ភ្នំពេញៈ សាលា​រាជធានី​ភ្នំពេញ​ប្រកាស​ដាក់​ឲ្យ​ដេញថ្លៃ​លើ​ការផ្ដល់​សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង​នៅ​រាជធានី​ភ្នំពេញ​ដែល​នឹង​ចាប់ផ្តើម​ទទួល​ពាក្យ​ពី​ពេលនេះ​រហូត​ដល់​ថ្ងៃទី​ ៣១ ខែមីនា ដោយ​ក្រុមហ៊ុន​ចូលរួម​ការដេញ​ថ្លៃ​ទាំងអស់​ត្រូវ​ឆ្លងកាត់​ ២ ​ដំណាក់កាល​ទើប​ទទួល​បាន​សិទ្ធិ​ផ្លូវការ​។

លិខិត​ផ្សព្វផ្សាយ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃទី​ ២៥ ​កុម្ភៈ​ឲ្យ​ដឹងថា រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​ស្វែងរក​ក្រុមហ៊ុន​ដែលមាន​សមត្ថភាព បទពិសោធ និង​ហិរញ្ញវត្ថុ​គ្រប់គ្រាន់ ដើម្បី​ផ្តល់​សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម និង​សំណល់​រឹង​នៅ​រាជធានី​ភ្នំពេញ​ក្រោម​កិច្ចដំណើរការ និង​នីតិវិធី​លទ្ធកម្ម​តាម​លក្ខណៈ​ស្តង់ដា​អន្តរជាតិ​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បន្ត​ថា​ក្នុង​ដំណើរការ​លទ្ធកម្ម​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ជា​ ២ ​ដំណាក់កាល​ផ្សេងគ្នា​ក្នុង​នោះ​ក្រុមហ៊ុន​ដែល​ទទួលបាន​ការជ្រើសរើស​ក្នុង​ដំណាក់កាល​ទី​ ១ នឹងមាន​សិទ្ធិ​ចូលរួម​ដេញថ្លៃ​បន្ដ​ក្នុង​ដំណាក់កាល​ទី​ ២ ដែល​ជា​ដំណាក់កាល​លទ្ធកម្ម​។ ទោះ​យ៉ាងណា​លិខិត​ប្រកាស​នោះ​មិន​បាន​បញ្ជាក់​លម្អិត​អំពី​នីតិវិធី​នៃ​ការឆ្លងកាត់​ក្នុង​ដំណាក់កាល​នីមួយៗ​ក្នុង​ការចូលរួម​ដេញថ្លៃ​នោះទេ​។

លិខិត​បញ្ជាក់ថា​៖ «​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ចែកចេញ​ជា​ ៣ ​តំបន់​សម្រាប់​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​ជ្រើសរើស​ក្នុង​ការផ្ដល់​សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង​ទៅតាម​តំបន់​នីមួយៗ​។ លិខិត​អញ្ជើញ​នៃ​ការដាក់​ពាក្យ​ស្នើសុំ​ដេញថ្លៃ​ត្រូវ​ប្រកាស​ជា​សាធារណៈ​ដល់​ក្រុមហ៊ុន​ក្នុងស្រុក ក្រុមហ៊ុន​អន្តរជាតិ និង​ក្រុមហ៊ុន​បណ្តាក់ទុន​រួមគ្នា​ទាំងអស់​»​។

សាលា​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ដែរ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​សន្និសីទ​កាសែត​ស្តីពី​ដំណើរការ និង​នីតិវិធី​នៃ​ការចូលរួម​ដេញថ្លៃ​ដំបូង​ក្នុង​ដំណាក់កាល​ទី​ ១ នៅ​ថ្ងៃទី​ ១២-១៣ ខែមីនា​។ រាល់​ភាពយឺតយ៉ាវ​ក្នុង​ការដាក់​ឯកសារ​ស្នើសុំ​ដេញថ្លៃ​សិទ្ធិ​ប្រមូល​សំរាម​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​ទទួល​ខុសត្រូវ​នោះទេ​។

កាលពី​ថ្ងៃទី​ ២២ តុលា​ឆ្នាំមុន​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រកាស​ដកសិទ្ធិ​ប្រមូល​សំរាម​ពី​ក្រុមហ៊ុន​ស៊ិនទ្រី​ដែល​ជា​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិ​ផ្តាច់មុខ​មកឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្វើការ​គ្រប់គ្រង​បណ្តោះអាសន្ន​មុន​នឹង​រក​ក្រុមហ៊ុន​ថ្មី​មក​ជំនួស​បាន ក្រោម​ហេតុផល​ថា​ក្រុមហ៊ុន​ស៊ិនទ្រី​មិនមាន​សមត្ថភាព​បន្ត​ក្នុង​ការប្រមូល​សំរាម​។

លោក​ នួន សំណាវុធ អភិបាល​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម សំណល់​រឹង​រាជធានី​ភ្នំពេញ​ពី​ម្សិលមិញ សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទេ​លើ​ករណីនេះ ដោយ​អះអាង​ថា លោក​ជាប់​រវល់​ប្រជុំ​។

លោក​ ម៉េត មាសភក្តី អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា នៅ​ដើមខែ​មីនា​ក្រុមការងារ​នឹង​មាន​សន្និសីទកាសែត​ពាក់ព័ន្ធ​នឹង​ការងារ​ដេញថ្លៃ និង​ការងារ​ផ្សេងៗ​ទៀត ដូច្នេះ​ព័ត៌មាន​លម្អិត​នឹង​ធ្វើការ​បកស្រាយ​បន្ថែម​ក្នុងពេល​នោះ​តែម្តង ដោយ​មាន​ការឆ្លើយឆ្លង​ជា​សំណួរ​ផ្សេងៗ​។

លោក​ថា​៖ «​ឥឡូវនេះ​យើង​គ្រាន់តែ​ស្នើសុំ​ឲ្យ​បងប្អូន​អ្នក​សារព័ត៌មាន​ជួយ​ផ្សព្វផ្សាយ​អំពី​ព័ត៌មាន​នៃ​ការចាប់ផ្តើម​ដាក់​ឲ្យ​មាន​ការដេញថ្លៃ​ទទួល​ពាក្យ​សម្រាប់​បំពេញ​ក្នុង​ការចូលរួម​ដេញថ្លៃ​ការប្រមូល​សំរាម​ទាំង​ ៣ ​តំបន់​ក្នុង​រាជធានី​ភ្នំពេញ​យើង​សិន​»​។

លោក​ សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ថ្លែង​ថា ការបែងចែក​ជា​ប៉ុន្មាន​តំបន់​នោះ​មិនមែន​ជា​បញ្ហា​នោះទេ ប៉ុន្តែ​រឿង​ដែល​សំខាន់​កន្លងមក​គឺ​មានតែ​ក្រុមហ៊ុន​ ១ ​មិនអាច​ធ្វើការ​ទៅដល់​គ្រប់​តំបន់​ទេ ពិសេស​តំបន់​ជាយក្រុង​មួយចំនួន​ពិបាក​ក្នុង​ការប្រមូល​សំរាម​។

លោក​បន្ថែមថា​៖ «​នេះ​ជា​យុទ្ធសាស្ត្រ​ថ្មី ដែល​រាជធានី​ភ្នំពេញ​មាន​ការពង្រីក​ភូមិសាស្ត្រ​របស់ខ្លួន​។ អ៊ីចឹង​ការដេញថ្លៃ​ប្រកួតប្រជែង ដើម្បី​ឲ្យ​ផ្តល់​សេវា​បាន​គ្រប់គ្រាន់​គឺជា​រឿង​មួយ ដែល​ក្រុមហ៊ុន​ត្រូវតែ​មាន​ការប្រកួតប្រជែង​គ្នា​។ ម្យ៉ាងវិញ​ទៀត​វា​ក៏​ជា​ទម្រង់​មួយ​ដែល​គួរតែ​កើតមាន​។ លែង​ឲ្យ​មាន​ប្រភព​តែមួយ ហើយ​បើ​មាន​ក្រុមហ៊ុន​ច្រើន​ការបែងចែក តំបន់​គ្នា​ក៏ត្រូវ​ពិនិត្យ​ឲ្យ​បាន​ច្បាស់​ដែរ​»​។

សំរាម​ដែល​បាន​បង្កើតឡើង​នៅ​កម្ពុជា​ក្នុង​ ១ ​ថ្ងៃៗ​មាន​ជាង​​ ១ ​ម៉ឺន​តោន​សរុប​គឺ​ស្មើនឹង​ជិត​ ៤ ​លាន​តោន​ក្នុង​ ១ ​ឆ្នាំ​។ សំរាម​ទាំងនោះ​មាន​ ៦៥ ​ភាគរយ​ជា​សំណល់ សរីរាង្គ ២០ ​ភាគរយ​ជា​សំណល់​ថង់​ប្លាស្ទិក និង​នៅ​សេសសល់​គឺជា​សំណល់​រឹង និង​សំណល់​ផ្សេងទៀត​។ សម្រាប់​ភ្នំពេញ​សំរាម​ត្រូវបាន​បង្កើតឡើង​ប្រមាណ​ ៣ ​ពាន់​តោន​ក្នុង​ ១ ​ថ្ងៃៗ​។ នេះ​បើតាម​របាយការណ៍​របស់​ក្រសួង​បរិស្ថាន ផ្សព្វផ្សាយ​កាលពី​ចុង​ឆ្នាំ​មុន​៕

វីដេអូ៖