មណ្ឌលគិរីៈ សហ​គមន៍​ការ​ពារ​ព្រៃ​ឈើ​នៅ​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្ត​មណ្ឌល​គិរី​ កាល​ពី​ម្សិល​មិញ​បាន​នាំ​គ្នា​ដាក់​ពាក្យ​ប្ដឹង​បុគ្គល ឈ្មោះ ​សារឿន ម៉ាប់ អតីត​មន្ត្រី​យោធា​ ទៅ​អធិ​ការនគរបាលស្រុក​ពេ​ជ្រា​ដា​ ពីបទ​គំរាម​កំហែង​អាយុ​ជីវិ​ត និងថា​បុគ្គល​រូប​នេះ ​អាង​ខ្លួន​មាន​លុយ​និង​មាន​ពូ​ជា​អភិ​បាល​ស្រុក​បាន​បើក​សិប្បកម្ម​អារឈើ​ខុស​ច្បាប់​ក្នុង​ព្រៃ​សហគមន៍។

លោក ​គ្រើន តុលា តំណាង​សហគ​មន៍​នៅ​ឃុំ​ប៊ូ​ស្រា​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិល​មិញ​ថា ​ការ​ដាក់​ពាក្យ​បណ្ដឹងជា​លាយលក្ខណ៍​អក្សរ​ទៅ​អធិ​ការ​ស្រុក​នេះ បន្ទាប់​ពី​លោក​ សា​រឿន​ ម៉ាប់ ​មិន​បាន​មកដោះ​ស្រាយ​ក្រៅ​ផ្លូវ​តុលា​ការ​ចំពោះ​ពាក្យ​គំរាម​សម្លាប់​ដែល​ខាង​សហ​គមន៍​បាន​ទុក​ពេល​ឱ្យ​គាត់​ចាប់​ពី​ថ្ងៃទី​ ១៦​ មិថុនា ​ដល់​ថ្ងៃទី​ ២៤​ មិថុនា។

លោក​ថា៖ ​«ដោយ​សារ​យើង​គឺជា​ពលរដ្ឋ​ដូច​គ្នា បង​ប្អូន (ជន​ជាតិ​ដើម) តែ​មួយ ​យើង​ចង់​ឱ្យ​គាត់​ដោះ​ស្រាយ​ក្រៅ​ប្រព័ន្ធ​តុលា​ការ​ ប៉ុន្តែ​គាត់​មិន​ព្រម​ គាត់​ថា​គាត់​មាន​លុយ​ គាត់​មាន​ស្គាល់​គេ​ច្រើន​ ​អ៊ីចឹង​គាត់​ថា អត់​ខ្វល់​អស់​លុយ​ប៉ុន្មាន​អស់​ទៅ»។

ដោយ​ឡែក​ក្នុង​ពាក្យ​បណ្ដឹង​របស់​តំណាង​សហ​គមន៍​ទាំង​ ៧​ ភូមិ​នៅ​ឃុំ​ប៊ូ​ស្រា​ បាន​បញ្ជាក់​ថា សុំ​ប្ដឹង​ លោក ​សារឿន​ ម៉ាប់​ អាយុ​ប្រហែល​ ៤០​ ឆ្នាំ រស់​នៅក្នុ​ង​ភូមិ​ពូ​ទឹ​ត ឃុំ​ប៊ូ​ស្រា​ ពី​បទ​គំរាម​សម្លាប់​ប្រជា​សហ​គមន៍​​ ៣ នាក់​ រួមមាន​ ឈ្មោះ ​គ្រើ​ន តុ​លា ឈ្មោះ ​ស្រើ​ក សើ​ញ​ និង​ឈ្មោះ​ ស្រាំង ​សឿន និង​ពីបទ​បើក​អាជីវ​កម្ម​អារ​ឈើ​ចាប់​ពីខែ​ កុម្ភៈ ​ឆ្នាំ ២០១៩ ​រហូត​បន្ត​ដល់​បច្ចុប្បន្ន។

ក្នុង​ពាក្យ​បណ្ដឹង​ដដែល​បន្ត​ថា​ ការ​គំរាម​នេះ​បា​នកើត​ឡើង​បន្ទាប់​ពីប្រជា​សហ​គមន៍​បាន​ចុះ​ល្បាត​ព្រៃ​កាល​ពី​ថ្ងៃ​ទី​ ១៥​ មិថុនា​ និង​បាន​ថត​ទីតាំង​សិប្ប​កម្ម​អារ​ឈើ​ ៤ ​កន្លែង ​របស់​លោក​ សារឿន ម៉ាប់ ​ដែល​បាន​ជួល​ជនជាតិ​វៀត​ណាម​ប្រហែល ​១០ ​នាក់​ ឱ្យ​ប្រចាំ​ការអារ​ និង​ដឹក​ជញ្ជូន​ឈើ​ចេញ​​ព្រៃ​ទៅ​​លក់​នៅ​ប្រទេស​ វៀតណាម​ ជា​រៀលរាល់​ថ្ងៃ។

លោក​ គ្រើន​ តុលា​ បញ្ជាក់​ថា​ក្នុង​បណ្ដឹង​នេះ គឺ​ទាម​ទារ​ប្រាក់​សង​ជំងឺចិត្ត​ ៤ លាន​រៀល​ សុំ​ឱ្យ​ផ្ដន្ទា​ទោស​តាម​ច្បាប់​នៃ​ប្រទេស​កម្ពុជា និង​សុំ​ឱ្យ​អាជ្ញា​ធរ​ចុះ​បិទ​ទី​តាំង​បើក​កន្លែង​អារ​ឈើ​ខុស​ច្បាប់​ទាំង​ ៤ ​ទីតាំង​វិញ។

លោក​ ម៉ែន​ ម៉ា​នី អធិ​ការ​រង​ស្រុក​ពេ​ជ្រា​ដា​ បាន​អះ​អាង​ថា​ខាង​លោក​ទទួល​បាន​ពាក្យ​បណ្ដឹង​នោះ​ហើយ​ រីឯ​ចំណាត់​ការ​បន្ត​ នឹង​កោះ​ហៅ​ភាគី​ទាំង​ ២​ មក​បំភ្លឺ​ប៉ុន្តែ​លោក​មិន​ទាន់​បាន​កំណត់​ពេល​ជាក់​លាក់​នៅ​ឡើយ​​ទេ។

ទោះ​ជា​យ៉ាងណាលោក​ថា​ អាជ្ញាធរ​រក​មិន​ឃើញ​ថា លោ​ក សារឿន ម៉ាប់ បើ​ក​​សិប្ប​កម្ម​អារ​ឈើ​ខុស​ច្បាប់​ក្នុង​ព្រៃ​សហ​គមន៍​ទេ បន្ទាប់​ពី​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​បាន​ចុះទៅ​មើល​ដល់ទី​តាំង​កាល​ពី​ថ្ងៃទី​ ២៤ មិថុនា។

លោក​ថា៖ «វា​មិន​ដូច​ក្រុមសហគមន៍​លើកឡើង​ទេ បើតាម​ខ្ញុំ​សួរ​ចុង​បណ្ដឹង (សារឿន ម៉ាប់) គឺ​គាត់​សុំ​អនុញ្ញាត​ពី​ភូមិ​ឃុំ​អារឈើ​ធ្វើ​ផ្ទះ អាហ្នឹង​មាន»។

លោក អ៊ុំ វណ្ណ​សុភ័គ ប្រធាន​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌល​គិ​រី​បាន​ថ្លែងថា លោក​មិនទាន់​ទទួលបាន​របាយការណ៍​ពី​មន្ត្រីដែល​ទៅពិនិត្យ​សិប្បកម្ម​អារឈើ​នោះ​នៅ​ឡើយ​ទេ។

លោក​ថា៖ «អត់​ទាន់​ដឹង ពួកណុ៎ង​ មិនទាន់​រាយការ​ណ៍​ប្រាប់​ខ្ញុំ​ដែរ ចាំមើល​សិន»។

យ៉ាង​ណាក្ដីលោក គ្រើន តុលា បាន​បញ្ជាក់​ថា ការចុះទៅ​ពិនិត្យទីតាំង​បើក​សិប្បកម្ម​អារឈើរបស់​មន្ត្រី រដ្ឋបាល​ព្រៃ​ឈើ​កាល​ពី​ថ្ងៃ​ទី ​២៤ មិថុនា​ គឺ​ពុំមាន​​ហៅ​តំណាង​សហគមន៍​ចូលរួម​ឡើយ ប៉ុន្តែ​ បែរជា​ឱ្យ​លោក សារឿន ម៉ាប់ នាំ​ផ្លូវ​ ដោយពិនិត្យ​តែ​ទីតាំង​អារ​ឈើ​ចាស់ៗតែមិនបាន​ចុះ​ដល់ទី​តាំង​ដែល​លោក សារឿន ម៉ាប់ កំពុង​លួច​បើក​ទីតាំង​អារ​ឈើ​ថ្មី ៤ ទីតាំង​នោះ​ទេ។

លោក​ថា៖ «​ឱ្យ​អា​ម្ចាស់​សិប្បកម្ម​នាំទៅ​មើលគាត់ (សារឿន ម៉ាប់) ទៅ​ច​ង្អុ​លអា​កន្លែង​ចាស់​ អា​កន្លែង​ឆ្នាំមុន​អ៊ីចឹ​ង​ណា៎​ អ៊ីចឹង​មាន​បាន​ឃើញ​ម៉ាស៊ីន​ឯណាហើយ​​​អាកន្លែង​គេ​ធ្វើ​មិន​នាំទៅ​ទេ។ សមត្ថ​កិច្ច​មិនគួរ​ធ្វើ​អ៊ីចឹង​ទេ ហៅ​អ្នកប្ដឹង​ឱ្យ​នាំទៅ​បាន​ត្រូវ»។

លោក គ្រើ​ន តុលា ព្រ​មាន​ថា​ប្រសិន​បើ​អាជ្ញា​ធរ​ស្រុក​មិន​ចាត់​វិធាន​ការ​តាម​បណ្ដឹង​របស់​សហ​គមន៍​ទេ ខាង​សហ​គមន៍​នឹង​រៀបចំ​ពាក្យ​បណ្ដឹង​មួយ​ទៀត​ទៅ​សា​លា​ខេត្ត ហើយ​មិន​មែន​ប្ដឹង​ត្រឹម​លោក ​សារឿន ម៉ាប់ ទេ គឺ​ប្ដឹង​រួម​មន្ត្រី​ភូមិឃុំ​ និង​អធិការ​ស្រុក​ថែម​ទៀត។

ថ្វី​ដ្បិត​តែក្រុម​ប្រជា​សហ​គមន៍​ដាក់​ពាក្យ​ប្ដឹង​ទៅ​អធិ​ការ​ក្ដី ប៉ុន្តែ​លោក ​មើល​ សឿន​ អភិ​បាល​ស្រុក​ពេ​ជ្រា​ដា​ដែល​ប្រជា​សហ​គមន៍​ថា​ ត្រូវ​ជា​ពូ​របស់​សា​រឿន ម៉ាប់ ​នោះ​បាន​អះ​អាង​ថា​ ក្មួយ​លោក​ពុំបាន​គំរាម​កំហែង​អាយុ​ជីវិត​គេ​ឡើយ​ ហើយ​ក៏​មិន​មាន​ករណី​បើក​កន្លែង​អារ​ឈើ​ខុសច្បាប់​ក្នុង​ព្រៃ​នោះ​ដែរ។

លោក​ថា៖ ​«សហ​គមន៍​និង​​អាម៉ាប់​គឺ​បាន​ជួប​គ្នា​ហើយ ​ដើម្បី​សម្រប​សម្រួល​គ្នា​ ហើយ​ខាង​នោះ ​(​សហ​គមន៍) គេ​ថា​ មាន​ការ​ភាន់​ច្រឡំ​អ៊ីចឹង​ណា»។

ជុំវិញ​បញ្ហា​នេះ ​លោក ​អៀង ម៉េង​លី មន្ត្រី​​សមា​គម​អាដ​​ខេត្ត​មណ្ឌល​គិរី​​ថ្លែង​ថា ការ​គំរាម​សម្លាប់ជា​ការរំ​លោភ​សិទ្ធិមនុស្ស​ធ្ងន់​ធ្ងរ ដែល​អាជ្ញា​ធរ​គួរ​តែ​ស៊ើប​អង្កេត​ជា​បន្ទាន់​ដើម្បី​ចៀស​វាង​ប៉ះពាល់​អាយុ​ជីវិត​ជន​រងគ្រោះ៕