ភ្នំពេញៈ ករណី​ឆក់​ទ្រព្យ​សម្បត្តិ​ពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​នៅ​តាម​ដង​ផ្លូវ​នៅ​​ក្នុង​រាជធានី​ភ្នំពេញ​នៅ​បន្ត​កើត​មាន​ស្ទើរ​រាល់​ថ្ងៃ​ដែល​ករណី​ខ្លះ​ធ្វើឲ្យ​ជនរងគ្រោះ​បាត់បង់​ជីវិត​ បើ​ទោះបី​ជា​មាន​ការ​បង្ក្រាប​ពី​សមត្ថកិច្ច​ក៏ដោយ។ មន្ត្រី​រដ្ឋាភិបាល និង​​​សង្គម​ស៊ីវិល​បាន​ឲ្យ​ដឹង​ថា​ការ​ធ្វើឲ្យ​ជនល្មើស​រាង​ចាល​​មិន​ទាន់​មាន​ប្រសិទ្ធភាព។

ករណី​បាត់បង់​ជីវិត​ដោយ​ការ​ឆក់​នេះ​កើតឡើង​ចុងក្រោយ​កាលពី​ព្រឹក​ថ្ងៃ​ទី​ ៣ វិច្ឆិកា​នៅ​ក្នុង​សង្កាត់​បឹងកេងកង​ ១ ដោយ​ក្រុម​ចោរ​បាន​ឆក់​កាបូប​ពី​ប្តី​ប្រពន្ធ​​ដែល​កំពុង​ជិះ​ម៉ូតូ។​ សាច់ញាតិ​ជនរងគ្រោះ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​​ថា​ប្តី​ដែល​​ស្លាប់​មាន​​ឈ្មោះ ចយ អាំង អាយុ​ ៣៤ ​ឆ្នាំ​ស្លាប់​ដោយសារ​ដួល​បោក​ក្បាល​ រីឯ​ភរិយា ឈ្មោះ សឿន ស៊ីម អាយុ​ ៣០ ​ឆ្នាំ​រួច​ពី​ការ​ស្លាប់។

អ្នក​ទាំង​ ២ បាន​ព្យាយាម​ដេញ​តាម​ក្រុម​ចោរ​ដែល​បាន​ឆក់​កាបូប​ពី​ចង្កេះ​នៅ​​សង្កាត់​បឹងកេងកង​ ១ ​ខណ្ឌ​ចំការមន។​ អ្នកស្រី​រៀបរាប់​ថា​ក្រុម​ចោរ​បាន​ឆក់​កាបូប ហើយ​ជិះ​គេច​​ខ្លួន​ ប៉ុន្តែ​ប្ដី​អ្នកស្រី​បាន​ដេញតាម។ នៅ​ខណៈ​នោះ​មាន​ជន​សង្ស័យ​ជិះ​ម៉ូតូ​ ១ ​​គ្រឿង​មក​សួរ​ ហើយ​ថា ពួកគេ​ជួយ​ដេញ​ចោរ​ ប៉ុន្តែ​រំពេច​នោះ​ជនសង្ស័យ​បាន​ជ្រែម៉ូតូ​ពី​មុខ​ម៉ូតូ​របស់​គាត់​ធ្វើឲ្យ​ប្ដី​គាត់​ដួល​បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង​តែ​ម្ដង។

លោក គល់ សុផាត នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​បឹងកេងកង​ ១ បាន​​ថ្លែង​ថា ករណី​ឆក់​កើតឡើង​នៅ​ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ប៉ុន្តែ​ជនសង្ស័យ​បាន​​រត់​គេច​មក​ក្នុង​ដែនដី​បឹងកេងកង​ ១។​ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​។

លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា ​សមត្ថកិច្ច​កំពុង​​ប្រឹងប្រែង​បន្ត​ទៀត​លើ​ការបង្ក្រាប​អំពើ​ឆក់​ប្លន់​តាម​ដង​ផ្លូវ​។

លោក ថេត ថ្លែង​ថា៖ ​«​យើង​កំពុង​មាន​វិធានការ​ក្តៅ​ហើយ​ដើម្បី​ធ្វើឲ្យ​បទល្មើស​នេះ​ថយ​ចុះ។ យើង​មាន​វិធានការ​ជាក់លាក់​ហើយ​ដើម្បី​ធ្វើការ​បង្ការ​ និង​​បង្ក្រាប​បទល្មើស​ឆក់​នេះ។ សមត្ថកិច្ច​យើង​មិន​អាច​ដាក់​គ្រប់​កន្លែង​កន្លុក​កន្លៀត​បាន​ទេ​ ព្រោះ​យើង​មាន​ចំនួន​កំណត់។​ យើង​ត្រូវ​មាន​ការ​ចូលរួម​ទាំង​អស់​គ្នា​ បើ​ពឹង​តែ​លើ​សមត្ថកិច្ច​ហើយ​ខ្លួនឯង​មិន​មាន​ការ​ប្រុងប្រយ័ត្ន​ ហើយ​ធ្វេស​ប្រហែស​ពេល​បាត់​បង់​ទៅ​ហើយ​ឆ្លើយ​តែ​លើ​សមត្ថកិច្ច​មួយ​ផ្នែក​ក៏​វា​មិន​ត្រឹមត្រូវ​ដែរ»។

លោក ស ថេត បាន​ឲ្យ​ដឹង​ថា​ករណី​ឆក់​​មាន​ទាំង​មុខ​សញ្ញា​ចាស់​ដែល​បង្ក្រាប​មិន​ទាន់​បាន និង​មុខសញ្ញា​ដែល​ចេញ​ពី​ពន្ធនាគារ​ដែល​មាន​ចំនួន​ច្រើន​ក្នុង​ចំណោម​អ្នក​ដែល​​បាន​អនុវត្ត​ទោស​រួច​ដែល​មួយ​ខែ​ៗ​មាន​ចង់​ ១០០ ​នាក់​​ចេញ​ពី​ពន្ធនាគារ​ហើយ​មាន​មុខ​សញ្ញា​ឆក់​ភាគច្រើន​ដែល​សមត្ថកិច្ច​ចាប់ពី​មុន​មក ហើយ​ឥឡូវ​វា​អាច​ផុត​ទោស​។ ​វា​ចេញ​មក​បែប​នេះ​មាន​ច្រើន​គួរសម​។ ក្នុង​រយៈពេល​ប្រមាណ​ជា​ ២ ​ខែ​សមត្ថកិច្ច​បង្ក្រាប​បាន​ករណី​ឆក់​ ២ ​ឬ​ ៣ ​ករណី​ក្នុង​ ១ ​ថ្ងៃ ស្មើ​ប្រហែល​ ៩០ ភាគរយ​នៃ​ករណី​ឆក់។

លោក ផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល​ថ្លែង​ថា​នៅ​ប្រទេស​ផ្សេង​ក៏​មាន​ស្ថានភាព​បែប​នេះ តែ​ការ​ឆក់​នេះ​ដោយសារ​តែ​វិធានការ​ទប់ស្កាត់​​មិន​ទាន់​មាន​ប្រសិទ្ធភាព​។

លោក​ថ្លែង​ថា៖ ​«យើង​គ្រាន់​តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ចាប់​ ប៉ុន្តែ​​តើ​ធ្វើឲ្យ​មនុស្ស​ចាកចេញ​ពី​ការ​ឆក់​អី​ហ្នឹង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច?។ ​ពលរដ្ឋ​ត្រូវ​​តែ​ដឹង​ខ្លួនឯង​ថា​មាន​ចោរ​ ហើយ​ត្រូវ​​ប្រុងប្រយ័ត្ន​កុំ​ផ្ដល់​ឱកាស​ឲ្យ​ក្រុម​​ចោរទាំង​នោះ»។

លោក​អះអាង​ថា​ច្បាប់​មិន​បាន​ចែង​គ្រប់​ជ្រុង​ជ្រោយ​ពាក់ព័ន្ធ​នឹង​ការផ្តន្ទាទោស​អ្នក​ប្រព្រឹត្ត​ឃើញ​ថា​ ការប្រឹងប្រែង​របស់​អាជ្ញាធរ​បាន​ប្រឹងប្រែង​​ចាប់​បាន ​ប៉ុន្តែ​នៅ​ពេល​ច្បាប់​ចែង​មិន​បាន​គ្រប់​ជ្រុងជ្រោយ​វា​ធ្វើឲ្យ​ទម្ងន់​នៃ​ការ​ដាក់​ទោស​វា​ហាក់​ដូច​ជា​ស្រាល​ដែល​មិន​ធ្វើឲ្យ​អ្នក​ប្រព្រឹត្ត​អំពើ​ហ្នឹង​ខ្លាច​រាង​ចាល។ ​ដូច្នេះ​​ច្បាប់​ត្រូវ​តែ​ពង្រឹង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ពង្រឹង​ការ​ដាក់​ទណ្ឌកម្ម​ឲ្យ​មនុស្ស​ហ្នឹង​ខ្លាច​រអា។

លោក ស៊ឹង សែនករុណា មន្ត្រី​អង្គការ​សមាគម​អាដហុក​ថ្លែង​ថា​​ករណី​ឆក់​នេះ ដែល​រួម​មាន​ការ​ធ្លាក់ចុះ​សីលធម៌​សង្គម ​ភាព​អត់​ការងារ​ធ្វើ គ្រឿងញៀន គ្រឿង​ស្រវឹង ​និង​ក្នុង​ដំណាក់កាល​អនុវត្ត​ច្បាប់​ជាដើម​នៅ​មាន​ភាព​ធូររលុង។ ហើយ​ការ​អប់រំ​នៅ​ពន្ធនាគារ​ចំពោះ​​អ្នក​ប្រព្រឹត្ត​អំពើ​ឆក់​នេះ​មិន​ទាន់​មាន​ប្រសិទ្ធភាព​ដែល​ធ្វើឲ្យ​មនុស្ស​កែប្រែ​ខ្លួន​នៅ​ឡើយ។

លោក ករុណា ថ្លែង​ថា៖ ​«​អត់​បាន​រៀន​សូត្រ ហើយ​ចេញ​មក​អត់​អាច​ធ្វើ​អ្វី​បាន។ អ៊ីចឹង​គាត់​ចេញ​មក​មុខរបរ​គាត់​ដែល​ចេះ​តែ​ប្លន់​គេ​បាន​លួច​គេ​បាន​ គាត់​បន្ត​ទៀត​ទៅ។​ យើង​​ឃើញ​មាន​ការ​អនុវត្ត​ច្បាប់​មាន​ភាពមិន​ស៊ី​ចង្វាក់​គ្នា​រវាង​សមត្ថកិច្ច​ និង​តុលាការ​មាន​មួយ​ចំនួន​នោះ​ឃើញ​ថា​មាន​ការ​ប្រឹងប្រែង​ពី​មន្ត្រី​នគរបាល​យុត្តិធម៌​ ខំប្រឹង​ចាប់ ប៉ុន្តែ​ខាង​ស្ថាប័ន​តុលាការ​ ខាង​អយ្យការ​គាត់​ពិនិត្យ​ភ័ស្តុតាង​ចុះ​ឡើង​អ៊ីចឹង​ទៅ​ក៏​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​អ៊ីចឹង​ទៅ។ ​អ៊ីចឹង​យើង​ឃើញ​មាន​ភាព​ប្រដំ​ប្រសង​គ្នា​ក្នុង​រឿង​ហ្នឹង»៕