បន្ទាយមានជ័យៈ លោក អាង ណារិទ្ធ ត្រូវបាន​តែងតាំង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​បន្ទាយមានជ័យ​ជំនួស​លោក ប្រាក់ ប៉ូលី ក្រោយពី​ក្រុមអធិការកិច្ច​របស់​ក្រសួង​នេះ​បិទ​បញ្ចប់​ការស៊ើបអង្កេត​ទៅលើ​ព័ត៌មាន​រិះគន់​ពី​រឿង​ពុករលួយ និង​បក្ខពួកនិយម​។

លោក សេង ឡូត អគ្គនាយក​រដ្ឋបាល​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ថ្លែង​នៅក្នុង​លិខិត​ជូនដំណឹង​ថា​៖ «​ខ្ញុំ​ស្នើ​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ចាត់ចែង​រៀបចំ​ពិធី​ប្រកាស​ចូលកាន់​តំណែង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​ និង​សុរិយោដី​ខេត្ត​បន្ទាយមានជ័យ​ត្រូវ​នឹង​ថ្ងៃទី​ ១៧ ខែ​កញ្ញា ២០១៩»​។

ការប្រកាស​ចូលកាន់​តំណែង​ថ្មី​ធ្វើឡើង​បន្ទាប់ពី​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​បង្កើត​ក្រុមការងារ​ចុះ​ធ្វើ​អធិការកិច្ច​លើ​លោក ប្រាក់ ប៉ូលី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​បន្ទាយ​មានជ័យ​កាលពី​ថ្ងៃទី​ ៣០ ខែ​កក្កដា ឆ្នាំ​ ២០១៩​។

យោងតាម​ប្រភព​មន្ត្រី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា ការ​អធិការកិច្ច​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ធ្វើឡើង​បន្ទាប់ពី​មានការ​ផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​សង្គម​ថា លោក​បាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ និង​បក្ខពួកនិយម​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​។

លោក សោម ចាន់គា អ្នក​សម្របសម្រួល​នៅ​សមាគម​សិទ្ធិមនុស្ស​អាដហុក​បាន​ថ្លែងថា​ករណី​ការដោះដូរ​តំណែង​នេះ​​វា​អាច​ពាក់ព័ន្ធ​ការធ្វើ​អធិការកិច្ច​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ដោយសារ​តែ​កន្លងមក​មាន​ប្រជាជន​ដែល​មាន​បញ្ហាដីធ្លី​បាន​ធ្វើការ​តវ៉ា​ជាច្រើន​ដង​ដែល​លោក​ ប៉ូលី ​បាន​ចេញ​លិខិត​ឯកសារ​មិន​ប្រក្រតី​មួយ​ចំនួន​។

លោក ចាន់គា ថ្លែងថា​៖ «​យើង​ឃើញថា​គាត់​មាន​ចេញ​លិខិត​ផ្សេងៗ​បើ​​ទោះបី​ជា​ដី​នោះ​មានទំនាស់​ក៏ដោយ គាត់​ចេញ​ទៅ​ឲ្យ​ភាគី​ដែល​មាន​លុយ​មានអំណាច ខណៈ​ពេល​ដែល​ប្រជាពលរដ្ឋ​ដែល​កាន់កាប់​បែរជា​មិន​ទទួល​បាន​លិខិត​ទៅវិញ​»​។

លោក ប្រាក់ ប៉ូលី បាន​បដិសេធ​ការចោទប្រកាន់​នេះ​ដោយ​អះអាង​ថា​បញ្ហា​ដី​ដែល​មិនទាន់​បាន​កាត់​ជូន​ប្រជាពលរដ្ឋ​ចំនួន​ ៥ ​គ្រួសារ​នោះ​​ ដោយសារ​តែ​ពួកគាត់​បាន​ទៅ​ចង្អុល​ដី​ខុស​ទីតាំង​ដែល​អនុក្រឹត្យ​បានចេញ​។ លោក ប្រាក់ ប៉ូលី ថ្លែង​ថា​៖ «​មិនបាន​ប្រឆាំង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ទេ​»៕