ភ្នំពេញៈ នៅក្នុង​ជំនួប​ពិភាក្សា​ដាច់ដោយ​ឡែក​ពីគ្នា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស និង​រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា​កាលពី​ថ្ងៃទី​ ២២ ខែ​មករា គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋអាមេរិក​បាន​គូសបញ្ជាក់​ពី​ការបន្ត​លើកស្ទួយ​ទំនាក់ទំនង​ និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ជាមួយ​កម្ពុជា​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ ប៉ុន្តែ​បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ដំណើរការ​សវនាការ​លើ​លោក កឹម សុខា​។

គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាមេរិក​ចំនួន​ ៣ ​រូប​ដែល​ក្នុង​នោះ រួមមាន​លោក Seth Wilbur Moulton និង​លោក James Edward Banks ទាំង​ ២ ​រូប​គឺជា​សមាជិក​គណៈកម្មាធិការ​កិច្ចការ​យោធា និង​លោក Ronald Gene Estes សមាជិក​គណៈកម្មាធិការ​ត្រួតពិនិត្យ និង​ផ្តល់​អនុសាសន៍​លើ​ថវិកាជាតិ​រួម​ និង ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​លោក ផាទ្រីក ម័រហ្វី បាន​ចូលជួប​ពិភាក្សា​ដាច់​ដោយ​ឡែក​ពីគ្នា​ជាមួយ​លោក​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ និង លោក ទៀ បាញ់ រដ្ឋមន្ត្រី​ការពារ​ជាតិ​កាលពី​រសៀល​ថ្ងៃទី​ ២២ ខែមករា ឆ្នាំ​២០២០​។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​លោក​ កុយ គួង បាន​ប្រាប់​ក្រុម​អ្នកកាសែត​កាលពី​ថ្ងៃ​ពុធ​បន្ទាប់ពី​ជំនួប​ថា ភាគី​ទាំង​ ២ ​បាន​ពិភាក្សា​គ្នា​ប្រកប​ដោយ​ផ្លែផ្កា និង​ធ្វើ​យ៉ាងណា​ជំរុញ​ឲ្យ​ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក​ឲ្យ​កាន់តែ​រឹងមាំ និង​ស៊ីជម្រៅ​បន្ថែមទៀត​។

លោក​ថា តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​ទាំងនេះ​បញ្ជាក់ថា មិន​ត្រឹមតែ​រដ្ឋាភិបាល​អាមេរិក​ទេ​គឺ​ទាំង​សភា​អាមេរិក​ក៏​មាន​ចេតនា​យ៉ាងខ្លាំង​ក្នុង​ការលើកស្ទួយ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ជាមួយ​កម្ពុជា​។ លោក​បន្តថា ភាគី​ទាំង​ ២ ​ក៏បាន​ពិភាក្សា​អំពី​ដំណើរការ​កាត់ក្តី​លោក កឹម សុខា ផង​ដែរ ដោយ​លោក​ ប្រាក់ សុខុន បាន​ប្រាប់​ទៅ​ភាគី​សហរដ្ឋអាមេរិក​ថា ការប្រព្រឹត្ត​ទៅ​នៃ​សវនាការ​កាត់ក្តី​លោក កឹម សុខា ​គឺ​ធ្វើ​ឡើង​ដោយមាន​តម្លាភាព​។

ជំនួប​រវាង​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការពារជាតិ និង​ប្រតិភូ​សភា​សហរដ្ឋអាមេរិក​ពី​ថ្ងៃ​ទី​ ២២ ខែមករា​។ រូបថត សហការី

លោក​បញ្ជាក់ថា​៖ «​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ការប្រព្រឹត្ត​ទៅ​នៃ​សវនាការ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​តម្លាភាព​ច្បាស់លាស់ ជាពិសេស​ដោយមាន​ការ​ចូលរួម​ ៥៨ រូប​ដែលជា​តំណាង​ពី​ក្រុម​ស្ថានទូត អង្គការ​មិនមែន​រដ្ឋាភិបាល សារព័ត៌មាន និង​គណបក្សនយោបាយ​»​។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បាន​បន្តទៀតថា ទាក់ទង​បញ្ហា​មួយ​ចំនួន​គឺ​សហរដ្ឋអាមេរិក​បាន​លើកឡើង​អំពី​ពាក្យ​ចចាមអារ៉ាម​ដែលថា​នឹង​មាន​មូលដ្ឋាន​កងទ័ព​បរទេស​នៅ​កម្ពុជា​នោះ​គឺ​លោក​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់ថា នេះ​គ្រាន់តែ​ពាក្យ​​ចចាមអារ៉ាម​ទេ ហើយ​កម្ពុជា​មាន​សិទ្ធិ​ក្នុង​ការការពារ​អធិបតេយ្យភាព បូរណភាព​របស់ខ្លួន គឺ​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​កងទ័ព​បរទេស​ណា​នៅលើ​ទឹកដី​កម្ពុជា​នោះទេ គឺ​កម្ពុជា​គោរព​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​។

បើ​តាម​លោក​ កុយ គួង ចំពោះ​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក ជាមួយ​កម្ពុជា គឺ​កម្ពុជា​សម្តែង​នូវ​បំណង​រឹងមាំ​ច្បាស់លាស់​ក្នុង​ការធ្វើឲ្យ​មាន​ទំនាក់ទំនង​ល្អ ជាពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជា​មេដឹកនាំ​ទី​ ១ ក្នុងប្រទេស​អាស៊ាន​ដែល​បាន​ឆ្លើយតប​ជា​វិជ្ជមាន​ចំពោះ​លោក​ប្រធានាធិបតី​អាមេរិក ដែល​អញ្ជើញ​ថ្នាក់ដឹកនាំ​អាស៊ាន​ទាំងអស់​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​ ១៤ ខែមីនា ឆ្នាំ​ ២០២០ ​ខាងមុខ​។

លោក​បាន​បញ្ជាក់ថា​៖ «​កន្លងមក​មាន​ការចោទប្រកាន់​ថា អ៊ីចេះ ថា​អ៊ីចុះ លោក​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា យើង​គឺ​មិន​មាន​ចេតនា​ចាត់ទុក​ប្រទេស​ណាមួយ​ជាស​ត្រូវ​ទេ គឺមាន​ចេតនា​បង្កើត​មិត្ត​ពង្រីក​មិត្ត និង​រក្សា​មិត្ត​។ ដូច្នេះ​យើង​ខិតខំ​ធ្វើ​យ៉ាងណា​ឲ្យ​មាន​ទំនាក់ទំនង​ល្អ​នេះ​ជាមួយ​បណ្តា​ប្រទេស​ទាំងអស់​នៅ​លើ​សកលលោក​»​។

បន្ទាប់ពី​ជួបពិភាក្សា​ជាមួយ​លោក​ ប្រាក់ សុខុន ក្រុម​គណៈប្រតិភូ​សហរដ្ឋអាមេរិក​ទាំងនេះ​ក៏​បាន​ទៅ​ជួប​លោក​ ទៀ បាញ់ រដ្ឋមន្ត្រី​ការពារជាតិ​នៅ​អគារ​មិត្តភាព​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ផងដែរ​។ លោក​ ទៀ បាញ់ និង​លោក​ ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​មិនអាច​ទាក់ទង​សុំ​អធិប្បាយ​បានទេ​កាលពី​ម្សិលមិញ​ដោយសារ​ទូរស័ព្ទ​ពួកលោក​ពុំមាន​អ្នកទទួល​។

ប៉ុន្តែ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន ហ្វ្រេសញូវ​នៅក្នុង​ជំនួប​នេះ ប្រតិភូ​សហរដ្ឋអាមេរិក​បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ការកាត់ទោស​លោក​ កឹម សុខា ថា​ធ្វើឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​។ ប៉ុន្តែ លោក ទៀ បាញ់ បាន​លើកឡើង​ថា​រឿង​នេះ​វា​ស្ថិតក្នុង​សមត្ថកិច្ច​របស់​តុលាការ​ដែល​តុលាការ​ជា​អ្នកសម្រេច​តាមច្បាប់ ហើយ​ចំពោះ​រឿង​ប្រជាធិបតេយ្យ​ ឬ​សិទ្ធិមនុស្ស​គឺ​គ្មាន​អ្វី​ប៉ះពាល់​នោះទេ​។ ​«​ចំពោះ​រឿង​ប្រជាធិបតេយ្យ ឬ​សិទ្ធិមនុស្ស​គឺ​គ្មាន​អ្វី​ប៉ះពាល់​នោះទេ​ដោយ​ប្រជាជន​នៅតែ​ចេញ​ធ្វើ​បុណ្យទាន ធ្វើ​ដំណើរ​ទៅ​ទី​ផ្សេងៗ និង​ធ្វើ​សកម្មភាព​ផ្សេងៗ​ដោយ​គ្មាន​ការបង្ខិតបង្ខំ ភ័យខ្លាច​អ្វី​នោះទេ​»​។

អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក៏​មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​លើ​បញ្ហា​នេះដែរ​កាលពី​ម្សិលមិញ​ ប៉ុន្តែ​បើ​យោងតាម​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក​បាន​ដកស្រង់​សម្តី​របស់​គណៈប្រតិភូ​សភា​អាមេរិក​មក​បង្ហោះ​កាលពី​ថ្ងៃ​ពុធ​ថា​៖ «​យើង​ជឿជាក់​លើ​កម្ពុជា​មាន​ភាពរីកចម្រើន ប្រជាធិបតេយ្យ និង​អធិបតេយ្យភាព ហើយ​យើង​នឹង​ចែករំលែក​អ្វីដែល​យើង​បាន​រៀនសូត្រ​នៅទីនេះ​ជាមួយ​សមាជិក​សភា​របស់​យើង និង​ជាមួយ​អ្នកដឹកនាំ​ផ្នែក​ប្រតិបត្តិ នៅ​ក្រុង​វ៉ាស៊ីនតោន​ឌីស៊ី​»៕