ភ្នំពេញៈ ​សមត្ថ​កិច្ច​ខណ្ឌ​ពោ​ធិ៍​​សែន​ជ័យ និង​សង្គម​ស៊ីវិល​ អះអាង​ដូច​គ្នា​ថា ​នឹង​បើក​ការ​ស៊ើប​អង្កេត​ករណី​បុរស​មាន​សតិ​មិន​ល្អ​​ម្នាក់​ បាន​ស្លាប់​ដោយ​អាថ៌​កំបាំង​នៅ​មជ្ឈ​មណ្ឌល​សំចត​សង្គម​កិច្ច​រាជ​ធានី​ភ្នំ​ពេញ ​ឬ​មជ្ឈ​មណ្ឌល​ព្រៃ​ស្ពឺ​សូម្បី​តែ​ក្រុម​គ្រួសារ ​ក៏​មិន​បាន​ដឹង​ឮ​ ហើយ​ត្រូវ​បាន​បញ្ជូន​យក​ទៅ​បូជា​ភ្លាមៗ​ កាល​ពី​ថ្ងៃ​អង្គារ​ នៅ​វត្ត​ឫស្សី​សាញ់។​

​បុរស​ដែល​បាន​ស្លាប់ ​ត្រូវ​បាន​ក្រុម​គ្រួសារ​អះអាង​ថា​ មាន​ឈ្មោះ ​នួន​ រដ្ឋា​ អាយុ​ ២៧​ ឆ្នាំ​ មាន​លំ​នៅ​ភូមិ​ឫស្សី​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ​ រាជ​ធានី​ភ្នំពេញ​ បន្ទាប់​ពី​រូ​ប​គេ​ត្រូវ​បាន​ក្រុម​គ្រួសារ​សម្រេច​នាំ​ទៅ​មជ្ឈមណ្ឌល​សំចត​សង្គម​កិច្ច​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ ១ ​ឆ្នាំ​មុន​ ព្រោះ​មាន​សតិ​មិន​ល្អ ហើយ​គ្រួសារ​មិន​អាច​មើល​ថែរក្សា​បាន។​

ក្រុម​គ្រួសារ​សព​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ឲ្យ​ភ្នំពេញប៉ុស្តិ៍​ដឹង​ថា​ ពួក​ខ្លួន​មិន​បាន​ដឹង​ថា​ជនរ​ង​គ្រោះ​ធ្លាក់​ខ្លួន​ឈឺ​ជា​ទម្ងន់​តាំង​ពី​ពេល​ណា​នោះ​ទេ ​ហើយ​ក៏​មិន​ដឹង​ថា​ ជន​រង​គ្រោះ​មាន​ជំងឺ​អ្វី​ឡើយ​ តែ​នៅពេល​ទទួល​បាន​ដំណឹង​ថា ​ជន​រងគ្រោះ​បាន​ស្លាប់​ ពួក​ខ្លួន​ក៏​ប្រញាប់​ប្រញាល់​ទៅ​មើល​ជន​រង​គ្រោះ ​តែ​នៅ​ពេល​ទៅ​ដល់​ ខាង​មណ្ឌល​​បាន​បូជា​សព​ជន​រង​គ្រោះ​បាត់​ទៅ​ហើយ ​ដោយ​គ្មាន​ក្រុម​គ្រួសារ​ណាបាន​ទៅ​ទាន់​នោះ​ទេ។​

​លោក​បញ្ជាក់​ថា​៖​ ​«​ខ្ញុំ​មិន​ទាន់​ដឹងថា​ មូល​ហេតុ​អ្វី​ ពិត​ប្រាកដ​ទេ​ ដូច​ខ្ញុំ​ជម្រាប​អ៊ីចឹង​ ដោយ​សារ​ខ្ញុំ​មិន​អស់​ចិត្ត​ទៅ​លើ​បញ្ហា​ហ្នឹង?​ ហើយ​ម្យ៉ាង​ទៀត​ សូម្បី​តែ​ការ​ស្នើ​សុំ​របស់​ក្រុម​គ្រួសារ​ឲ្យ​តម្កល់​ទុក​សព​ដើម្បី​ធ្វើបុណ្យ​ បូជា​តាម​ប្រពៃ​ណី​ ក៏​មិន​បាន។​ ព្រោះ​ក្រុម​គ្រួសារ​នៅ​ឆ្ងាយ ​ដល់​ពេល​យើង​មក​មិនទាន់​ ហើយ​ក៏​បូជា​អ៊ីចឹង ​យើង​អត់​យល់​ ថា​វា​ជា​មូលហេតុ​អ្វី ហើយ​យើង​មិន​អស់ចិត្ត​ តែ​យើង​មិន​មាន​ចេត​នា ​ដាក់​បន្ទុក​អីទេ»។​

​បុរស​រូប​នោះ​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត ​និង​បង្ហាញ​ការពិត​ឲ្យ​បាន​ច្បាស់ ​ដើម្បី​ក្រុម​គ្រួសារ​បាន​អស់​ចិត្ត​ ខណៈ​លោក​រំពឹង​ថា​ នៅ​ពេល​ពិធី​បុណ្យ​សព​ចប់ ​នោះ​នឹង​មាន​ការ​បក​ស្រាយ​ច្បាស់​លាស់​ជុំវិញ​បញ្ហា​នេះ។

​លោក​ យឹម​ សារ៉ាន់​ អធិ​ការ​នគរបាល​ខ​ណ្ឌ​ពោ​ធិ៍​សែន​ជ័យ ​បាន​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​ពីថ្ងៃ​ម្សិលមិញ​ថា​ នៅ​ពេល​ទទួល​បាន​​ពាក្យ​បណ្តឹង​ពី​គ្រួសារ​សព ​ឲ្យ​ជួយ​ធ្វើការ​ស្រាវជ្រាវ​រក​មូល​ហេតុ​ នៃ​ការស្លាប់​នេះ​ ខ្លួន​ក៏បាន​បញ្ជូន​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​ចោម​ចៅ ២​ ចំនួន​ ៣ នាក់​ ចុះ​ទៅ​កាន់​មណ្ឌល​ខាង​លើ​ ដើម្បី​សួរនាំ​ព័ត៌មាន។​

លោក​បន្ត​ថា​ នៅ​ពេល​ចុះ​ទៅ​ដល់ មិន​ទទួល​បាន​ការ​សហ​ការ​ពី​ប្រធាន​មណ្ឌល​នោះទេ​ ខណៈ​ដែល​លោក​អះអាង​ថា​ រាល់​ការ​ស្លាប់​របស់​ពល​រដ្ឋ​ណា​ម្នាក់ គឺ​ត្រូវ​តែ​ឆ្លង​កាត់​ការ​ពិនិត្យ​កោស​ល្យ​​​វិ​ច័យ​ជា​មុន​សិន​ មុន​មាន​ការអនុ​ញ្ញាត​ឲ្យ​បូជា​សព​ ដែល​លោក​អះអាង​ថា សមត្ថ​កិច្ច​ នឹង​បន្ត​ស៊ើប​អង្កេត​ពី​ករណី​នេះ។​

​លោក​បញ្ជាក់​ថា​៖​ ​«​រឿង​ហ្នឹង​ យើង​អត់​ទាន់​ធ្វើការ​ស្រួល​បួលទេ​ ដោយ​សារ​ក្រុមគ្រួ​សារ​សព សុំ​ឲ្យ​បាន​ធ្វើ​បុណ្យ ​៧ ​ថ្ងៃ ស្រួល​បួលសិន​ ណា​មួយ​នៅ​ពេល​សមត្ថ​កិច្ច​យើង​ទៅ​ដល់​មណ្ឌល​នោះ​ភ្លាម​ៗ​ មាន​ប្រតិ​កម្ម​មក​វិញ​ ហើយ​និ​យាយ​ឲ្យ​ចំ ប៉ូលិស​​យើង​ក៏​អត់​បាន​ចូល​ (មណ្ឌល)​ នោះ​ដែរ​ គឺ​ឈរ​នៅតែ​ខាង​ក្រៅរ​បង​ មិន​បាន​ទាក់​ទង​ និយាយ​គ្នា​ទាំង​អស់។​ តែ​យើង​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​តាម​ជំនាញ​របស់​យើង​ ដូច​ដែល​ច្បាប់បាន​កំណត់​ឲ្យ​យើង»។​

លោក​ស្រី​ មុំ​ ចាន់​ដា​នី ​ប្រធាន​មន្ទី​រសង្គម​កិច្ច​អតីត​យុទ្ធ​ជន​ និង​យុវនី​តិ​សម្បទា​ក្រុង​ភ្នំពេញ ​និង​ជា​ប្រធាន​មណ្ឌល​ព្រៃ​ស្ពឺ បាន​បដិសេធ​ព័ត៌​មាន​ទាំង​នេះ ​ដោយ​អះអាង​ថា​ ករណី​ស្លាប់​របស់​ជន​រងគ្រោះ​ម្នាក់​នេះ​ មិន​បាន​កើត​ឡើង​នៅ​ក្នុង​មណ្ឌល​នោះ​ទេ​ ហើយ​ក៏​មិន​មែន​ជា​ជំងឺ​ឈឺ​រាុំរ៉ៃ​ដែរ ​ដោយ​ការ​ស្លាប់​នេះ ​ក្រុម​គ្រូពេទ្យ​បាន​អះអាង​ថា​ ជន​រង​គ្រោះ​គាំង​បេះដូង។​ ​

​លោក​ស្រី​បានបញ្ជាក់​ថា​៖ ​«​អាការ​ហ្នឹង​ធម្មតា​ទេ មនុស្ស​យើង​អ្នកណា​ទៅដឹង​មុន​ ខ្យល់​ចាប់​ វិល​មុខ​ អី​អ៊ីចឹង​ ហើយ​ក្រុម​គ្រួ​ពេទ្យ បាន​បញ្ជាក់​ថា ​គាត់​គាំង​បេះដូង ​តាម​ជំនាញ​ខាង​ពេទ្យ ​ចេញ​លិខិត»។​

ចំ​ណែក​ការ​អះអាង​ថា​ មណ្ឌល​មិន​បាន​សហការ​ និង​បាន​បូជា​សព​ យ៉ាង​ប្រ​ញាប់​ប្រ​ញាល់​នោះ​ លោក​ស្រី​ ក៏​បាន​បដិ​សេធ​ដែរ​ថា​៖​ ​«​យើង​អត់​មាន​ប្រ​ញាប់​បូជា​ទេ​ ដោយ​យើង​គិត​បំផុត បញ្ជូន​អ្នក​ជំងឺ​ទៅ​ព្យាបាល​ និង​ជួយ​សង្គ្រោះ​គាត់​មុន​គេ។​ ក្រោយ​ពី​គាត់​បាន​ផុត​ទៅ ​(ស្លាប់) ​យើង​បាន​រៀប​ឯកសារ​បញ្ជូន​ទៅ​ តម្កល់​នៅ​វត្ត ​ដើម្បី​រង់ចាំ​គ្រួសារ​ទេ ​ប៉ុន្តែ​ខាង​តា​អា​ចារ្យ ​គាត់​មាន​ប្រសាសន៍​ថា​ គាត់​ប្រញាប់​យក​ឡ​ហ្នឹង។ អត់​ទេៗ​ អត់​មាន​ហេតុផល​ដែល​មន្ត្រី​យើង​អ្នក​ប្រញាប់​ឲ្យ​បូជា​សព​ហ្នឹង​ទេ»។​

​លោក​ អំ ​សំអាត​ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកា​ដូ ថ្លែងថា​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​នេះ ​ដើម្បី​ស្វែង​រក​ការ​ពិត​ជូន​ជន​រងគ្រោះ។​

លោក​បញ្ជាក់​ថា​៖​ ​«​កន្លង​មក​មា​ន​រឿង​ច​ម្រូង​ចម្រាស​ជា​ច្រើន​ បញ្ហា​ស្លាប់​ហ្នឹង​ ហើយ​អង្គការ​សង្គម​ស៊ីវិល​ ធ្លាប់​អំពាវ​នាវ​​ហើយ ​ថា​បើ​មា​ន​ការ​កែប្រែ​មិន​ល្អ ​សូម​ឲ្យ​បិទ​មណ្ឌល​នេះ​តែម្តង​ទៅ​ ព្រោះ​វា​មាន​បញ្ហា​ច្រើន​កើត​ឡើង​ដដែល។​ ដូច​ករណី​ថ្មី​នេះ យើង​មើល​មនុស្ស​ស្លាប់​មួយ​ទាំង​មូល​ ហើយ​មាន​សាច់​ញាតិ​ទៀត»៕