកម្លាមិត្តភកិ្តនោះ ព្រោះគាត់មានទំនាស់ក្នុងរឿងរកស៊ីជាមួយគ្នា។
លោកបញ្ជាក់ថា៖ «នៅក្នុងបំពង់គ្រាប់នោះ មានសុទ្ធតែដីខ្សាច់ហ្នឹង មានអីផ្ទុះមកពីណា។ អ៊ីចឹង វាមិនមែនជាឧបករណ៍អីសម្រាប់ផ្ទុះបណ្តាលឲ្យមានរបួសមនុស្សអីទេ។ ចាំមើលខ្ញុំឲ្យមន្រ្តីនាំមកសួរនាំបន្តទៀត ចង់ដឹងថា ជននោះមានគោលបំណងអីទៀត»។
ជុំវិញហេតុការណ៍នេះដែរ លោក រស់ សារ៉ាឌី នាយនគរបាលប៉ុស្តិ៍សង្កាត់ចោមចៅ ១ ក៏បានឲ្យដឹងដែរថា ដំបូងឡើយបុរសជនជាតិចិនម្នាក់ ឈ្មោះ តុង ដែលរស់នៅក្នុងប្រទេស កម្ពុជា បានហៅបុរសឈ្មោះ លីវ ជីន រូបនេះពីប្រទេស ចិន ឲ្យមកប្រទេស កម្ពុជា ដោយប្រាប់ថា រូបគេ (តុង) ចង់សហការរកស៊ីជាមួយគ្នា ខាងបច្ចេកទេសថតខារ៉ាអូខេ ហើយបុរសសង្ស័យក៏ធ្វើដំណើរមកប្រទេស កម្ពុជា តាមការបបួលរបស់បុរសឈ្មោះ តុង នោះ។
លោកបន្តថា ពេលមកដល់ប្រទេស កម្ពុជា បុរសសង្ស័យបានចំណាយលុយកាក់ស៊ីចាយជាមួយឈ្មោះ តុង និងឧស្សាហ៍នាំគ្នាទៅផឹកតែគុជនៅហាងចិនមួយកន្លែងដែលមានយីហោឈ្មោះ ហឺហឺ នៅទល់មុខផ្សារកាណាឌីយ៉ា ក្នុងភូមិ-សង្កាត់ខាងលើ។
រីឯឈ្មោះ តុង ចេះតែសន្យាប្រាប់បុរសសង្ស័យថា រកការងារឲ្យធ្វើ តែមិនឃើញសាច់ការអីនោះទេ ណាមួយលុយដែលចំណាយលើឈ្មោះ តុង អស់ជិត ៤ ពាន់ដុល្លារ ហើយឈ្មោះ តុង បានគេចខ្លួនបាត់ផងនោះ ធ្វើឲ្យបុរសសង្ស័យកើតក្តីខឹង ហើយក៏មានគំនិតច្នៃជាគ្រាប់បែកបំណងយកមកគំរាមជនឈ្មោះ តុង ទៅ។
លោកបន្តថា នៅព្រឹកថ្ងៃទី ១ ឧសភា ឆ្នាំ ២០១៩ នេះ បុរសសង្ស័យបានយកក្រដាស ហើយញាត់ដីខ្សាច់ប្រមាណជា ៤ ទៅ ៥ បំពង់ និងមានគ្រាប់ ១ គ្រាប់ទៀត ដែលបុរសសង្ស័យបានច្នៃជា ឧបករណ៍ដាក់នាឡិកា ដូចជាគ្រាប់បែកបង្កៃដូច្នោះដែរដាក់លាក់ក្នុងកាបូបស្ពាយ យកមកកន្លែងតែគុជ។
ពេលនោះ ម្ចាស់ហាងតែគុជ ជាជនជាតិចិនដែរនោះ ឃើញហើយក៏ស្រែកឆោឡោ ផ្អើល និងរាយការណ៍ដល់នគរបាលខណ្ឌពោធិ៍សែនជ័យ និងអញ្ជើញមន្រ្តីស៊ីម៉ាក់មកត្រួតពិនិត្យ ទើបឃើញថា មិនមែនជាគ្រឿងផ្ទុះទេ៕