ភ្នំពេញៈ សង្គមស៊ីវិល និងមន្ត្រីរដ្ឋាភិបាល និយាយថា Child Helpline ដែលផ្តល់ការប្រឹក្សាយោបល់ដោយមិនគិតថ្លៃតាមប្រព័ន្ធទូរស័ព្ទ ក្នុង ២៤ ម៉ោង បានជួយកុមារ និងយុវជនកម្ពុជា ឲ្យពួកគេក្លាហានហ៊ានបង្ហាញបញ្ហាក្នុងចិត្ត ព្រោះភាគច្រើននៃពួកគេ កំពុងប្រឈមនឹងបញ្ហាផ្លូវចិត្ត ផ្តើមចេញពីការ រំលោភបំពានក្រោមរូបភាពផ្សេងៗ ដែលមិនហ៊ាននិយាយចេញ។
បើតាមរបាយការណ៍អង្គការបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា ឲ្យដឹងថា យ៉ាងហោចមានកុមារ និងយុវវ័យអាយុក្រោម ២៥ ឆ្នាំ ជាង ៣ ០០០ នាក់ ក្នុងមួយខែៗ បានស្វែងរកសេវាប្រឹក្សាយោបល់ពីបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា តាមរយៈប្រព័ន្ធទូរស័ព្ទលេខ ១២៨០ ខណៈប្រព័ន្ធនេះទទួលបានការហៅចូលចន្លោះពី ១ ម៉ឺន ទៅ ១២ ០០០ នាក់ ក្នុង ១ ខែ។
លោក ស៊ាន សុខផៃ នាយកប្រតិបត្តិអង្គការបណ្ដាញទូរស័ព្ទជំនួយកុមារកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា Child Helpline នៅតែទទួលបានការហៅចូលជាច្រើនពីសំណាក់កុមារ និងយុវជន បន្ទាប់ពីដាក់ដំណើរការតាំងពីឆ្នាំ ២០០៧ មក ហើយកុមារ និងយុវជនទាំងនោះ ហ៊ានបង្ហាញបញ្ហាផ្លូវចិត្តរបស់ពួកគេ តាមរយៈប្រព័ន្ធនេះដើម្បីឲ្យមានការជួយទប់ស្កាត់បានទាន់ពេលវេលា។
តាមការវាយតម្លៃមួយកាលពីឆ្នាំ ២០០៧ បានរកឃើញថា កុមារ និងយុវជនកម្ពុជា គួរតែទទួលបានសេវាក្នុងការពិភាក្សាតាមទូរស័ព្ទដោយឥតគិតថ្លៃ សម្រាប់ជួយពួកគេឲ្យទទួល បានការពិគ្រោះយោបល់ក្នុងការផ្តល់ទាំងការគាំទ្រផ្លូវចិត្ត និងព័ត៌មាន ដើម្បីអនុញ្ញាតឲ្យពួកគេធ្វើការសម្រេចចិត្តដោយខ្លួនគេផ្ទាល់ ឬបញ្ជូនទៅអង្គការដៃគូដែលសមរម្យក្នុងការទទួលបានសេវាដោយផ្ទាល់ដូចជាអាហារ ជម្រក ថ្នាំពេទ្យ ឬការណែនាំផ្លូវច្បាប់។ នេះបើតាមរបាយការណ៍អង្គការបណ្ដាញទូរស័ព្ទជំនួយកុមារកម្ពុជា។
លោក សុខផៃ និយាយថា ឆ្លងកាត់ការផ្តល់ការប្រឹក្សាយោបល់ តាមរយៈតម្រូវការនេះ បញ្ហាដែលកុមារ និងយុវជនអាយុក្រោម ២៥ ឆ្នាំ កំពុងប្រឈម ក៏ដូចជាបង្ហាញចេញមក ជុំវិញបញ្ហារំលោភបំពានផ្លូវភេទ បញ្ហាជំងឺ អំពើហិង្សា និងការរើសអើង ជាពិសេសនោះគឺបញ្ហាផ្លូវចិត្ត ទាំងក្នុងកម្រិតធ្ងន់ធ្ងរ និងស្រាល។
លោកបន្តថា៖ «នៅពេលដែលគាត់បង្ហាញពីបញ្ហាទំនាក់ទំនងជាមួយមិត្តភក្តិ សាច់ញាតិអីហ្នឹង បានលេចចេញជារឿងអីផ្សេងទៀត នៅពេលគាត់ទុកចិត្តក្រុមប្រឹក្សាយោបល់ គឺយើងឃើញមានបញ្ហាបង្កប់ជាច្រើនទៀតរបស់ពួកគាត់។ ពាក់ព័ន្ធនឹងកុមារ គឺភាគច្រើនលើអំពើហិង្សាគាត់តេមកច្រើន ២ ទៅ ៣០០ ករណី អី អ៊ីចឹងទៅ ចំណែកពាក់ព័ន្ធរឿងស្ត្រី និងក្មេងស្រី គឺបញ្ហាការរើសអើង ក្នុងមួយឆ្នាំៗ ៣០០ ទៅ ៤០០ ករណី ហើយបញ្ហាផ្លូវចិត្តអីវិញ គឺជាង ១ ពាន់ករណីឯណោះ តេចូលមក»។
លោកបញ្ជាក់ថា៖ «ជាទូទៅ កុមារ និងយុវជន គឺពួកគាត់ ចង់មានមនុស្សម្នាក់ស្តាប់គាត់ អាចនិយាយជាមួយបាន មិនបន្ទោសគាត់ មិនស្តីឲ្យគាត់ ដែលភាគច្រើនគាត់ចង់បានអ៊ីចឹង ដូច្នេះលេខ Helpline នេះ គឺជួយគាត់បាន ព្រោះបើគាត់និយាយមិត្តភក្តិ ឪពុកម្តាយសាច់ ញាតិ អ្នកខ្លះ គាត់អត់ចេះវិធីគាំទ្រផ្លូវចិត្ត មានតែការបន្ទោសថែម ធ្វើឲ្យក្មេង កាន់តែពិបាក »។
អ្នកប្រឹក្សាយោបល់ម្នាក់ក្នុងប្រព័ន្ធ Helpline ១២៨០ ដែលសុំប្រើត្រឹមតែឈ្មោះវិចិត្រ បាននិយាយថា ចំនួនអ្នកតេមក ដើម្បីស្វែងរកសេវាប្រឹក្សាយោបល់ គឺនៅតែមានចំនួនច្រើនដដែល តែដោយសារក្រុមការងារ មានចំនួនតិច មិនអាចទទួលទាន់ពេលវេលា អតិថិជនខ្លះ ត្រូវបានខកខាន ក្នុងការស្វែងរកការផ្តល់ការប្រឹក្សាយោបល់នេះ។
លោក វិចិត្រ បានបន្តថា ជាទូទៅកុមារ និងយុវជន តែងតែមានរឿងលាក់ក្នុងចិត្ត មិនព្រមនិយាយចេញមកក្រៅនោះទេ ព្រោះតែពួកគេ មានការខ្មាសអៀន ដូច្នេះដើម្បីដោះស្រាយបញ្ហាទាំងនេះ លោកចង់ឲ្យកុមារ និងយុវជនទាំងអស់ មានភាពក្លាហាន ហ៊ាននិយាយការពិត តាមរយៈលេខ Helpline នេះ។
លោកបញ្ជាក់ថា៖ «យើងធានាការសម្ងាត់ ១០០ % ចំពោះរឿងរ៉ាវដែលពួកគាត់ បាននិយាយចេញ ហើយទទួលយកការប្រឹក្សាយោបល់តាមរយៈប្រព័ន្ធនេះ ព្រោះតែពួកយើង មុននឹងចូលខ្លួនជាអ្នកផ្តល់ប្រឹក្សាយោបល់ គឺសុទ្ធតែទទួលបានការបណ្តុះបណ្តាលជំនាញត្រឹមត្រូវ។ នៅពេលពួកគេ តេចូលដំបូង ពួកគេហាក់មាន ភាពខ្លាច តែការបន្តការសន្ទនាយូរទៅ ទើបពួកគេព្រមប្រាប់រឿងក្នុងចិត្តទាំងអស់ ហើយយើងព្យាយាមជួយដោះស្រាយ តាមរយៈបច្ចេកទេសរបស់យើង»។
អ្នកប្រឹក្សាយោបល់រូបនេះ បន្ថែមថា ដោយសារតែការធ្វើការជារៀងរាល់ថ្ងៃ មើលឃើញពីបញ្ហាប្រឈមរបស់កុមារ និងយុវជនកាន់តែច្រើន ដែលត្រូវការសេវាផ្តល់ប្រឹក្សាយោបល់នេះ។ លោកចង់ឲ្យដៃគូពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាល ចូលរួមគាំទ្របន្ថែមទៀត ដើម្បីឲ្យការបម្រើសេវាកម្មនេះ បានកាន់តែល្អ សម្រាប់ជួយដល់កុមារ និងយុវជនកម្ពុជា ឲ្យពួកគេ គេចផុតពីហានិភ័យទាំងនេះ។
យុវតីម្នាក់ដែលមានឈ្មោះ នាថ អាយុ ២១ ឆ្នាំ ដែលធ្លាប់ទទួលបានការប្រឹក្សាយោបល់ពីប្រព័ន្ធទូរស័ព្ទ Helpline នេះ បាននិយាយប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្រោយជួបបញ្ហាការ គំរាមកំហែងតាមប្រព័ន្ធអីុនធឺណិត កាលពីអំឡុង ឆ្នាំ ២០១៥ ខ្លួន ក៏សម្រេចចិត្តតេទៅលេខ helpline នេះ ដើម្បីសុំការប្រឹក្សាយោបល់។
ក្រោយទទួលបានការប្រឹក្សា និងជួយតាមរយៈអង្គការនេះ នាងបញ្ជាក់ថា បញ្ហារបស់ខ្លួន ក៏ត្រូវបានដោះស្រាយបញ្ចប់ ហើយស្ថានភាពផ្លូវចិត្ត ដែលរងគ្រោះពីការគំរាមកំហែង ដែលមិនហ៊ាននិយាយចេញ ក៏បានធូរស្រាល។
ដោយទទួលបានការប្រឹក្សាយោបល់ និងជួយសង្គ្រោះដោយជោគជ័យបែបនេះ នាថ ចង់ឲ្យកុមារ និងយុវជនទាំងអស់ គួរជ្រើសរើសយកវិធីសាស្ត្រតាមរយៈប្រព័ន្ធ helpline នេះ។
នាងនិយាយថា៖ «ខ្ញុំគិតថាល្អ បើយុវជនកម្ពុជា គាត់មានភាពក្លាហានក្នុងការប្រាប់ពីបញ្ហារបស់គាត់។ តែខ្ញុំមិនដឹងថា កុមារ និងយុវជនកម្ពុជា គាត់ហ៊ានឬអត់? តែសម្រាប់ខ្ញុំ បានធ្វើរួចហើយ»។
លោកស្រី ញ៉េប សុភាព អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិយាយថា កន្លងទៅក្រសួងតែងតែយកចិត្តទុកដាក់និងគាំទ្រយ៉ាងពេញទំហឹង ខណៈក្រសួងតែងតែប្រជុំពិនិត្យលើសំណើ និងបញ្ហារបស់កុមារ និងយុវជន ដែលបានបង្ហាញក្នុងប្រព័ន្ធនេះ។ បញ្ហាទាំងនេះ ក៏ជារបាយការណ៍សំខាន់មួយសម្រាប់ក្រសួង ក៏ដូចជារដ្ឋាភិបាល រៀបចំផែនការឲ្យបានត្រឹមត្រូវ ដើម្បីចូលរួមទប់ស្កាត់បញ្ហាជាអាទិភាព ដែលកើតមានលើពួកគេ។
លោកស្រីបញ្ជាក់ថា៖ «ការធ្វើរបស់យើងក៏មិនទាន់បានពេញចិត្ត ឬឆ្លើយតបទេ តែយើងក៏ប្តេជ្ញាចិត្តក្នុងការគាំទ្រដែរព្រោះវាល្អ ដែលអាចជួយកុមារ និងយុវជនកម្ពុជាឲ្យមានភាពក្លាហានក្នុងការបង្ហាញទុក្ខវិបត្តិរបស់ពួកគេចេញមក ដើម្បីឲ្យពួកយើងបានជួយពួកគេ»។
បើតាមអង្គការ Child Helpline កុមារ និងយុវជន ក្រៅពីអាចស្វែងរកសេវាប្រឹក្សាយោបល់តាមប្រព័ន្ធ ១២៨០ ដោយមិនអស់ថ្លៃក្នុង ២៤ ម៉ោង ក៏អាចទាក់ទងតាមគេហទំព័ររបស់អង្គការ៕