កំពង់ស្ពឺ/ព្រៃវែង: គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​ប្រភេទ MK82 ចំនួន ២ គ្រាប់ ត្រូវ​បាន​ពលរដ្ឋ​ប្រទះ​ឃើញ​នៅ​ទីតាំង ២ ផ្សេង​គ្នា​ក្នុង​ដី​របស់​ខ្លួន ខណៈ​កំពុង​យក​គ្រឿង​ចក្រ​កាយ​ដី ដោយ ១ គ្រាប់​ ឃើញ​នៅ​ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ និង ១ គ្រាប់​ទៀត​នៅ​ឃុំ​កំពង់សឹង ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង។

លោក ហេង រតនា អគ្គ​នាយក​មជ្ឈមណ្ឌល​សកម្ម​ភាព​កំចាត់មីន​កម្ពុជា (CMAC) បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា នៅ​ថ្ងៃទី ២៧ ខែ ​ឧសភា មន្ត្រី​ជំនាញ​ជាតិ​ផ្ទុះ​បាន​បោស​សម្អាត​គ្រាប់​បែក​ទម្លាក់​ពី​យន្តហោះ​ប្រភេទ MK82 ចំនួន ២ គ្រាប់​នៅ​ទីតាំង ២ ផ្សេង​គ្នា​គឺ ១ គ្រាប់​នៅ​ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ កប់​ដី​ជម្រៅ​ជិត ៨ ម៉ែត្រ និង ១ គ្រាប់​ទៀត​ស្ថិត​នៅ​ឃុំ​កំពង់សឹង ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង ដោយ​កប់​ក្នុង​ដី​ជម្រៅ​ជាង ៤ ម៉ែត្រ បន្ទាប់​ពី​ពលរដ្ឋ​រាយការណ៍​ពី​ការ​ប្រទះ​ឃើញ។

លោក​បញ្ជាក់ថា៖ «ឥឡូវនេះ មន្ត្រី​ជំនាញ​យើង​បាន​ដោះ និង​បន្សាប​ជាតិ​ផ្ទុះ​រួចរាល់ ព្រមទាំង​បាន​យក​រក្សា​ទុក​នៅ​ទីតាំង​មាន​សុវត្ថិភាព ហើយ​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​ដល់​ពលរដ្ឋ​យើង​ទេ។ យើង​នៅ​តែ​ជំរុញ​ឲ្យ​ពួក​គាត់​ចូលរួម​ជាមួយ​យើង បើ​បាន​ប្រទះ​ឃើញ​ហើយ សូម​រាយការណ៍​មក​សមត្ថកិច្ច​ជំនាញ ចៀស​វាង​បង្ក​ហានិភ័យ»។

លោក កៅ ប៊ុនថន អធិការនគរបាល​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​បាន​ឲ្យ​ដឹងថា ពលរដ្ឋ​ម្នាក់​ឈ្មោះ អ៊ួង សុភ័ណ្ឌ ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ​ កាល​ពី​ថ្ងៃ​ ២៧ ឧសភា​ បាន​យក​គ្រឿងចក្រ​កាយ​ដី​ធ្វើ​ស្រះ​ក៏​ប្រទះ​ឃើញ​គ្រាប់ MK82 មិន​ទាន់​ផ្ទុះ ១ គ្រាប់​ទម្ងន់ ២៤១ គីឡូក្រាម ប្រវែង ១៦៨ សង់​ទីម៉ែត្រ ទំហំ ២៧៥ មិល្លីម៉ែត្រ​ដែល​ទម្លាក់​ពី​យន្តហោះ​ក្នុង​សម័យ​សង្គ្រាម នៅ​ភូមិ​កូន​ត្រុំ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។

លោក​បន្តថា បន្ទាប់ពី​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​ដ៏​ធំ​នេះកម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​បាន​សហការ​ជាមួយ​អង្គភាព​កំចាត់​មីន​កម្ពុជា (CMAC) ចុះ​មក​យក​គ្រាប់​នោះ​ទៅ​បន្សាប និង​ទុក​កន្លែង​សុវត្ថិភាព។

លោក​បាន​បញ្ជាក់ថា៖ «នៅ​ស្រុក​ភ្នំស្រួច​ខ្ញុំ​នេះ ធ្លាប់​ប្រទះ​ឃើញតែ​គ្រាប់​បែក​តូចៗ​មិន​ដែល​ឃើញ​ធំ​បែប​នេះ​ទេ ហើយ​ក៏​មិន​ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​ពលរដ្ឋ​ដែរ ព្រោះ​យើង​បាន​ផ្សព្វផ្សាយ​តាម​មូលដ្ឋាន​កុំ​ឲ្យ​ពលរដ្ឋ​គាត់​ប៉ះពាល់ បើ​បាន​ឃើញ ត្រូវ​រាយ​ការណ៍​មក​សមត្ថកិច្ច​ជំនាញ ដោះ​បន្សាប​វា ចៀស​វាង​បង្ក​គ្រោះ​ថ្នាក់»។

លោក សួន ធឿន ប្រធាន​សេនាធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះស្តេច​បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា គ្រាប់បែក​ប្រភេទ MK82 មួយ​គ្រាប់ ដែល​គេ​ទម្លាក់​ពីលើ​យន្តហោះ​ចម្បាំង​ត្រូវ​បាន​ពលរដ្ឋ​ប្រទះ​ឃើញ​កាល​ពី​ថ្ងៃទី ២៧ ឧសភា ក្នុង​ដី​ជម្រៅ​ប្រហែល ៤ ម៉ែត្រ ខណៈ​ពលរដ្ឋ​បាន​យក​ត្រាក់ទ័រ​កាយ​ដី ១ កន្លែង​ក្នុង​ភូមិ​ព្រៃខ្លា ឃុំ​កំពង់សឹង ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង។

លោក​បន្តថា ក្រោយពី​ឃើញ​ស្ថានភាព​គ្រាប់​នោះ មន្ត្រី​ជំនាញប្រាប់ថា​វា​មាន​ក្បាល​ផ្ទុះ​ខាងមុខ និង​ខាង​ក្រោយ ប៉ុន្ដែ​ត្រូវបាន​មន្ត្រី​ជំនាញ​ស៊ីម៉ាក​ដោះ​បន្សាប​រួចរាល់​ហើយ​ដោយ​មិន​មាន​បង្ក​គ្រោះ​ថ្នាក់​អ្វី​ដល់​ប្រជាពលរដ្ឋ​ទេ «កន្លង​មក​នៅ​ស្រុក​ខ្ញុំ​នេះ អត់​ដែល​ប្រទះ​ឃើញ​គ្រាប់​អ៊ីចឹង​ទេ ហើយ​អាជ្ញាធរ​យើង​ក៏​ធ្លាប់​បាន​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​គ្រាប់​មិន​ទាន់​ផ្ទុះ​ដែរ ដូច​ករណី​នេះ​អីចឹង គឺ​ពលរដ្ឋ​គាត់​ឃើញ​គឺ​គាត់​រាយការណ៍​មក​សមត្ថកិច្ច​ភ្លាម»។

ចាប់តាំងពី​ឆ្នាំ ១៩៩២ អាជ្ញាធរ​មីន និង​ប្រតិបត្តិ​ករ​ជាង ១០ ផ្សេងទៀត​បានរួម​គា្ន​រំដោះ​ដី​ដែល​មាន​មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន ១ ៨២៣ គីឡូម៉ែត្រ​ការ៉េ និង​ជួយ​រំដោះ​មីន​លើដី​របស់​ពលរដ្ឋ​ចំនួន ៤ ៣២០ គ្រួសារ ដោយ​មាន​ប្រទេស​ម្ចាស់​ជំនួយ ដូចជា ជប៉ុន សហរដ្ឋ​អាមេរិក អង់គ្លេស អូស្ត្រាលី កាណាដា ស្វ៊ីស ន័រវែស សហគមន៍​អឺរ៉ុប អាល្លឺម៉ង់ ចិន បារាំង ដាណឺម៉ាក នូវែល​សេឡង់ និង​ប្រទេស ១ ចំនួន ទៀត។

តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​មីន​ចុះ​ថ្ងៃ ១៥ មីនាឆ្នាំ​នេះ​បាន​ឲ្យ​ដឹងថា ថ្មីៗ​នេះ​អត្រា​គ្រោះថ្នាក់​ដែល​បណ្ដាល​មក​ពី​ការ​ផ្ទុះ​មីន និង​គ្រាប់ មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។

ចាប់ពី​ខែមករា​ដល់​ថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០១៩ មាន​ជនរងគ្រោះ​ស្លាប់ ពិការ និង​របួស​ដោយសារ​គ្រាប់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​សរុប​ចំនួន ៤៤ នាក់ ក្នុង​នោះ​មាន​ជន​រង​គ្រោះ​នៅ​ខេត្ត​ឧត្តរមានជ័យ បាត់ដំបង រតនគិរី ត្បូងឃ្មុំ និង​ខេត្ត​មួយ​ចំនួន​ទៀត៕