ព្រះវិហារៈ សាលាដំបូងខេត្តព្រះវិហារសម្រេចឃុំខ្លួនលោកស្រី សុខរ័ត្ន សុវណ្ណបញ្ចៈសីលា អតីតប្រធានគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ និងជាសមាជិកឧត្តមក្រុម ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងបក្ខពួកម្នាក់ទៀត ដោយចោទពីបទ «ញុះញង់ឲ្យមានការទន្ទ្រានយកដីសហគមន៍ និងបង្កើតឲ្យមានអំពើហិង្សា»។ នេះបើតាមលោកស្រី ជុំ កន្និយ៉ា អ្នកនាំពាក្យសាលាដំបូងខេត្តព្រះវិហារ។
លោកស្រី ជុំ កន្និយ៉ា ពីម្សិលមិញបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា លោកស្រី សុខរ័ត្ន សុវណ្ណបញ្ចៈសីលា ហៅយាយ ម៉ែន អាយុ ៦០ ឆ្នាំ និងបក្ខពួកម្នាក់ទៀតឈ្មោះ ចាន់ ភាព ភេទប្រុស អាយុ ៤៥ ឆ្នាំ ត្រូវបានសាលាដំបូងខេត្តព្រះវិហារសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តព្រះវិហារ កាលពីថ្ងៃទី ១២ មេសា តាមច្បាប់ភូមិបាល គឺបទ «ញុះញង់ឲ្យមានការទន្ទ្រានយកដីសហគមន៍ និងបង្កើតឲ្យមានអំពើហិង្សា»។
លោកស្រីបញ្ជាក់ថា៖ «តុលាការសម្រេចឃុំខ្លួនពួកគាត់ទាំង២នាក់ហ្នឹងបណ្ដោះអាសន្នសិន ដើម្បីបន្តការស៊ើបអង្កេតបន្ត និងរង់ចាំការកាត់ទោសបន្តទៀត ប៉ុន្ដែខ្ញុំមិនបានចាំថាមាត្រាទីប៉ុន្មានទេ»។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ ពីម្សិលមិញបានថ្លែងថា តុលាការខេត្តព្រះវិហារសម្រេចឃុំខ្លួននេះ បន្ទាប់ពីលោកស្រី សុខរ័ត្ន សុវណ្ណបញ្ចៈសីលា និងបក្ខពួកម្នាក់ទៀតបានដឹកនាំពលរដ្ឋប្រមាណជិត ១០០ នាក់ ធ្វើបាតុកម្មទៅរំដោះអ្នកទោស កាលពីថ្ងៃទី ៩ ខែ មេសា។ បាតុករ ជិះគោយន្តកន្រៃ្តចំនួន ៨ គ្រឿង និងម៉ូតូចំនួន ៣១ គ្រឿង ប្រដាប់ដោយកាំបិតវែងខ្លី ញញួរ ពូថៅ និងដំបងបានធ្វើដំណើរទៅរំដោះជនដែលកំពុងជាប់ឃុំចំនួន ១៤ នាក់ក្នុងពន្ធនាគារខេត្តព្រះវិហារ ក្រោយពីអាជ្ញាធរចាប់ខ្លួនពួកគេពាក់ព័ន្ធការកាប់ទន្ទ្រានយកដីរបស់រដ្ឋនៅតំបន់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ។
លោកបញ្ជាក់ថា៖ «គាត់ប្រមូលពលរដ្ឋរាប់សិបគ្រួសារទៅកាប់ទន្ទ្រានដីធ្លីនៅតំបន់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពខេត្តព្រះវិហារ។ ដំបូងអាជ្ញាធរបានហៅពួកគាត់ចរចា ដោះស្រាយដោយសន្ដិវិធី ប៉ុន្ដែពួកគាត់បានបើកគោយន្តបំបុករបាំងសមត្ថកិច្ច យើងក៏សម្រេចឃាត់ខ្លួនពួកគាត់តែម្ដង ហើយបាតុករចំនួន ៨០ នាក់ យើងបានអប់រំណែនាំឲ្យត្រឡប់ទៅផ្ទះវិញ ដោយមិនឲ្យមានសកម្មភាពនេះម្ដងទៀតទេ»។
លោក យិន ចំណាន ស្នងការនគរបាលខេត្តព្រះវិហារ ពីម្សិលមិញបានបដិសេធធ្វើអត្ថា ធិប្បាយជុំវិញករណីនេះ ដោយបានអះអាងថា លោកកំពុងជាប់រវល់ប្រជុំ។
តាមមន្ត្រីអធិការដ្ឋាននគរបាលក្រុងព្រះវិហារម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា លោកស្រី សុខរ័ត្ន សុវណ្ណបញ្ចៈសីលា បានដឹកនាំប្រជាពលរដ្ឋដោយជិះគោយន្តកន្រៃ្ត និងម៉ូតូបានធ្វើដំណើរទៅដល់រដ្ឋបាលសាលាស្រុកត្រពាំងប្រាសាទ តែមិនព្រមចូលដោះស្រាយជាមួយអាជ្ញាធរ ហើយបានគំរាមប្រើហិង្សាមកលើសមត្ថកិច្ចចម្រុះ រួចក៏បានបន្តដំណើរទៅផ្លូវជាតិលេខ ៦៩ បេ ឆ្ពោះទៅកាន់ផ្លូវជាតិ ៦២ ក្នុងគោលបំណង ដើម្បីទាមទារ និងរំដោះជនដែលកំពុងតែជាប់ឃុំចំនួន ១៤ នាក់ ក្នុងពន្ធនាគារខេត្តព្រះវិហារ។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅថ្ងៃទី ១៨ ខែ មេសា បានលើកឡើងថា ការចាប់ខ្លួនលោកស្រី សុខរ័ត្ន សុវណ្ណបញ្ចៈសីលា អតីតប្រធានគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គឺជារឿងបុគ្គល មិនមានការពាក់ព័ន្ធនឹងក្របខ័ណ្ឌរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នោះឡើយ។
លោកបញ្ជាក់ថា៖ «ចំពោះករណីលោកជំទាវជាប្រធានប្រតិភូគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គឺលោកជំទាវបានបាត់បង់នូវសិទ្ធិ ចុះបំពេញភារកិច្ចក្នុងនាមជា សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ តាំងពីខែ ធ្នូ ឆ្នាំ ២០១៨ មកម្ល៉េះ ដោយសមាជគណបក្សរបស់លោកជំទាវ ត្រូវបានផ្លាស់ប្តូររចនាសម្ព័ន្ធដឹកនាំ ហើយក្រសួងមហាផ្ទៃ បានទទួលស្គាល់នូវរចនាសម្ព័ន្ធដឹកនាំថ្មី និងការប្តូរឈ្មោះពី គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យមក គណបក្សនគរប្រជាធិបតេយ្យ»។
តាមច្បាប់ស្ដីពីព្រៃឈើ និងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិកំណត់ថា ការគាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធិ គឺជាបទល្មើសឧក្រិដ្ឋ ដែលជនប្រព្រឹត្តល្មើសនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ ដល់ ១០ ឆ្នាំ និងទោសពិន័យជាប្រាក់ពី ១០ លានរៀល ទៅ ១៥០ លានរៀល។ ចំណែក មន្ត្រីពាក់ព័ន្ធធ្វេសប្រហែស ឬមិនគោរពច្បាប់នេះ ត្រូវទទួលវិន័យរដ្ឋបាល និងត្រូវចោទប្រកាន់ចំពោះមុខតុលាការ ហើយបើមន្ត្រីទាំងនោះសមគំនិត ត្រូវផ្ដន្ទាទោសដូចជនប្រព្រឹត្តដែរ៕