ភ្នំពេញៈ ​បេសកកម្ម​ស្វែង​រក​ការ​ពិត​​របស់​សហភាព​អឺរ៉ុប ​​ត្រូវ​​បាន​ស្វាគមន៍​​ដោយ​ក្រសួង​​​ការ​បរទេស​​និង​សហ​ប្រតិ​បត្តិ​ការអន្តរជាតិ​ កាល​ពី​ថ្ងៃ​ចន្ទ​​ ​ហើ​​យ​​បានបើក​​កិច្ច​ប្រជុំ​ត្រៀម​មួយ​​ ជា​មួយ​តំណាង​​មក​ពី​ក្រសួ​ង​នានា​​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​នៅ​ក្រសួង​ការបរទេស។

​ប្រភព​មួយដែល​ដឹង​អំពី​ដំណើរ​ទស្សនកិច្ច​នេះ​​​ថ្លែង​ថា​ ភាគី​ទាំង​ ២ ​​បាន​ជួប​​ប្រជុំ​គ្នា​​​ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​​ ដើម្បី​បញ្ជាក់​អំពី​កាល​វិភាគ​​នៃ​កិច្ចប្រជុំ​​ផ្សេង​ៗ​​ ជា​មួយ​​ក្រសួង​ផ្សេង​ៗ​។ ​លោក​បាន​ថ្លែង​ថា ដំណើរ​ទស្សនកិច្ច​​សំខាន់​បែប​នេះ​​​​តម្រូវ​ឲ្យ​មាន​ការ​រៀប​ចំ​ល្អ​បំផុត​។ ​លោក​​ថ្លែង​ថា ឆន្ទៈ​​របស់​រដ្ឋា​ភិបាល​ គឺ​ដើម្បី​បង្ហា​ញ​​​អំពី​ការ​​ខិត​ខំ​របស់​ខ្លួន​​​ក្នុង​ការ​បំពេញ​តាម​​​​លក្ខខណ្ឌ​តម្រូវ​របស់​​​សហភាព​អឺរ៉ុប។

អ្នក​នាំ​ពាក្យ​ក្រសួង​ពាក់​ព័ន្ធ​​ និង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​​ពាក់​ព័ន្ធ​​ បាន​បញ្ជាក់​កាល​បរិច្ឆេទ​​ដែល​ពួក​គេ​នឹង​ជួប​​ជា​មួយ​គណៈ​ប្រតិភូ​​សហភាព​អឺរ៉ុប​។ ​បើ​យោង​តាម​ពួក​គេ​បានឲ្យ​ដឹង​ថា​ ​គណៈ​ប្រតិភូ​សហភាព​អឺរ៉ុប​​ នឹង​ជួប​ជា​មួយ​អង្គការ​​ក្រៅ​រដ្ឋា​ភិបាល​​នៅ​ថ្ងៃ​ពុធ​​នេះ​ ​ជួប​ជា​មួយ​លោក ប្រាក់ សុខុន ​រដ្ឋ​មន្រ្តី​​ក្រសួង​ការ​បរទេ​ស​ ​និង​ក្រសួង​​រៀប​ចំ​ដែន​ដី នៅ​ថ្ងៃ​ព្រហស្បតិ៍​ ជួប​ជា​មួយ​ក្រសួង​មហា​ផ្ទៃ ​​និង​ក្រសួង​ការ​ងារ​ និង​​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​​នៅ​ថ្ងៃ​សុក្រ​។ ​គណៈ​ប្រតិភូ​នឹង​​ធ្វើ​ដំណើរ​ទៅ​ខេត្ត​កំពង់​ស្ពឺ​​ នៅ​ថ្ងៃ​សៅរ៍​​ ​ហើយ​ពួក​គេ​នឹង​​មាន ​កិច្ច​ប្រជុំ​​បូក​សរុប​​នៅ​ថ្ងៃ​អាទិត្យ​​និង​ថ្ងៃ​ចន្ទ។ ​ ​

លោក George Edgar ឯក​អគ្គ​រដ្ឋ​ទូត​​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ ​បាន​បដិសេធ​​ធ្វើ​អត្ថា​ធិប្បាយ​លម្អិត​​អំពី​ដំណើរ​ទស្ស​ន​កិច្ច​របស់​គណៈ​ប្រតិភូ​​នេះដោ​យ​ថ្លែ​ង​ថា លោក​នឹង​បូក​សរុប​​នូវ​អ្វី​ដែល​បាន​ពិភាក្សា​​នៅ​ពេល​បញ្ចប់​ដំណើរ​ទស្សនកិច្ច។

​សហភាព​អឺរ៉ុប​ បាន​ចាប់​ផ្តើម​​នីតិវិធី​ដកគម្រោង​​អនុ​គ្រោះ​​ពន្ធ​​ សម្រាប់​ការ​នាំ​ចូល​ទំនិញ​គ្រប់​យ៉ាង​លើក​លែង​តែ​សព្វា​វុធ ​(EBA) ជា​ផ្លូវ​ការ​​ កាល​ពី​ថ្ងៃ​ទី​ ១២ ខែ​​ កុម្ភៈ ​​ដោ​យ​លើក​ហេតុ​ផលពី​ការ​​ «​​រំលោភ​បំពាន​ធ្ងន់​ធ្ងរលើ​​សិទ្ធិ​មនុស្ស​ ​ សិទ្ធិ​ការ​ងារ សេរី​ភាព​នៃ​ការ​ប្រមូល​ផ្តុំ​ និង​​ដំណើរ​ប្រជា​ធិបតេយ្យ​ដើរ​ថយ​ក្រោយ​​»​ ក្នុង​ប្រទេស​ ​កម្ពុជា។

លោក សុឹង សែន​ករុណា ​អ្នក​នាំ​ពាក្យ​​អង្គការ​សិទ្ធិ​មនុស្ស​​អាដ​ហុក ​បាន​ថ្លែង​ថា​ ​លោក​មិន​មាន​​សុទិដ្ឋិនិយម​ខ្លាំង​ថា សហភាព​អឺរ៉ុប​ នឹង​រក្សា​ EBA សម្រាប់​កម្ពុជា​​​ទេ​ នៅ​ពេល​​អ្វី​ដ៏​តិច​តួច​​ត្រូវ​បាន​ធ្វើ​ដោយ​បំពាន​​​តាម​ការ​តម្រូវ​របស់​សហភាព​អឺរ៉ុប។

លោក​បាន​ថ្លែង​ថា​៖ «​​​រដ្ឋា​ភិបាល​ឥឡូវ​នេះ ​និង​ជា​ថ្មី​ម្តង​ទៀត​​ បាន​ច្រាន​ចោល​​ការអះ​អាង​របស់​សហភាព​អឺរ៉ុប​​ អំពី​ការ​​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​។ ​ការ​បដិសេធ​នេះ​ មិន​នាំ​មក​នូវ​​​ភាព​វិជ្ជ​មាន​​សម្រាប់​កម្ពុជា​ទេ​ ហើយ​ប្រសិន​បើ​ពួក​គេ​មិន​ទទួល​យក​ការ​ពិត​ ​យើង​បារម្ភ​​ថា កម្ពុជា​នឹង​​​បាត់បង់ EBA»​។

​លោក​បាន​ថ្លែង​បន្ត​ថា​៖ «​​ប្រសិន​បើ​រដ្ឋា​ភិបាល ​មិន​ដោះ​ស្រាយ​បញ្ហា​ដូច​ដែល​សហ​ភាព​អឺរ៉ុប​បាន​​និយាយ​ផល​វិបាក​គឺ​ថា កម្ពុជា​នឹង​ប្រឈម​​នឹង​​វិធាន​ការ​ពី​សហ​​​ភាព​អឺរ៉ុប​​ ហើយ​កម្ពុជា​នឹង​បាត់​បង់​​ពាក់​ព័ន្ធ​នឹង​ពាណិជ្ជកម្ម​ជាមួយ​សហភាព​អឺរ៉ុប»។ ​

ទោះ​យ៉ាង​ណា​ លោក​សង្ឃឹម​ថា សហភាព​អឺរ៉ុប​​ នឹង​ខិត​ខំ​​​ឲ្យ​អស់​ពី​សមត្ថ​ភាព​​ដើម្បី​ធ្វើ​ឲ្យ​​រដ្ឋា​ភិបាល​កម្ពុជា​​ទទួល​យក​​​លក្ខខណ្ឌ​តម្រូវ​​និង​ដោះស្រាយ​​បញ្ហា៕