ភ្នំពេញៈ លោក រ៉ាត់ រ័ត្នមុនី ដែលបានគេចខ្លួនទៅប្រទេសថៃដោយសារភាពយន្តឯកសារ «ម្តាយខ្ញុំ លក់ខ្ញុំ» ត្រូវបានបញ្ជូនទៅតុលាការពីម្សិលមិញ ក្រោយពេលលោកត្រូវបានធ្វើបត្យាប័ននាំមកប្រទេសកម្ពុជាវិញ។
លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រាប់អ្នកសារព័ត៌មានតាមរយៈតេលេក្រាមថា «តុលាការកំពុងពិនិត្យ និងចាត់ការសំណុំរឿងនេះ»។ ប៉ុន្តែលោកមិនបានបញ្ជាក់ថាលោក រ័ត្នមុនី ត្រូវបានចោទប្រកាន់ពីបទអ្វីនៅឡើយ។ លោក រ៉ាត់ រ័ត្នមុនី ប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជាហៅកាត់ថា CCTUF ត្រូវបានរាយការណ៍ថា លោកត្រូវបានចាប់ខ្លួនដោយអាជ្ញាធរថៃកាលពីថ្ងៃសុក្រសប្តាហ៍មុនតាមការស្នើសុំរបស់អាជ្ញាធរកម្ពុជា។ លោកត្រូវបានគេចោទថាជាមនុស្សម្នាក់ក្នុងចំណោមអ្នកផលិតភាពយន្តឯកសារនិយាយអំពីការលក់ព្រហ្មចារីដែលមានចំណងជើងថា «ម្តាយខ្ញុំ លក់ខ្ញុំ»។ ភាពយន្តឯកសារនេះផលិតដោយទូរទស្សន៍រុស្ស៊ី RT ហើយបានចេញផ្សាយកាលពីខែតុលា។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា លោក រ័ត្នមុនី ត្រូវបាននាំខ្លួនពីប្រទេសថៃ ហើយកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប៉ូលិសក្រសួងមហាផ្ទៃមុនពេលលោកត្រូវបានបញ្ជូនខ្លួនទៅតុលាការកាលពីម្សិលមិញ។
លោក ឆាយ គឹមខឿន បានថ្លែងថា៖ «គាត់ត្រូវបានយកមកដល់កម្ពុជាហើយ គាត់កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប៉ូលិស។ ប៉ុន្តែខ្ញុំមិនមានព័ត៌មានលម្អិតទេព្រោះខ្ញុំមិនមែនជាអ្នកសួរគាត់។ យើងមិនទាន់ថាគាត់ជាអ្នកផលិត ឬក៏ជាប់ពាក់ព័ន្ធយ៉ាងម៉េចទេ។ ដូច្នេះហើយបានជាយើងស្នើឲ្យគាត់មកបំភ្លឺ ប៉ុន្តែគាត់រត់គេចខ្លួន។ ចឹងពេលគាត់គេចខ្លួនយើងត្រូវនាំគាត់មកបំភ្លឺលើការសង្ស័យដើម្បីបញ្ចប់រឿង»។
លោកឧត្តមសេនីយ៍បានបន្ថែមថាលោកមិនអាចដឹងថា តើលោក រ៉ាត់ រ័ត្នមុនី អាចនឹងត្រូវបានចោទប្រកាន់រឿងអ្វីនោះទេ ពីព្រោះវាជាការសម្រេចរបស់តុលាការ។
លោកបានបញ្ជាក់ថា៖ «យើងកំពុងរៀបចំនីតិវិធីបញ្ជូនទៅតុលាការ។ មិនត្រូវការពេលយូរទេព្រោះនីតិវិធីក្នុងការឃុំខ្លួនមានតែ ៤៨ ម៉ោង»។ លោកនិយាយថាពេលវេលាដែលអាជ្ញាធរថៃចាប់ខ្លួនលោក រ៉ាត់ រ័ត្នមុនី មិនរាប់បញ្ជូលក្នុងរយៈពេល ៤៨ ម៉ោងនេះទេ។
អ្នកស្រី ឡុង គីមហ៊ាង ភរិយារបស់លោក រ៉ាត់ រ័ត្នមុនី បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញដែរថា ប្តីរបស់អ្នកស្រីត្រូវបានបញ្ជូនមកប្រទេសកម្ពុជា កាលពីរសៀលថ្ងៃពុធនៅវេលាម៉ោងប្រមាណជា ៣ រសៀលតាមរយៈឧទ្ធម្ភាគចក្រ។
អ្នកស្រី គីមហ៊ាង បានអះអាងថាប្តីរបស់អ្នកស្រីមិនមែនជាអ្នកផលិតភាពយន្តឯកសារនោះទេគឺគ្រាន់តែជាអ្នកបកប្រែ និងជាអ្នកណាត់តួអង្គសម្តែងប៉ុណ្ណោះ។ អ្នកស្រីបន្តថាសមត្ថកិច្ចមិនបានអញ្ជើញប្តីអ្នកស្រីទៅបំភ្លឺទេ គឺបានហៅតែតួអង្គ ហើយអត្ថាធិប្បាយករណីនេះតាមសារព័ត៌មាន។
អ្នកស្រី ឡុង គីមហ៊ាង ថ្លែងថា៖ «ខ្ញុំគិតថារដ្ឋាភិបាលគួរស៊ើបអង្កេតតាមនីតិវិធីដោយមិនត្រូវចាប់ចងទេ។ តែខ្ញុំក៏គិតដែរថា អ្វីដែលរដ្ឋាភិបាលបានធ្វើវាខុសនីតិវិធីបាត់ទៅហើយ ដូច្នេះមិនថាលទ្ធផលយ៉ាងណាទេ វាមិនអាចជាការពិតហើយទទួលយកបានទេ»៕