កំពង់ធំៈ ស្រ្តីម្នាក់ត្រូវបានប្តីរបស់ខ្លួនកាប់ចិញ្ច្រាំស្ទើរសុសមួយចំហៀងក្បាលបណ្ដាលឲ្យស្លាប់ភ្លាមៗនៅលើផ្ទះរបស់ខ្លួនកាលពីព្រឹកថ្ងៃទី ២១ សីហា ក្នុងភូមិគរ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ប៉ុន្តែបន្ទាប់មកជនបង្កក៏បានចងកសម្លាប់ខ្លួននៅក្បែរសាកសពប្រពន្ធផងដែរ។
លោកវរសេនីយ៍ទោ កែ កញ្ចនា អធិការរងនៃអធិការដ្ឋាននគរបាលស្រុកបារាយណ៍បានប្រាប់កាលពីម្សិលមិញថា ស្រ្តីរងគ្រោះក្នុងករណីនេះមានឈ្មោះ មុំ សុខណា អាយុ ២២ ឆ្នាំ រីឯជនបង្កជាប្តីឈ្មោះ ស៊ុន សុគាន់ អាយុ ៣៨ ឆ្នាំ។ អ្នកទាំង ២ មានកូនប្រុសម្នាក់អាយុជាង ១ ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ។
លោកបានបន្តថា រឿងរ៉ាវនេះលោកមិនបានដឹងថា នរណាខុស ឬនរណាត្រូវនោះទេ ព្រោះស្រ្តីរងគ្រោះ និងអ្នកបង្កបានស្លាប់ទាំងអស់គ្នា។ប៉ុន្តែបើតាមសាច់ញាតិរបស់អ្នកស្លាប់ទាំងនោះ ប្រាប់ថា រវាងប្តីប្រពន្ធ ១ គូនេះរស់នៅមិនចុះសម្រុងគ្នាទេ ពោលគឺតែងតែឈ្លោះគ្នារាល់ថ្ងៃ ហើយមូលហេតុច្រើនមកពីប្តីចេះតែប្រចណ្ឌប្រពន្ធហើយបុរសនោះក៏ជាអ្នកប្រើប្រាស់គ្រឿងញៀនផងដែរ។
លោកបានឲ្យដឹងតាមសម្តីអ្នកជិតខាងរបស់ជនបង្កថា មុនបានគ្នាជាប្ដីប្រពន្ធ គឺបុរសនោះជាមនុស្សពោះម៉ាយ។ លុះក្រោយមក បានទាក់ទងយកស្រ្តីរងគ្រោះធ្វើជាប្រពន្ធ ហើយបានកូនប្រុសម្នាក់អាយុជាង ១ ឆ្នាំ។ ប៉ុន្តែការរស់នៅជាមួយគ្នាតែងមានជម្លោះរហូតមក។
លោកថា បើតាមអ្នកជិតខាង គឺនៅយប់ថ្ងៃទី ២០ សីហា មុនកើតហេតុគេបានឮស្រ្តីរងគ្រោះប្រាប់ជនបង្កជាប្តីឲ្យឈប់ជក់ថ្នាំញៀន បន្ទាប់មកគេឮសំឡេងឈ្លោះគ្នា ហើយឮស្រ្តីរងគ្រោះស្រែកឲ្យគេជួយ។ ប៉ុន្តែដោយសារពួកគេមានទម្លាប់ឈ្លោះគ្នារាល់ថ្ងៃទៅហើយទើបមិនមានអ្នកចាប់អារម្មណ៍។
លោកប្រាប់ថា៖ «រឿងនេះយើងមិនដឹងពីហេតុផលអ្វីច្បាស់ទេ តែបើតាមសាច់ញាតិអ្នកស្លាប់និយាយថា មកពីប្តីប្រចណ្ឌប្រពន្ធ ហើយម៉្យាងជនបង្កមានប្រើគ្រឿងញៀនផង»។
លោកប្រាប់បន្តថា មុនដឹងពីឧបទ្ទវហេតុនេះ គឺនៅរសៀលថ្ងៃទី ២១ សីហានោះ ឪពុករបស់ជនបង្កបានដឹកដៃចៅទៅផ្ទះកើតហេតុក៏ឃើញទ្វារបិទហើយបានស្រែកហៅកូន ប៉ុន្តែគ្មាននរណាឆ្លើយតបឡើយ។ ឃើញដូច្នេះ គាត់បានឡើងទៅលើផ្ទះ ហើយពេលបើកទ្វារទៅក៏ឃើញស្រ្តីរងគ្រោះដេកស្លាប់ និងមានឈាមជោកក្បាល។រីឯជនបង្កឃើញចងកក្នុងសភាពអង្គុយលុតជង្គង់ ហើយក៏រាយការណ៍ប្រាប់សមត្ថកិច្ចរបស់លោកតែម្តង។
លោកថា ក្រោយទទួលបានដំណឹងនេះ សមត្ថកិច្ចបានចុះដល់ផ្ទះកើតហេតុនៅម៉ោងប្រមាណ ៤ រសៀលហើយបានពិនិត្យមើលសាកសពស្រ្តីរងគ្រោះឃើញមានស្នាមកាប់ត្រូវក្បាលរយះស្លឹកត្រចៀកខាងឆ្វេង និងម្រាមដៃទាំងសងខាងរយះជាចម្រៀកៗ។ រីឯជនបង្កឃើញសភាពចង ក នឹងធ្នឹមផ្ទះ និងលុតជង្គង់នៅក្បែរសាកសពស្រ្តីរងគ្រោះនោះ។
លោកបានបញ្ជាក់ថា៖ «សាកសព អាចស្លាប់នៅចន្លោះម៉ោង ៩ ទៅ ១០ ព្រឹកថ្ងៃទី ២១ សីហា ព្រោះបើស្លាប់នៅយប់ថ្ងៃទី ២០ សីហា គឺឈាមអាចកក ហើយសពអាចធុំក្លិន តែនេះសពគ្មានធុំក្លិនទេ គ្រាន់តែរឹងបន្តិច»។
ពាក់ព័ន្ធនឹងអំពើហិង្សាសម្លាប់គ្នាក្នុងរូបភាពសាហាវៗបែបនេះ ត្រូវបានលោក គិន ឡាយ ប្រធាននាយកដ្ឋានសរុបផែនការនៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ករណីនេះមិនមានរបាយការណ៍ជាក់លាក់ទេ ព្រោះវាកើតឡើងម្តងម្កាលប៉ុណ្ណោះ។
លោកបានថ្លែងឲ្យដឹងទៀតថា៖ «ករណីអ៊ីចឹងៗយូរជួបម្តង មិនសម្បូរទេ វាមិនដូចបទល្មើសផ្សេងៗទៀតទេ ហើយអត់មានជារបាយការណ៍ដាច់ដោយឡែកទេ»៕