ភ្នំពេញៈ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គជប​)​ ​បាន​បង្ហាញ​ការមិន​សប្បាយ​ចិត្ត​ជាមួយ​នឹង​ទីតាំង​ថ្មី​របស់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​មួយ​នេះ​ដែល​នៅ​ជាប់​ជាមួយ​អគារ​កាស៊ីណូ Naga World ហើយ​ថា​លោក​នឹង​ជួប​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​កាស៊ីណូ​ដ៏ធំ​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​។

ប្រាប់​អ្នកកាសែត​ក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​ ២០១៨ ពី​ម្សិលមិញ​លោក​ ស៊ិក ប៊ុនហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្លែង​ថា​លោក​មិន​ពេញចិត្ត​អគារ​ គ.ជ.ប. ថ្មី​ដែល​សាងសង់​ជើង​សសរ​ជាប់​នឹង​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា​នោះ​ទេ​។ លោក​ថា​អគារ​ថ្មី​នេះ​មិនមែន​ជា​ជម្រើស​របស់​លោក​ទេ ហើយ​ថា​ច្រកចេញ​ចូល​ក្នុង​អគារ​ គ.ជ.ប. ​មិន​ទាន់​រៀបចំ​ឲ្យ​បាន​រៀបរយ​នៅ​ឡើយ​ទេ​។

លោក​បញ្ជាក់​ថា​៖ «​កន្លែង​ល្បែង​មិនមែន​កន្លែង​ស្រួល​ចិត្ត​ទេ​។ វា​ជា​កន្លែង​ដែល​គេ​ឈ្នះ​ចាញ់​...​វា​មិន​ស្រួល​ទេ​វា​មាន​សម្ពាធ​។ អារម្មណ៍​យើង​មិន​ស្រួល​ទេ​។ វា​គួរតែ​នៅ​កន្លែង​ណា​ដែល​វា​ស្រឡះ​មាន​តែ​ឯង​រឿង​នេះ​គឺជា​រឿង​ទៅ​មុខ​ទៀត តែ​ឥឡូវ​នេះ​រំដោះ​ពី​កន្លែង​ខ្ចី​គេ​មក​សិន​ (​កន្លែង​ចាស់​ក្រសួង​មហាផ្ទៃ​)»​។

លោក​បន្ថែម​ថា​៖ «​ស្មានតែ​ដោះ​ងាយ​ចេញ ទម្រាំ​បាន​អគារ​ថ្មី តើ​ប៉ុន្មាន​ឆ្នាំ​? វា​មិន​ងាយស្រួល​ទេ​ដូច្នេះ​ហើយ​វា​ត្រូវតែ​ដំណើរការ​សិន​។ យើង​មាន​ប៉ុនណា យើង​ប្រើ​ប៉ុណ្ណឹង​ឲ្យ​អស់​លទ្ធភាព​ហើយ​យើង​រៀបចំ​គ្រប់គ្រង​ឲ្យ​បាន​ល្អ​ប្រសើរ​ដែល​យើង​អាច​ធ្វើ​ទៅ​បាន​»​។

លោក​បន្ត​ថា​កន្លង​មក​នេះ​កន្លែង​ផ្លូវ​ច្រកចេញ​ចូល​នេះ​ជា​កម្មសិទិ្ធ​របស់​ គ.ជ.ប. ​ទេ ប៉ុន្តែ​ខាង ណាហ្គា ស្នើ​ជួល​ដី​ដើម្បី​ឆ្លង​ចូល​។

លោក​សង្កត់​ធ្ងន់​ថា​៖ «​ធម្មតា​ដី​ត្រូវ​មាន​ច្រកចេញ​ចូល​ហើយ​គេ​សុំ​ការប្រើប្រាស់​រួម​ដូច្នេះ​ហើយ​បាន​ជា​មាន​ការ​ប្រើប្រាស់​រួម​គ្នា​ទៅ​...​ហើយ​ពេល​ដែល​យើង​មក​បោះ​ទីតាំង​ដែល​យើង​ទើស​ភ្នែក​ខ្លាំង​ហ្នឹង​អាបឹស​មួយ​គូ​ (​ឡាន​) មក​ចត​នៅ​ចំ​ពី​មុខ​អគារ​ គ.ជ.ប. ហើយ​ខ្ញុំ​ថា​ងាប់​កន្លែង​ គ.ជ.ប. នេះ​គឺ​កន្លែង​ណាហ្គា​សុទ្ធ​»​។

លោក​សង្កត់ធ្ងន់​ថា​៖ «​អ៊ំ​ថា អ៊ំ​មិន​អាច​ទទួល​យក​បាន​ទេ​ពីព្រោះ​នៅ​ពី​មុខ​តាម​ធម្មតា​កាលណា​ផ្ទះ​យើង​នៅ​ទីណា អា​ដី​នៅ​លើ​ចិញ្ចើមថ្នល់​វា​គឺជា​របស់​យើង​។ ឥឡូវ​ឃើញ​គេ​បាន​ដាក់​ចេញ​ទៅ​ហើយ​ចាំ​ជជែក​គ្នា​ជាមួយ​នឹង​ម្ចាស់​ណាហ្គា​នៅពេល​ដែល​គាត់​ត្រឡប់​មកពី​ប្រទេស​រុស្ស៊ី​វិញ​»​។

លោក​ សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ថ្លែង​ថា​៖ «​ជា​ទស្សន​សង្គម​វិញ​អគារ​ស្ថាប័ន​ គ.ជ.ប. ដែល​ច្បាប់​ថា​ជា​ស្ថាប័ន​ឯករាជ្យ ហើយ​ទៅ​នៅ​ក្បែរ​កន្លែង​លេងល្បែង​ស៊ីសង វា​ជា​កន្លែង​មួយ​មិន​ល្អ​។ មិន​ស្រួល​ពេល​គេ​ដើរកាត់​ហើយ​ឃើញ​បុគ្គលិក​ គ.ជ.ប. គេ​ស្មាន​តែ​អ្នក​ទៅ​លេង​ល្បែង​ស៊ីសង​ថា​បាន​ពីព្រោះ​វា​កៀក​គ្នា​ពេក​ ដូច្នេះ​វា​មិន​ល្អ​ទេ​ពេល​ដែល​ស្ថាប័ន​នេះ​នៅ​ក្បែរ​កន្លែង​លេង​ល្បែង​ស៊ីសង​»​។

អគារ​របស់​ គ.ជ.ប ​ថ្មី​កម្ពស់​ ១៤ ​ជាន់​នេះ​ចំណាយ​ទឹកប្រាក់​ ១២ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​គឺ​សាងសង់​នៅ​លើ​ដី​របស់​ក្រសួង​វប្បធម៌​។ ថវិកា​សាងសង់​អគារ​នេះ​បាន​មកពី​ថ្លៃ​ជួល​ដី​រដ្ឋ​ឲ្យ​ម្ចាស់​សណ្ឋាគារ និង​កាស៊ីណូ​រយៈ​ ៩៩ ​ឆ្នាំ​តម្លៃ​ជាង​ ១៣ ​លាន​ដុល្លារ​។ ប្រាក់​នៅ​សល់​ជាង​ ១ ​លាន​ដុល្លារ​បង្វិល​ឲ្យ​រដ្ឋាភិបាល​វិញ​៕