សៀមរាបៈ បុរស​ជនជាតិ​រុស្ស៊ី​ម្នាក់​ឈ្មោះ Roman Bak Tigzih អាយុ​ ៣០ ​ឆ្នាំ​ ត្រូវ​បាន​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅក្នុង​ពន្ធនាគារ​ខេត្ត​សៀមរាប​ដោយ​ជាប់ចោទ​ពី​បទ​ទិញ​ពេស្យាចារ​កុមារ​។

ជន​ត្រូវ​ចោទ Roman ត្រូវបាន​ចាប់ខ្លួន​នៅ​រាជធានី​ភ្នំពេញ​ក្រោយពី​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ខេត្ត​សៀមរាប​បាន​ធ្វើការ​ស៊ើបអង្កេត​អស់​រយៈពេល​ប្រមាណ​ជា ៣ ​ខែ​។

លោកស្រី ដួង ថាវរី ស្នងការរង​ខេត្ត​សៀមរាប​ទទួល​បន្ទុក​ប្រឆាំង​ការជួញដូរ​មនុស្ស និង ការពារ​អនីតិជន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​អាទិត្យ​ថា ក្រោយពី​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ឪពុកម្ដាយ​ជនរងគ្រោះ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចំណាត់​ការបន្ត​តាម​នីតិវិធី​ច្បាប់​។ លុះ​ក្រោយមក​តុលាការ​បានចេញ​ដីកា​បង្គាប់​ឲ្យ​ជនសង្ស័យ​ចូល​ខ្លួន​មក​ឆ្លើយបំភ្លឺ ជុំវិញ​ការចោទប្រកាន់​ពី​ឪពុកម្ដាយ​ជនរងគ្រោះ ប៉ុន្តែ​ជនសង្ស័យ​បាន​គេច​ខ្លួន​។

លោកស្រី​បាន​ឲ្យ​ដឹងថា​៖ «​តាមរយៈ​ការស្រាវជ្រាវ​របស់​សមត្ថកិច្ច​ជំនាញ​យើង​ជាង​ ៣ ​ខែ​កន្លងមក​នេះ​បាន​កំណត់​ទីតាំង​ច្បាស់លាស់​របស់​ជនសង្ស័យ​ស្នាក់នៅ និង​ក្រោម​កិច្ចសហការ​ជាមួយ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​សុក្រ ទី​ ១៨ ខែ​តុលា​ បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​ឲ្យ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​»​។

លោក ជា ហេង ប្រធាន​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត​សៀមរាប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃអាទិត្យ​ថា ជនសង្ស័យ​ឈ្មោះ Roman Bak Tigzih អាយុ​ ៣០ ​ឆ្នាំ​ ជា​ជនជាតិ​រុស្ស៊ី​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃ​សុក្រ​នៅ​ចំណុច​មុខ​អគារ The Bright ភាគ​ខាងត្បូង​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​ដែល​មាន​ទីតាំង​ស្ថិត​នៅក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ការចាប់ខ្លួន​បុរស​ជនជាតិ​រុស្ស៊ី​ខាងលើ​នេះ​គឺ​ធ្វើ​ឡើង​តាម​ដីកា​​បង្គាប់​ឲ្យ​ចូលខ្លួន​របស់​តុលាការ​ខេត្ត​សៀមរាប​ដែល​បាន​ចោទប្រកាន់​ពី​បទ​ទិញ​ពេស្យាចារ​កុមារ​កាលពី​អំឡុង​ខែ​ឧសភា និង ខែ​ មិថុនា ឆ្នាំ​ ២០១៩»​។

លោក​បាន​ប្រាប់​ឲ្យ​ដឹងផង​ដែរ​ថា ជនសង្ស័យ​ត្រូវបាន​តុលាការ​ខេត្ត​សៀមរាប បង្គាប់​ឲ្យ​នាំយក​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​សៀមរាប​ជា​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​ការជំនុំជម្រះ​ទោស​នៅពេល​ក្រោយ​។

យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ខេត្ត​សៀមរាប បាន​គូសបញ្ជាក់ថា កាលពី​អំឡុង​ខែ​ឧសភា និង ខែ​ មិថុនា ឆ្នាំ​ ២០១៩ ជនសង្ស័យ​បាន​ល្បួង​យុវតី​ ៣ ​នាក់ ​ដែល​មាន​វ័យ​ជា​អនីតិជន​នៅឡើយ​យក​ទៅ​រួមភេទ​នៅក្នុង​បន្ទប់​សណ្ឋាគារ​មួយ​ក្នុង​ក្រុង​សៀមរាប ខេត្ត​សៀមរាប ជា​ថ្នូរ​ទៅនឹង​ការផ្ដល់​ឲ្យ​នូវ​សម្លៀកបំពាក់​ល្អៗ ចំណីអាហារ​ឈ្ងុយឆ្ងាញ់ និង​លុយកាក់​មួយ​ចំនួន​ទៀត​ដល់​ពួកនាង​ដែល​ទង្វើ​នេះ​ត្រូវបាន​គេ​ចាត់ទុក​ថា​ជា​អំពើ​ទិញ​ពេស្យាចារ​លើ​អនីតិជន​។

កាលពី​រសៀល​ថ្ងៃ​សុក្រ​មុនពេល​ចាប់ខ្លួន គេ​ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​កង់​ ៣ ​ឥណ្ឌា និង​មាន​រថយន្ត Land Cruiser ១ ​គ្រឿង​តាម​ពីក្រោយ​។ លុះ​មកដល់​ចំណុច​កើតហេតុ​ខាងលើ គេ​ឃើញ​រថយន្ត Land Cruiser នោះ​ឈប់​នៅ​ពីមុខ​ម៉ូតូ​កង់​ ៣ ​របស់​ជនសង្ស័យ បន្ទាប់​មក​មាន​មនុស្ស​ ១ ​ក្រុម​ដែល​ស្លៀកពាក់​ឯកសណ្ឋាន​ស៊ីវិល​ចុះ​ពី​រថយន្ត ហើយ​ចាប់​ឃាត់​ជនសង្ស័យ​ច្រាន​បញ្ចូល​ទៅក្នុង​រថយន្ត ខណៈ​នោះ​ជនសង្ស័យ​ក៏បាន​ស្រែក​ឲ្យ​អ្នក​ធ្វើដំណើរ​តាម​ដងផ្លូវ​ជួយ ប៉ុន្តែ​ក្រុម​ជន​ស៊ីវិល​ទាំង​នោះបាន​ប្រាប់​ពលរដ្ឋ​ថា ពួកគេ​ជា​សមត្ថកិច្ច​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស ហើយ​ថា​ជនសង្ស័យ​ត្រូវបាន​តុលាការ​ខេត្ត​សៀមរាប​ចេញ​ដីកា​ឲ្យ​នាំ​ខ្លួន​ជនជាតិ​បរទេស​ម្នាក់​នេះ​ដោយ​ត្រូវ​បាន​ចោទប្រកាន់​ពាក់ព័ន្ធ​ការទិញ​ពេស្យាចារ​លើ​កុមារ​៕