កំពង់ឆ្នាំងៈ លោក​ សុខសុវណ្ណ វឌ្ឍនាសាប៊ុង ​ប្រធាន​គណបក្ស​ខ្មែរក្រោក ​ដែល​ជា​សមាជិក​ឧត្តមក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់​ដែល​បង្កើត​ឡើង​ដោយ​រាជរដ្ឋាភិបាល​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​ ២០១៨ ពេល​ថ្មី​ៗកន្លង​មក​នេះ​បាន​ស៊ើបអង្កេត​រក​ឃើញ​ភាព​មិន​ប្រក្រតី​របស់​លោក​ ឈួរ ច័ន្ធឌឿន អភិបាល​ខេត្ត​កំពង់ឆ្នាំង​លើ​ករណី​រំលោភ​យក​ដី​រដ្ឋ​មក​ធ្វើ​ជា​កម្មសិទ្ធិ​ដែល​បញ្ហា​នេះ​គ្រោង​នឹង​ដាក់​ជូន​ដល់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដើម្បី​ពិភាក្សា​នៅ​ចុង​សប្ដាហ៍​ក្រោយ​។

កាលពី​ខែ​សីហា ​ឆ្នាំ​ ២០១៨ លោក​នាយក​រដ្ឋមន្ត្រី​បាន​សម្រេច​បង្កើត​ឧត្តម​ក្រុម​ប្រឹក្សាពិគ្រោះ​ និង​ផ្ដល់​យោបល់​ដែល​មាន​សមាជិក​មកពី​គណបក្ស​ដែល​បាន​ចូលរួម​បោះឆ្នោត​ចំនួន​ ១៦ បក្ស​ដើម្បី​ជា​យន្តការ​មួយ​ឆ្លើយ​តប​ជាមួយ​ប្រជាពលរដ្ឋ​​ហើយ​ពួកគេ​ទាំង​នោះ​មាន​តួនាទី​ក្នុង​ការ​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ច្បាប់។

ជាង​នេះ​ទៅ​ទៀត ឧត្តម​ក្រុម​ប្រឹក្សា​នេះ​ក៏​មាន​តួនាទី​ចូលរួម​ផ្តល់​យោបល់​ដល់​នាយករដ្ឋមន្ត្រី​រាល់​ភាព​អសកម្ម​ក៏​ដូចជា​ការបំពាន​អំណាច​ពី​សំណាក់ ចៅហ្វាយ​ខេត្ត អាជ្ញាធរ​ជា​បុគ្គល​រហូត​ដល់​ថ្នាក់​ជាតិ​ជា​រដ្ឋមន្ត្រី​ក្រសួង​ដោយ​មាន​ភ័ស្តុតាង​ ឬ​ក៏​មាន​តម្រុយ​ដែល​អាច​ឈាន​ទៅ​រក​ការពិត​បាន​។

លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា លោក ឈួរ ច័ន្ធឌឿន ​បាន​រំលោភ​យក​ដី​រដ្ឋ​ចំនួន​ ៨ ​កន្លែង​មាន​ទំហំ​ជាង​ ៥ ហិកតា​ធ្វើ​ជា​កម្មសិទិ្ធ​ផ្ទាល់​ខ្លួន​ ខណៈ​ការ​រកឃើញ​នេះ​ត្រូវ​បាន​អះអាង​ថា នឹង​ដាក់​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ នៅ​ចុងសប្តាហ៍​ក្រោយ​។

លោក វឌ្ឍនាសាប៊ុង បាន​អះអាង​ថា ​ដី​រដ្ឋ​ជាច្រើន​កន្លែង​ដែល​លោក​ ឈួរ ច័ន្ទឌឿន ​បាន​យក​មក​ធ្វើ​ជា​កម្ម​សិទិ្ធ​ផ្ទាល់​ខ្លួន​ក្នុង​នោះ​មាន​ដី​ ៨ ​ទីតាំង​ជា​ដី​អតីត​តារាង​បាល់ ដី​បន្ទាយ​ទាហាន​ដែល​ស្ថិត​ក្នុង​ស្រុក​ទឹក​ផុស​ ខណៈ​ដី​ទាំង​អស់​សុទ្ធ​សឹង​ជា​ដី​របស់​រដ្ឋ​ ហើយ​ក្នុង​ចំណោម​ដី ​៨ ​ទីតាំង​មាន​ ៧ ​ទីតាំង​បាន​ឃុបឃិត​ធ្វើ​ប្លង់​រឹង​ និង​បាន​លក់​មួយ​ទីតាំង​ទៅឲ្យ​​ឈ្មោះ ​អ៊ុក​ រស់ ប្រធាន​មន្ទីរ​រ៉ែ​ និង​ថាមពល ខេត្ត​កំពង់ឆ្នាំង​។

លោក​ថ្លែង​ថា​៖ ​«​សរុប​ដី​ចំនួន​ ៨​ ប័ណ្ ណ​​របស់​លោក​ចៅហ្វាយ​ខេត្ត​ គឺ​មាន​ទំហំ​ ៥៦ ៩៦៦​ ម៉ែត្រ​ការ៉េ ​ឬ​ជាង​ ៥ ហិកតា ដោយ​មិន​ទាន់​គិត​មួយ​ប្លង់​ជិត​ធនាគារ​អេស៊ីលីដា។​ (​ខ្ញុំ) ​កំពុង​រៀបចំ​ជា​របាយការណ៍​ដោយ​គ្រោង​ដាក់​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ចុង​សប្ដាហ៍​ក្រោយ​»​។

លោក សាប៊ុង បាន​ថ្លែង​ថា​៖ ​«​យើង​ខ្ញុំ​មាន​ឯកសារ​ ភ័ស្តុតាង គតិយុត្ត គ្រប់​គ្រាន់​សម្រាប់​រៀបចំ​ជា​របាយការណ៍​បញ្ជូន​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​ដោយ​មិន​បាន​បូក​បញ្ចូល​ជាមួយ​ដី​ ២០ ​ទីតាំង​ផ្សេង​ទៀត​នៅ​តំបន់​ព្រៃលិចទឹក​ តំបន់​ត្រី​ពង​ និង​ក្នុង​ទី​រួម​ខេត្ត​ដែល​ជា​ដី​រដ្ឋ​នោះ​ទេ​ ​ព្រោះ​ខណៈ​នេះ​យើង​ខ្ញុំ​កំពុង​បន្ត​ស្រាវជ្រាវ​ស៊ើប​អង្កេត​បន្ថែម​ទៀត​»​។

យ៉ាង​ណា​ក៏​ដោយ​ រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​បាន​ចេញ​សេចក្តី​បញ្ជាក់​មួយ​ដោយ​បាន​ច្រានចោល​នូវ​ការ​ចោទ​ប្រកាន់​នេះ និង​បាន​ចាត់​ទុក​ថា​ការផ្សព្វផ្សាយ​ព័ត៌មាន​របស់​ប្រធាន​គណបក្ស​នេះ​គឺ​មាន​ចេតនា​មួល​បង្កាច់​ ភូត​កុហក​ ធ្វើឱ្យ​សាធារណជន​មាន​ការ​ភាន់ច្រឡំ និង​កេង​យក​ចំណេញ​ខាង​នយោបាយ​។

សេចក្តី​បញ្ជាក់​ចុះ​ថ្ងៃ​ទី ១៧ កញ្ញា របស់​អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​បាន​លើក​ឡើង​ថា​ ដី​រដ្ឋ​ ដី​សាធារណៈ​របស់​រដ្ឋ​ ឬ​ដី​ឯកជន​របស់​រដ្ឋ​ និង​អចលនទ្រព្យ​របស់​រដ្ឋ​ទូទាំង​ខេត្ត​កំពង់​ឆ្នាំង​ត្រូវ​បាន​ចុះ​បញ្ជី​គ្រប់គ្រង​ត្រឹម​ត្រូវ​តាម​នីតិវិធី និង​បែបបទ​ដែល​កំណត់​ដោយ​រាជរដ្ឋាភិបាល​ហើយ​គ្រប់គ្រង​ដោយ​ក្រសួង​ស្ថាប័ន​ថ្នាក់​ជាតិ​ គណៈកម្មាធិការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​ថ្នាក់​ខេត្ត ​និង​មន្ទីរ​អង្គភាព​សាមី។​ លិខិត​នេះ​បកស្រាយ​បន្ត​ថា ​ក្នុង​ការ​គ្រប់គ្រង​នេះ​ក៏​ត្រូវ​បាន​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​មួយ​ឆ្នាំ​ចុះ​ធ្វើ​អធិការកិច្ច​ផ្ទៀងផ្ទាត់​យ៉ាង​តិច​មួយ​ដង​យ៉ាង​ទៀង​ទាត់​ដោយ​ផ្អែក​លើ​បញ្ជី​គ្រប់គ្រង​ជា​គោល​។

រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​បាន​បញ្ជាក់​ក្នុង​លិខិត​បន្ថែម​ថា៖ «​ដោយ​ឡែក​ដី​ឯកជន​របស់​ប្រជាពលរដ្ឋ​ មន្ត្រី​រាជការ និង​សាធារណជន​ទូទៅ​ រដ្ឋបាល​ខេត្ត​បាន​ជំរុញ​ការ​ចុះ​បញ្ជី ​និង​ផ្ដល់​កម្មសិទ្ធិ​តាម​កម្មវិធី​ចុះ​បញ្ជី​ដាច់​ដោយ​ដុំ​ និង​ការ​ចុះ​បញ្ជី​ជា​លក្ខណៈ​ប្រព័ន្ធ​តាម​យន្តការ​គណៈកម្មាធិការ​សុរិយោដី​ថ្នាក់​ខេត្ត​ គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត ​និង​ក្រុម​ការងារ​ដោយ​អនុវត្ត​តាម​នីតិវិធី​ និង​បែបបទ​ដែល​ណែនាំ​ដោយ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​។​ ប្រជាពលរដ្ឋ​ និង​ម្ចាស់​ដី​ទាំងអស់​ដែល​បាន​ទទួល​សិទ្ធិ​កាន់កាប់​ដី​ មាន​សិទ្ធិ​លក់​ ឬ​ទិញ​ ឬ​ដូរ​ ឬ​បញ្ចាំ​ស្រប​តាម​ច្បាប់​ជាធរមាន​ ដើម្បី​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ ​និង​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ខ្លួន​ម្នាក់​ៗ»​។

លោក ឈួរ ច័ន្ធឌឿន​ អភិបាល​ខេត្ត​កំពង់ឆ្នាំង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​យ៉ាង​ខ្លីកាល​ពី​ថ្ងៃម្សិល​មិញ​ថា​៖ ​«​យើង​បាន​បញ្ជាក់​តាមរយៈ​អ្នក​នាំ​ពាក្យ​រួច​ហើយ​ តាមរយៈ​សេចក្តី​បញ្ជាក់​របស់​រដ្ឋ​បាល​ខេត្ត​ហ្នឹង។​ ដូច្នេះ​ខ្ញុំ​គ្មាន​អី​ត្រូវ​ឆ្លើយ​ទៀត​ទេ​ ហើយ​រឿង​គាត់​ដាក់​ទៅ​សម្តេច​នេះ​ជា​រឿង​របស់​គាត់។​ មក​សួរ​ខ្ញុំ​មាន​អី​ត្រូវ​ឆ្លើយ​បាន​គេ​ធ្វើ​អី​ធ្វើ​ទៅ​ តែ​រឿង​យើង​បាន​បំភ្លឺ​អស់​ហើយ​»​។

លោក សំ ច័ន្ទគា មន្ត្រី​សម្របសម្រួល​អង្គការ​សមាគម​អាដហុក​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង​បាន​និយាយ​ថា​ ការ​រកឃើញ​នេះ គួរ​តែ​ត្រូវ​បាន​បញ្ជូន​​របាយការណ៍​ទៅ​ស្ថាប័ន​រដ្ឋ​ ជាពិសេស​ប្រមុខ​រដ្ឋាភិបាល​ ដើម្បី​ឲ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ធ្វើការ​ស៊ើប​អង្កេត​ដោយ​ភាព​ត្រឹមត្រូវ​ និង​យុត្តិធម៌។ ​ជាមួយ​គ្នា​នេះ​ លោក​ក៏​ចង់​ឲ្យ​មាន​ការ​ចុះ​ស្រាវជ្រាវ​ជា​សកល​ និង​គ្រប់​បណ្តា​ខេត្ត​ទាំង​អស់​ ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​រដ្ឋ​។

លោក​បញ្ជាក់​ថា​៖ ​«​យើង​ចង់​ឲ្យ​ការ​ធ្វើ​បែប​នេះ​ទៅ​ទាំង​ព្រម​ និង​ធ្វើ​គ្រប់​ស្ថាប័ន​ទាំងអស់​ដែល​ពាក់ព័ន្ធ​ហ្នឹង។​ គណបក្ស​ខ្មែរ​ក្រោក​ដែល​មាន​ឆន្ទៈ​ក្នុង​ការ​ស្វែង​រក​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ហ្នឹង​ ខ្ញុំ​លើក​ទឹក​ចិត្ត​ឲ្យ​បន្ត​ស្វែង​រក​ទៀត​ និង​ធ្វើ​ជា​សកល កុំឲ្យ​ធ្វើ​តែ​លក្ខណៈ​បុគ្គល​បែប​នេះ។ ​យើង​គួរ​តែ​ស្វែងរក​ជា​ទូទៅ​ ដើម្បី​ជម្រាប​ទៅ​កាន់​រដ្ឋាភិបាល​ឲ្យ​ដក​យក​ទ្រព្យ​ដែល​គ្រប់គ្រង​ដោយ​ខុស​ច្បាប់​នេះ​ធ្វើ​ជា​សម្បត្តិ​សាធារណៈ ​ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​វិញ​»​៕