ភ្នំពេញៈ បុរស​ជនជាតិ​ចិន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ចំការមន​ចាប់​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ពី​ម្សិលមិញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី បន្ទាប់ពី​ជន​នេះ​បាន​បង្ក​ហិង្សា​ដោយ​កាប់​ទៅលើ​សមត្ថកិច្ច និង​ស្ត្រី​ខ្មែរ​ម្នាក់​ឲ្យ​រងរបួស​កាលពី​ថ្ងៃទី​ ១ ខែ​ធ្នូ​។

លោក ហ៊ាង ថារ៉េត អធិការរង​ខណ្ឌ​ចំការមន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ JIN CHUN អាយុ​ ៣៧ ​ឆ្នាំ​ជា​ជនជាតិ​ចិន ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​រសៀល​ថ្ងៃទី​ ១ ខែ​ធ្នូ បន្ទាប់ពី​បាន​ប្រើ​កាំបិត​បុ័ងតោ​កាប់​ទៅ​លើ​មន្ត្រី​នគរបាល​អន្តរាគមន៍​ម្នាក់​ឈ្មោះ ម៉ៅ សំណាង និង ស្ត្រី​លក់​អំពៅសាង​ឈ្មោះ​ មាស សាលី អាយុ​ ៧០ ​ឆ្នាំ​បណ្ដាល​ឲ្យ​រងរបួស​។

លោក​ ថារ៉េត បាន​បញ្ជាក់​ថា​៖ «​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​រាជធានី​ភ្នំពេញ​ដោយ​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា ។ នៅពេល​នេះ​តំណាង​អយ្យការ​អម​សាលាដំបូង​កំពុង​ធ្វើការ​សាកសួរ​បន្ត​»​។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​ពី​ម្សិលមិញ​ឲ្យ​ដឹង​ថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ជនជាតិ​ចិន​ខាង​លើ​នេះ​កាន់​កាំបិត​បុ័ងតោ​ ១ ​នៅក្នុង​ដៃ ដើរ​ស្រែក​ឡូឡា​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​ ៤៣២ ស្ថិតក្នុង​សង្កាត់​បឹងត្របែក ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ និង​បាន​យក​កាំបិត​កាប់​ក្បាល​ខ្លួនឯង​ម្ដង​ហើយ​ម្ដង​ទៀត បណ្ដាល​ឲ្យ​ហូរឈាម​ជោក​ខ្លួន​។

ឃើញ​ដូច្នោះ​លោក ម៉ៅ សំណាង ដែល​ជា​មន្ត្រី​នគរបាល​ផ្នែក​អន្តរាគមន៍​នៅ​ខណ្ឌ​ចំការមន​បាន​ព្យាយាម​ចូល​ទៅ​ចាប់​ដក​កាំបិត​ពី​ដៃ​បុរស​ជនជាតិ​ចិន​ខាង​លើ​នេះ ប៉ុន្តែ​ត្រូវ​បុរស​ជនជាតិ​ចិន​ដែល​ទំនង​ជា​បែក​ថ្នាំ​ដល់​កម្រិត​នោះ​កាប់​ប្រហារ​បណ្ដាល​ឲ្យ​រងរបួស​ប្រអប់​ដៃ​ខាង​ស្ដាំ​។

ក្រោយ​មក​ជនសង្ស័យ​បាន​ស្ទុះ​ទៅ​ចាប់​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ដែល​លក់​អំពៅ​សាង​នៅ​ក្បែរ​នោះ​មក​ធ្វើ​ជា​ចំណាប់ខ្មាំង ដោយ​កាប់​ក្បាល​ស្ត្រី​រងគ្រោះ​ ១ ​កាំបិត គំរាម​ដល់​សមត្ថកិច្ច ប៉ុន្តែ​សំណាង​ល្អ​ស្ត្រី​រងគ្រោះ​នៅ​មាន​ស្មារតី​រឹងមាំ​បាន​រើបម្រះ​ខ្លួន​រួច​ពី​កណ្ដាប់​ដៃ​ជនសង្ស័យ​។

របាយការណ៍​បន្ត​ថា​ភ្លាមៗ​នោះ​ជនរងគ្រោះ​ទាំង​ ២ ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ដឹក​យក​ទៅ​កាន់​មន្ទីរ​ពេទ្យរុស្ស៊ី ដើម្បី​ពិនិត្យ​ព្យាបាល​របួស​។ បន្ទាប់​មក​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​បាន​នាំ​គ្នា​ចូល​ទៅ​បង្ក្រាប​ចាប់​បុរស​ជនជាតិ​ចិន​នោះ​ដាក់​ខ្នោះ​នាំយក​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី​ផង​ដែរ មុន​ពេល​ធ្វើការ​សាកសួរ និង​កសាង​សំណុំ​រឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវ​ច្បាប់​។

លោក​ យិន សាន អធិការ​នគរបាល​ខណ្ឌ​ចំការមន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​យោង​តាម​ការធ្វើ​កោសល្យវិច័យ​ទៅ​លើ​ទឹកនោម ជនសង្ស័យ​មាន​ផ្ទុក​សារធាតុ​ញៀន​»​។ លោក​បាន​បន្ត​ថា​៖ «​លោក ម៉ៅ សំណាង បាន​រងរបួស​ខ្នង​ប្រអប់​ដៃស្ដាំ​ដោយ​មុត​រយះ​ដល់​ឆ្អឹង ខណៈ​អ្នកស្រី មាស សាលី របួស​ស្បែក​ក្បាល​ប្រវែង​ ៦ ​ថ្នេរ ហើយ​នៅពេល​នេះ​អ្នក​ទាំង​ ២ កំពុង​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​នៅ​ឡើយ​»​។

លោក លី សុផាន់ណា អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា សំណុំ​រឿង​នេះ​ត្រូវ​បាន​បញ្ជូន​មក​ដល់​ដៃ​ស្ថាប័ន​អយ្យការ​ហើយ និង​កំពុង​បន្ត​ធ្វើការ​សាកសួរ​ទៅ​តាម​នីតិវិធី​។

គួរ​បញ្ជាក់​ថា​ក្នុង​ចំណោម​ជនបរទេស​ដែល​កំពុង​មាន​វត្តមាន​រស់នៅ​ និង​បម្រើ​ការងារ​នៅ​កម្ពុជា ជនជាតិ​ចិន​ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា​មាន​ការ​ប្រព្រឹត្ត​បទល្មើស​ច្រើន​ជាង​គេ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

ជាក់ស្ដែង​កាលពី​ចុង​ខែ​វិច្ឆិកា​កន្លង​ទៅ​ថ្មីៗ​នេះ បុរស-ស្ត្រី ជនជាតិ​ចិន​ ២៣៥ ​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រសួង​មហាផ្ទៃ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​តាកែវ​ចាប់​ឃាត់​ខ្លួន​ពាក់ព័ន្ធ​ករណី​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​៕