មណ្ឌលគិរីៈ បុរសដែលសាច់ញាតិអះអាងថា មានជំងឺខ្លាចមនុស្ស ហើយចូលចិត្តរស់នៅតែម្នាក់ឯង ត្រូវបានគេប្រទះឃើញគ្រោងឆ្អឹងសាកសព និងបំណែកសម្លៀកបំពាក់ នៅក្នុងព្រៃស្ថិតក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា បន្ទាប់ពីបាត់ខ្លួនពីផ្ទះជិត ៤ ខែ។
លោក វ៉ាន់ ដានីន អធិការស្រុកកែវសីមា ឲ្យដឹងពីម្សិលមិញថា សមត្ថកិច្ចរបស់លោកស្រាវជ្រាវស្គាល់រកឃើញថាបុរសដែលស្លាប់នោះឈ្មោះ លាង សុខឡេង អាយុ ៤៣ ឆ្នាំ ជាអ្នករស់នៅក្នុងភូមិ-ឃុំខាងលើ។
លោកថា៖ «ជនរងគ្រោះស្លាប់នោះ មិនដឹងថា ស្លាប់ដោយមូលហេតុអ្វីទេប៉ុន្តែតាមសាច់ញាតិគ្រួសារសពប្រាប់សមត្ថកិច្ចយើងថា ជនរងគ្រោះបានបាត់ខ្លួនពីផ្ទះ»។
លោករំឭកប្រាប់ថា កាលពីថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៩ មានប្រជាពលរដ្ឋម្នាក់ឈ្មោះ យល់ នឿន ជាអ្នកដកផ្សិតបានចូលទៅដកផ្សិត នៅក្នុងព្រៃនោះ ហើយបានប្រទះឃើញលលាដ៍ក្បាល និងគ្រោងឆ្អឹងមនុស្ស។ ពេលនោះគាត់បានរាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ចុងផ្លាស់ ហើយលោកបានស្នើសុំកម្លាំងជំនាញ ជួយចុះស្រាវជ្រាវ និងត្រួតពិនិត្យនៅកន្លែងកើតហេតុ។ ជនរង គ្រោះបានបាត់ពីផ្ទះកាលពីថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៩ ហើយក្រុមគ្រួសារបានព្យាយាមស្វែងរកដែរតែរកមិនឃើញ។
លោក ហ៊ូ តារា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ថ្លែងពីម្សិលមិញថា ចំពោះរឿងនេះសមត្ថកិច្ចមិនបានបើកការស៊ើបអង្កេតស្រាវជ្រាវបន្ថែមទៀតទេ ព្រោះបើផ្អែកតាមសាច់ញាតិរបស់ជនរងគ្រោះថា គាត់ជាមនុស្សមានជំងឺម្យ៉ាង ចេះតែខ្លាចមនុស្ស។ «គាត់អាច ដើរចូលក្នុងព្រៃដើម្បីគេចពីមនុស្សហើយអាចអត់អាហារស្លាប់។ ចំពោះការសង្ស័យថា អាចត្រូវគេសម្លាប់នោះគ្មានទេ»៕