ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងមួយ បានឲ្យដឹងថា គណនីហ្វេសប៊ុក និងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ហ៊ុន ម៉ានី ដែលជាតំណាងរាស្ត្រ និងជាកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានគេលួច (Hack) យកទៅគ្រប់គ្រងកាលពីល្ងាចថ្ងៃទី ១៤ ខែកុម្ភៈ។
បុគ្គលិកម្នាក់ នៅក្នុងក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា របស់លោកហ៊ុន ម៉ានីបានបញ្ជាក់អំពីព័ត៌មាននេះ។ បុគ្គលិកដែលសុំមិនឲ្យបញ្ចេញឈ្មោះ បានថ្លែងថា៖«យើងកំពុងធ្វើការលើរឿងនេះ។ ពេលនេះ យើងនៅមិនទាន់មានព័ត៌មានលម្អិតនៅឡើយទេ»។
យោងតាមសេចក្តីជូនដំណឹង បានបញ្ជាក់ថា ទំព័រហ្វេសប៊ុក និងគណនីហ្វេសហ៊ុកដែលមាន ឈ្មោះថា «Hun Mani» និង «Hun Many» ត្រូវបានគេលួច (Hack) យកទៅកាន់កាប់បន្ទាប់ពីមានការប៉ុនប៉ងជាច្រើនលើកច្រើនសា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
សេចក្ដីជូនដំណឹងនោះ បានបន្តថា៖ «ក្រុមការងារ ក៏បានជូនដំណឹងជាផ្លូវការរួចហើយដែរទៅកាន់នាយកដ្ឋានជំនាញរបស់ក្រសួងមហាផ្ទៃ ដើម្បីបើកការស៊ើបអង្កេតជាផ្លូវការលើករណីនេះ។ ដំណឹងនេះ ក៏ចាត់ទុកថា ជាការជម្រាបជូនដល់សាធារណជនជាពិសេសអ្នកគាំទ្រទាំងអស់ ឲ្យមានការយកចិត្តទុកដាក់ និងពិចារណា ឲ្យបានល្អិតល្អន់ ចំពោះព័ត៌មានមិនពិតណាមួយ ដែលអាចប្រឌិតឡើង ក្រោមឈ្មោះ គណនី ឬទំព័រ ដូចមានបញ្ជាក់ ជូនខាងលើជាយថាហេតុណាមួយ»។
ទន្ទឹមនឹងនេះដែរ អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បានឲ្យដឹងផងដែរថា គណនីហ្វេសប៊ុករបស់មន្ត្រីជាន់ខ្ពស់យោធាពីររូប ក៏ត្រូវបានគេលួច (Hack) ដែរ កាលពីដើមខែនេះ។
លោក សុជាតិ ថ្លែងថា ពួកអ្នកលួច (Hacker) បានប្រើប្រាស់គណនីហ្វេសប៊ុករបស់មន្ត្រីទាំងនោះ ដើម្បីបង្ហោះសាររិះគន់លើមេដឹកនាំយោធា។
លោក សុជាតិ មានប្រសាសន៍ថា៖ «យើងបានស្នើឱ្យក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើការស៊ើបអង្កេតលើករណីនេះ»៕ NS