ភ្នំពេញៈ ផលិតផលប៊ីចេងក្លែងក្លាយជាង ៤ តោន ដែលមានមនុស្សចំនួន ៣ នាក់ ពាក់ព័ន្ធត្រូវបានសមត្ថកិច្ចរឹបអូស និងឃាត់ខ្លួន ហើយជនសង្ស័យទាំង ៣ នាក់ កំពុងត្រូវបានសមត្ថកិច្ចសាកសួរចម្លើយពីម្សិលមិញនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយពីចុះប្រតិបត្តិការបង្ក្រាបកាលពីថ្ងៃទី ១០ ខែធ្នូ នៅសង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ។
លោក ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃដែលបានដឹកនាំកម្លាំងចុះប្រតិបត្ដិការបង្ក្រាបទីតាំងស្ដុកទុក និងចែកចាយផលិតផលក្លែងក្លាយនេះកាលពីថ្ងៃទី ១០ ខែធ្នូ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា ក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីម្ចាស់អាជីវកម្មអំពីជនសង្ស័យកំពុងចរាចរលក់ផលិតផលក្លែងក្លាយ សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យតែម្ដង។
លោកថ្លែងថា៖ «ក្រុមប្រតិបត្ដិការរបស់យើងបានធ្វើការស្រាវជ្រាវជាប្រចាំចំពោះករណីផលិតផលក្លែងក្លាយនេះ ដោយស្រាវជ្រាវជាសម្ងាត់ហើយយើង ពិនិត្យឃើញថា ផលិតផលប៊ីចេងនេះមានហានិភ័យខ្ពស់ និង ពិតជាផលិតផលក្លែងក្លាយមែន។ យើងបានទំនាក់ទំនងទៅក្រុមហ៊ុនលក់ប៊ីចេងប្រភេទនេះ គេក៏បានបញ្ជាក់ថា ពិតជាផលិតផលក្លែងក្លាយពិតមែនទើបយើងចុះទៅបង្ក្រាបតាមពាក្យបណ្ដឹងរបស់ម្ចាស់ក្រុមហ៊ុនតែម្ដង»។
លោក យុទ្ធា បានបញ្ជាក់ថា ផលិតផលប៊ីចេងក្លែងក្លាយនេះគឺជាប្រភេទផលិតផលប៊ីចឹង សញ្ញាខ្ទះទ្រវែក និងសញ្ញារូបវែក។ ក្រោយការឆែកឆេរក្នុងឃ្លាំងស្ដុកប៊ីចេងនេះក្នុងផ្ទះល្វែងនៅតាមបណ្តោយផ្លូវបេតុង ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រកឃើញផលិតផលប៊ីចេងក្លែងក្លាយជាង ៤ តោន។
លោកឲ្យដឹងថា ក្រោយពីការបង្ក្រាបសមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ឃ្លាំងស្ដុកម្នាក់ ឈ្មោះ អ៊ីវ សារិន ភេទប្រុស អាយុ ៤០ ឆ្នាំ ជាជនជាតិខ្មែរ និងបុគ្គលិកចំនួន ២ នាក់ផ្សេងទៀតក្នុងនោះមានម្នាក់ជាតៃកុងឡាន ដើម្បីយកមកសាកសួរបន្ដនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោក ទូច យុទ្ធា បានបញ្ជាក់ថា៖ «ឃ្លាំងស្ដុកផលិតផលប៊ីចេងក្លែងក្លាយនេះ គឺមិនមានច្បាប់អនុញ្ញាតទេ គឺយកសម្បកថង់ផលិតផលរបស់គេមកច្រកតែម្ដង។ ករណីនេះទី ១ គឺជាផលិតផលក្លែងក្លាយ និងទី ២ គឺរំលោភលើយីហោផលិតផលអ្នកផ្សេង។ ឥឡូវយើងបានឃុំខ្លួនជនសង្ស័យ បណ្ដោះអាសន្ន និងកំពុងបន្ដនីតិវិធីសាកសួរជនសង្ស័យទាំង ៣ នាក់»។
លោកបន្ដថា ម្ចាស់ឃ្លាំងស្ដុកមិនទាន់ប្រាប់ថាផលិតផលប៊ីចេង នេះនាំចូលមកពីណានៅឡើយទេ គ្រាន់តែប្រាប់ថា ទៅទិញពីផ្សារមកលក់បន្តប៉ុណ្ណោះ៕