ភ្នំពេញៈ ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​សម្រាប់​ឆ្នាំ​ ២០២០ ​ត្រូវ​ឡើងដល់​ ១៩០ ​ដុល្លារ​ ខណៈ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ប្រកាសថា ប្រាក់​ឈ្នួល​នេះ​បើ​បូក​នឹង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​នឹង​ទទួល​បាន​ចន្លោះ​ពី​ ២០៧ ​ទៅ​ដល់​ ២១៨ ​ដុល្លារ​។

យ៉ាងណា​ចំពោះ​ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​នេះ សហជីព​មួយ​ចំនួន​ស្វាគមន៍ ខណៈ​មួយ​ចំនួន​ថា នៅ​មិនទាន់​អាច​ជួយ​ធ្វើឲ្យ​ជីវភាព​បាន ល្អប្រសើរ​ហើយ​បាន​ទាមទារ​ឲ្យ​ទប់ស្កាត់​ការឡើង​ថ្លៃទំនិញ​ និង​ផ្ទះជួល​របស់​កម្មករ​។

កាល​ថ្ងៃទី​ ១៨ កញ្ញា ឆ្នាំនេះ​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​បាន​ជួប​ពិភាក្សាគ្នា​ដើម្បី​រក​ចំណុច​រួមមួយ​ក្នុងការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​នៅ​ឆ្នាំ​ ២០២០ ដោយ​ក្នុងនោះ​សហជីព​ស្នើ​ ១៩៥ ​ដុល្លារ ភាគី​និយោជក​ស្នើ​ ១៨៦ ​ដុល្លារ រីឯ​រដ្ឋាភិបាល​បាន​ស្នើ ១៨៧ ​ដុល្លារ​។

ក្រោយពី​ពុំ​មាន​ចំណុចរួម​ការដោះស្រាយ​ត្រូវ​បាន​ធ្វើ​ឡើង​តាមរយៈ​ការបោះឆ្នោត​កាលពី​ថ្ងៃ​សប្តាហ៍​មុន​ដោយ​ ៤៣ ​សំឡេង​លើ​ ៥១ គាំទ្រ តួលេខ​ ១៨៧ ​ដុល្លារ និង​ ៨ ​សំឡេង​លើ​ ៥១ គាំទ្រ​តួលេខ ១៩៥ ​ដុល្លារ ខណៈ​តួលេខ​ ១៨៦ ​ដុល្លារ​របស់​និយោជក​គ្មាន​សំឡេងឆ្នោត​។

ក្រោយ​ទទួល​លទ្ធផល​ឆ្នោត​លើ​តួលេខ​ ១៨៧ ​ដុល្លារ​ ​ដែល​មាន​សំឡេង​គាំទ្រ​ច្រើន​ជាងគេ​​ក៏​ត្រូវបាន​បញ្ជូនទៅ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ហើយ​លោក​ក៏​សម្រេច​បន្ថែម​ ៣ ​ដុល្លារ​​ទៀត​រហូត​ឡើង​ដល់​ ១៩០ ​ដុល្លារ​​ សម្រាប់​ឆ្នាំក្រោយ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​កាលពី​ថ្ងៃ​សុក្រ​​បាន​លើកឡើង​ថា ចាប់ពី​ថ្ងៃទី​ ១ ​មករា ​ឆ្នាំ​ ២០២០ កម្មករ​ពេញសិទ្ធិ​នឹង​មាន​ប្រាក់​ឈ្នួល​អប្បបរមា​ ១៩០ ​ដុល្លារ​ក្នុង​ ១ ​ខែ​។ ចំណែក​អ្នក​សាកល្បង​ក្នុង​វិស័យនេះ​នឹង​ទទួល​ប្រាប់​ឈ្នួល​ចំនួន​ ១៨៥ ​ដុល្លារ​។

ក្រសួង​ការងារ​បាន​បញ្ជាក់​ថា ចំពោះ​ប្រាក់​អត្ថប្រយោជន៍​ដែល​កម្មករ​និយោជិត​ធ្លាប់​ទទួលបាន​កន្លងមក​ត្រូវ​បាន​រក្សាទុក​ដដែល​មាន​ដូចជា ប្រាក់​សោហ៊ុយ​ធ្វើ​ដំណើរ​ និង​ស្នាក់នៅ​ចំនួន​ ៧ ​ដុល្លារ​​ និង​ប្រាក់រង្វាន់​ធ្វើការ​ទៀងទាត់​ចំនួន​ ១០ ​ដុល្លារ​ក្នុង​ ១ ​ខែ​រួមទាំង​​ប្រាក់​ថ្លៃ​បាយ​សម្រាប់​ការធ្វើ​ការបន្ថែម​ម៉ោង​ដោយ​ស្ម័គ្រចិត្ត​ចំនួន​ ២ ០០០ ​រៀល​ ក្នុង​ ១ ​ថ្ងៃ​​ ឬ​ការទទួលបាន​បាយ​មួយពេល​ដោយ​ឥតគិតថ្លៃ​ និង​ប្រាក់រង្វាន់​អតីតភាព​ការងារ​ចន្លោះ​ពី​ ២ ​ដុល្លារ​ដល់​ ១១ ​ដុល្លារ​ក្នុង​ ១ ​ខែ​សម្រាប់​កម្មករ​ដែល​ធ្វើការ​ចាប់ពី​ឆ្នាំ​ទី​ ២ ​ដល់​ឆ្នាំ​ទី​ ១១​។

ក្រសួង​បញ្ជាក់​ក្នុង​លិខិត​បន្តថា​៖ «​ដូចនេះ​ជា​មធ្យម​កម្មករ​និយោជិត​ម្នាក់ៗ​នឹង​ទទួល​បាន​ប្រាក់បៀវត្សរ៍​យ៉ាងតិច​ចំនួន​ពី​ ២០៧ ដុល្លារ​ ដល់​ ២១៨ ​ដុល្លារ​ ក្នុង​ ១ ​ខែ​»​។

លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ប្រាក់​ឈ្នួល​ប៉ុណ្ណេះ មិនទាន់​អាច​ឲ្យ​កម្មករ​មាន​ជីវភាព​ល្អ​ទេ ហើយ​បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ជិត​ខាង​ខ្លះ​ដែល​មាន​ប្រាក់ឈ្នួល​ប្រហែល​នឹង​កម្ពុជា ប៉ុន្តែ​​តម្លៃ​ទំនិញ​លើ​ទីផ្សារ​នៅ​កម្ពុជា​ខ្ពស់ជាង​ប្រទេស​ទាំងនោះ​។

លោកស្រី​បញ្ជាក់​ថា​៖ «​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្តនឹង​ការដំឡើង​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​ប៉ុណ្ណឹង ខ្ញុំ​មិនទាន់​សប្បាយ​ចិត្ត​នៅក្នុង​ការទទួល​ទេ​។ ព្រោះ​យើង​ដឹងថា រោងចក្រ​អាច​មាន​លទ្ធភាព​ដំឡើង​លើស​ហ្នឹង​ទៀត​...»​។

ចំណែក​លោក ជួន មុំថុល ប្រធាន​សហព័ន្ធ​សហជីព​ខ្មែរ​ដែល​សាទរ​ចំពោះ​ប្រាក់​ឈ្នួល​ឆ្នាំ​ក្រោយនេះ បាន​ថ្លែងថា​លោក​នៅតែ​ចង់​ឲ្យ​រដ្ឋាភិបាល​ទប់ស្កាត់​រឿង​ទំនិញ​ឡើងថ្លៃ​ និង​បន្ត​រក្សា​តម្លៃ​ទឹក​ភ្លើង ជាពិសេស​តម្លៃ​ផ្ទះជួល​របស់​កម្មករ​ដោយ​លោក​ចាត់ទុក​ថា​នឹង​ធ្វើឲ្យ​ជីវភាព​កម្មករ​បាន​ហើយ​បាន​ស្នើ​ឲ្យ​គិតគូរ​ពី​សុវត្ថិភាព​ដឹកជញ្ជូន​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​សំណើ​ហ្នឹង សំណើ​របស់​យើង​ទាំងអស់​គ្នា យើង​ចង់​ឲ្យ​រដ្ឋាភិបាល​ហ្នឹង​ជួយ​ជំរុញ និង​គិតគូរ​ឡាន​ឲ្យ​មាន​សុវត្ថិភាព​សម្រាប់​បងប្អូន​កម្មករ ហើយ​ឲ្យ​មាន​អាហារ​ថ្ងៃត្រង់​ជូន​បងប្អូន​ញ៉ាំ​តែម្ដង​ទៅ​»​។

យ៉ាងណា លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្រៅពី​ការសម្រេច​នេះ​ក្រសួង​នឹង​សម្របសម្រួល​ពិនិត្យ​លើ​សំណើ​នានា​ដែល​បាន​ស្នើ​ឡើង​បន្ត​ទៀត​៕