តាកែវៈប្រជាពលរដ្ឋ​រស់នៅ​តាមបណ្តោយ​ផ្លូវ​លេខ ១២៩ ​ហៅប្រឡាយ ០១ ​នៅស្រុកទ្រាំង​ ខេត្តតាកែវ ​ប្រមាណ​ជាង ៣០០ នាក់ ពីម្សិលមិញ​បានប្រមូលផ្តុំ​គ្នា​ធ្វើបាតុកម្ម​បិទផ្លូវ​ ដោយដុត​កង់ឡាន​លើផ្លូវ​ក្នុងភូមិ​មួយកន្លែង​ ដើម្បី​ជំរុញ​ឲ្យអាជ្ញាធរ​ជួយកសាង​ផ្លូវនេះ ​ដោយសារ​មានលក្ខណៈ​ ខូចខាត​លំបាកខ្លាំង ​ហើយមានជង្ហុក​ និងបង្កឲ្យ​មានធូលី​ហុយខ្លាំង​នៅពេល​មានរថយន្ត​បើកបរ​ម្តងៗ​។

លោក ​តឿ​ នន ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ត្រពាំង​ព្រៃ ​ឃុំ​អង្គខ្នុរ ​បាន​លើកឡើងថា​ ប្រជាពលរដ្ឋ​បង្ខំចិត្ត​លើកគ្នា​មក​តវ៉ា​នេះ ដោយសារ​ផ្លូវ​មួយ​ខ្សែ​ប្រវែង​ជិត ២០ គីឡូម៉ែត្រ ​ឆ្លងកាត់​ឃុំ​ចំនួន​ពីរ​គឺ​ ឃុំ​ដូង​ខ្ពស់​ ស្រុក​បុរី​ជលសារ ​និង​ឃុំ​អង្គ​ខ្នុរ ​ស្ថិតនៅ​ក្នុងស្រុក​ទ្រាំង​ខេត្តតាកែវ​ រង​ការ​ខូច​ខាត​ស្ទើ​តែ​ទាំងស្រុង ​ដោយមាន​ជង្ហុកធំៗ​ ពេល​រដូវស្សា​មានទឹក​ដក់​លើផ្លូវ ​ពេល​រដូវប្រាំង​មាន​ធូលី​ដី​ហុយ​ស្ទើរ​តែ​ដកដង្ហើម​មិន​ចេញ។

លោក​បន្តថា​ ផ្លូវ​មួយ​ខ្សែ​នេះ​ បើ​គិត​ចាប់តាំងពី​ឆ្នាំ ១៩៧៩​ រហូតមកដល់​ឆ្នាំ ២០១៨នេះ​ អាជ្ញាធរ​គ្រាន់តែ​យក​ដី​បន្ដិច​បន្ដូច​មក​ប៉ះ និង​ចាក់​ចូល​កន្លែង​ជង្ហុកធំៗ​តែប៉ុណ្ណោះ​ ប៉ុន្ដែ​មិនបាន​ចាក់ដី​ឲ្យ​បាន​គ្រប់គ្រាន់​នោះទេ​។ ពេល​រថយន្ត​បើកបរម្ដងៗ ​ហុយធូលី​មកលើ​ផ្ទះ​ប្រជា​ពល-​រដ្ឋ​​​ដែល​នៅក្បែរៗ​នោះ​ជា​រៀងរាល់ថ្ងៃ​។

លោក​បញ្ជាក់ថា​៖«ផ្លូវ​ហ្នឹង​តាំងតែ​ពី​ជំនាន់​ដូនតា​ខ្ញុំ​ឯណោះ ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​វេទនា​ជិត ៣០ឆ្នាំ​ហើយ​ ប៉ុន្ដែ​អាជ្ញាធរ​បាន​សន្យា​ធ្វើ​វា​តែ​នៅពេល​ជិត​បោះឆ្នោត​។ ពេល​ជិត​បោះឆ្នោត​​ចឹង​ គេ​យក​ដី​មួយ​ឡាន​មកចាក់​នេះ​បន្ដិច​ ចាក់​នោះ​បន្ដិច​ហើយ​ដល់ពេល​ឡាន​ធំៗ​បើក​មក​មាន​ជង្ហុក​ដដែល ​ភ្លៀង​មក​ទឹក​លិច ​បើក​ថ្ងៃ ​មក​ដី​ហុយ ​ហើយ​ក្មេងៗមាន​

ជំងឺ​ផ្លូវដង្ហើម​ស្ទើ​រតែ​គ្រប់គ្នា​»។

លោក​ ង៉ែត ​សៀវ ​ពលរដ្ឋ​ម្នាក់ទៀត​បាន​ឲ្យ​ដឹងផង​ដែរ​ថា រាល់​ពេលដែល​រថយន្ត​ធន់​ធំ​បើក​មកម្ដងៗ​អ្នកដំណើរ​ផ្សេងទៀត​ស្ទើរ​តែ​រក​ផ្លូវ​មិនឃើញ ​ព្រោះ​ផ្លូវ​ហុយ​ងងឹត​មេឃ​ដោយ​សារ​ធូលី​ដី។ លោក​ថា​៖«មិន​ត្រឹមតែ​ក្មេងៗមាន​ជំងឺ​ទេ ​តែចាស់ៗ​ក៏មាន​ជំងឺ​ដោយសារ​ផ្លូវ​នេះដែរ ​ពួក​ខ្ញុំ​សូម​ឲ្យ​សម្ដេច ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​កសាង​ផ្លូវ​មួយ​ខ្សែរនេះ​ផង ព្រោះ​អាជ្ញាធរ​នៅ​មូលដ្ឋាន​បានតែ​សន្យា​មុនពេល​បោះឆ្នោត​តែប៉ុណ្ណោះ​ ហើយ​នៅពេល​ជាប់ឆ្នោត ​លែង​រវល់​នឹង​ពាក្យសន្យា​នេះហើយ​»។

លោក ថាន​ ផល ​អធិការ​នគរបាល​ស្រុក​ទ្រាំង​បាន​ថ្លែងថា ​លោក​បាន​ចុះទៅ​សម្រប​សម្រួល ​និង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​រួចហើយ​កាល​ពិ​ម្សិលមិញ ​ដោយសារ​ផ្លូវ​នៅក្នុង​ភូមិ​របស់​ពួកគាត់​នោះ​ មាន​ធូលី​ហុយ​ខ្លាំងពេក​នៅពេល​ដែលមាន​រថយន្ត​បើកបរ​ម្ដង​។ ផ្លូវ​មួយ​ខ្សែ​នេះ​ ​មាន​ភាព​មមារញឹក​ខ្លាំង​ ព្រោះ​ប្រជាពលរដ្ឋ​តែងតែ​ដឹក​កសិផល​របស់ខ្លួន​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ ហើយ​បើកបរ​ទាំងយប់​ទាំង​ថ្ងៃ។

លោក​ថា​៖«ខ្ញុំ​ក៏​ទទួលស្គាល់​ដែរ​ថា​ ផ្លូវ​ហ្នឹង​វា​ហុយ ​ប៉ុន្ដែ​ខ្ញុំ​ប្រាប់​ពួកគាត់​ហើយ ​គេ​កំពុង​សិក្សា​គម្រោង​ក្រាល​កៅស៊ូ ​ហើយ​ត្រូវ​ចាក់ដី​បន្ថែម​ ចឹង​សុំ​ឲ្យ​ពួកគាត់​ទ្រាំ​បន្ដិចទៀត​។ ពួកគាត់​មិន​ចង់បាន​អ្វី​ច្រើន​ទេ ​គឺ​សុំ​ឲ្យ​ផ្លូវ​ហ្នឹង​កុំ​ឲ្យ​ហុយ​ខ្លាំងពេក ​ហើយ​ខ្ញុំ​ក៏​សន្យា​ជាមួយ​ពួកគាត់​ដែរ​ថា ​នឹង​ជួយ​បាញ់​ទឹក​លើផ្លូវ​នេះ ​មួយថ្ងៃ​ពីរដង ​និង​ធ្វើ​យ៉ាណា​មិន​ឲ្យ​ហុយ​

លើ​ពលរដ្ឋ​យើង​ទៀត​ទេ»។

លោក ​ឈួន ​ផាន់​នី ​អភិបាលស្រុក​ទ្រាំង ​និង​លោក ណុប​ នី ​ប្រធាន​មន្ទីរ​សា​ធា​រណៈការ​ និង​ដឹកជញ្ជូន​ខេត្តតាកែវ ​កាលពី​ម្សិលមិញ​មិនទាន់​អាចទាក់ទង​បានទេ ​ប៉ុន្ដែភ្លាមៗនោះ ​លោក​ទាំងពីរ​បាន​ចុះទៅ​អប់រំ​ណែនាំ និង​ធ្វើការ​សម្របសម្រួល​ជាមួយនឹង​ប្រជាពលរដ្ឋ ភ្លាមៗ​ផងដែរ ​ប៉ុន្តែ​អ្វីដែល​អាជ្ញាធរ​ចុះមក​ដោះស្រាយ​នៅពេលនេះ​ គឺ​គ្រាន់តែ​ឲ្យ​រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​ស្នងការ​នគរបាល​ខេត្ត តាកែវ​បាញ់​ទឹក​តាម​បណ្តោយ​ផ្លូវ​ប្រឡាយ ០១ នេះ​ កុំ​ឲ្យ​ហុយ​បានតែ​មួយគ្រា​ប៉ុណ្ណោះ ​ខណៈដែល​ការចង់បាន​របស់​ប្រជាពលរដ្ឋ​នៅ​ទី នោះ​ចង់បាន​ផ្លូវ​មួយ​នេះ ជា​ផ្លូវ​ចាក់​ក្រាល​កៅស៊ូ៕