ព្រះសីហនុៈ ពលរដ្ឋ​ចំនួន​ ៥០ ​គ្រួសារ​ ដែល​អះអាងថា ជា​ម្ចាស់​កម្មសិទ្ធិ​ដី​ទំហំ​ ៥ ​ហិកតា ​ស្ថិតនៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​បាន​តវ៉ា​ពី​ម្សិលមិញ​នៅលើ​ទីតាំង​ដី​នេះ និង​បាន​ដាក់​លិខិត​ស្នើសុំ​ជួយ​អន្តរាគមន៍​ទៅ​លោក គួច ចំរើន អភិបាលខេត្ដ​ដោយ​អះអាង​ថា បុគ្គល​ឈ្មោះ អ៊ុក ស៊ីណេត និង​បក្ខពួក​បាន​រំលោភ​យក​ដី​របស់​ពួកគាត់​ដោយ​យក​គ្រឿងចក្រ​ទៅ​ឈូសឆាយ​ផ្ទះ​ និង​ដំណាំ​នៅពេល​យប់​។

អ្នកស្រី កែវ ចន្ថា តំណាង​ពលរដ្ឋ​ទាំង​ ៥០ ​គ្រួសារ ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ ខណៈ​ពេល​កំពុង​នាំគ្នា​តវ៉ា​នៅ​ទីតាំង​ដី​ខាងលើ​ថា ពលរដ្ឋ​ទាមទារ​ឲ្យ​បុគ្គល​ឈ្មោះ អ៊ុក ស៊ីណេត និង​បក្ខពួក​ចេញមុខ​មក​ដោះស្រាយ​លើ​វិវាទ​ដីធ្លី​នេះ​។ ប៉ុន្ដែ​គ្មាន​អ្នកណា​ចេញ​មុខមក​ដោះស្រាយ​ឲ្យ​ពលរដ្ឋ​ឡើយ​ទើប​ធ្វើ​ការស្នើសុំ​កិច្ចអន្តរាគមន៍​ទៅ​លោក គួច ចំរើន អភិបាលខេត្ដ​ព្រះសីហនុ​ជួយ​ដោះស្រាយ​លើ​រឿងនេះ​។

អ្នកស្រី​ថ្លែងថា​៖ «​ពួកគេ​មិន​ចេញ​មក​ដោះស្រាយ​ទេ បែរ​ជា​ប្រើ​ប្រជាពលរដ្ឋ​ដែល​ពួកគាត់​ជួល​មក​ស្នាក់នៅ​លើដី​របស់​ពួកខ្ញុំ​នេះ​មក​តទល់​ជាមួយ​ពួកខ្ញុំ​ទៅ​វិញ​។ ឥឡូវ​កំពុង​មាន​ការប៉ះទង្គិច​គ្នា រុញ​ចុះ រុញ​ឡើង ហើយ​អ្នកខ្លះ​គំរាម​កាប់​ពួក​ខ្ញុំ​ទៀតផង​។ បើ​ពួក​ខ្ញុំ​ប៉ះទង្គិច​វិញ​នោះ​អាច​មាន​គ្រោះថ្នាក់​ខ្លាំង​ហើយ​ក្នុងពេល​តវ៉ា​ព្រឹក​មិញ​នេះ​ [​ព្រឹក​ថ្ងៃ​ចន្ទ​ម្សិលមិញ​]»​។

អ្នកស្រី ចន្ថា ឲ្យដឹងថា ពួក​អ្នកស្រី​ទាំង​ ៥០ ​គ្រួសារ​ បាន​ដាក់​លិខិត​ស្នើសុំ​អន្តរាគមន៍​ទៅ​លោក គួច ចំរើន នៅ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​កាលពី​ថ្ងៃទី​ ១៦ ខែ​កុម្ភៈ​។ ប៉ុន្ដែ​មិនទាន់​ឃើញ​មាន​កិច្ចអន្តរាគមន៍​ណាមួយ​ពី​អាជ្ញាធរ​ខេត្ដ​នៅឡើយ​ទេ​ត្រឹម​ថ្ងៃ​ចន្ទ​ម្សិលមិញ​។

តាម​ពាក្យស្នើសុំ​ឲ្យ​ជួយ​ពលរដ្ឋ​ស្នើ​លោក​ គួច ចំរើន ជួយ​ឲ្យ​ពួកគេ​បាន​ចូលទៅ​កាន់កាប់​ដី​ជា​កម្មសិទ្ធិ​របស់​ពួកគេ​វិញ​។ ពលរដ្ឋ​ទាំង​នោះបាន​បញ្ជាក់​ថា ពួកគេ​ដែលជា​ពលរដ្ឋ​ទាំង​ ៥០ ​គ្រួសារ​បាន​មក​រស់នៅ​ទីតាំង​ដី​ខាងលើ​តាំងពី​ឆ្នាំ​ ២០០២ រហូតមក​។

តាមរយៈ​ពាក្យស្នើសុំ​កិច្ចអន្តរាគមន៍​ដដែល​បញ្ជាក់ថា​៖ «​ក្នុង​រយៈពេល​ ១ ​សប្ដាហ៍​ ដើមខែ​កុម្ភៈ ឆ្នាំ​ ២០២០ ក្រុម​របស់​លោក អ៊ុក ស៊ីណេត និង​បក្ខពួក​បាន​យក​គ្រឿងចក្រ​មក​ឈូសឆាយ​លើដី​នោះ​នៅពេល​យប់ និង​ពេល​ថ្ងៃ​យក​គ្រឿងចក្រ​ចេញ​វិញ ដើម្បី​បំភាន់​ភ្នែក​ប្រជាពលរដ្ឋ និង​ធ្វើឲ្យ​ខូចខាត​ដំណាំ អាស្រ័យ​ផល និង​ផ្ទះ​ចំនួន ៥០ ​ខ្នង ​ហើយ​បាន​បង្កើត​ក្រុម​យាម​ការពារ​នៅ​ទីតាំង​ដី​ ៥ ​ហិកតា​នេះ​គ្រប់​ទិស​ ដើម្បី​ពិនិត្យ​ការចេញចូល​អ្នកដទៃ​»​។

ពួកគេ​បញ្ជាក់​ក្នុង​ពាក្យ​សុំអន្តរាគមន៍​ថា​៖ «​យើងខ្ញុំ​ទាំងអស់​គ្នា​សូម​អនុញ្ញាត​ជម្រាប​ស្នើសុំ​អន្តរាគមន៍​ពី​ឯកឧត្ដម​អភិបាលខេត្ដ​ព្រះសីហនុ មេត្ដា​ជួយ​រកយុត្ដិធម៌​ឲ្យ​យើងខ្ញុំ​ទាំងអស់​គ្នា​បាន​ចូលទៅ​រស់នៅ​ដាំដំណាំ អាស្រ័យផល ដូច​ពី​មុន​ដោយ​អនុគ្រោះ​។ កូនចៅ​ទាំងអស់​គ្នា​កំពុង​តែ​រងគ្រោះ ឥឡូវ​នេះ​អ្នក​មានអំណាច​មក​ឈូសឆាយ​ដំណាំ និង​ផ្ទះ​ចោល​អស់​ចំនួន ៥០ ​ខ្នង​។ ដូច្នេះ​សូម​ឯកឧត្ដម​អភិបាល​មេត្តា​ជួយ​រក​យុត្ដិធម៌​ឲ្យ​យើងខ្ញុំ​ទាំង​ ៥០ ​គ្រួសារ ​ដោយ​ក្ដីអនុគ្រោះ​»​។

លោក ឃាង ភារម្យ អ្នក​នាំពាក្យ​រដ្ឋបាល​សាលា​ខេត្ដ​ព្រះសីហនុ​ថ្លែងពី​ម្សិលមិញ​ថា មិនទាន់​ទទួល​បាន​លិខិតស្នើ​សុំ​ជួយ​អន្តរាគមន៍​របស់​ពលរដ្ឋ​ទាំង​ ៥០ ​គ្រួសារ​នេះ​នៅឡើយ​ទេ​។ ប៉ុន្ដែ​លោក​ថា​នឹង​តាម​រកមើល​លិខិតស្នើ​សុំ​នេះ​ថា បាន​ទៅ​ដល់​ណា​ហើយ​។ ឯ លោក សរ កក្កដា អភិបាលស្រុក​ព្រៃនប់​មិន​អាច​សុំ​បញ្ជាក់​បានទេ​កាលពី​ម្សិលមិញ​ដោយ​លោក​ចុច​បិទ​ទូរស័ព្ទ ។

លោក សុខ ចាន់ដារ៉ា មេភូមិ​គគីរ អះអាង​ពី​ម្សិលមិញ​ថា ដី​នៅ​តំបន់​មាន​វិវាទ​ខាងលើ​នេះ​ភាគច្រើន​ជា​ដី​គម្រប​ព្រៃឈើ​ខេត្ដ​ព្រះសីហនុ ហើយ​ពលរដ្ឋ​មាន​វិវាទ​ទាំង​ ៥០ ​គ្រួសារ​ ក៏​មិនទាន់​បានដាក់​ស្នើសុំ​អន្តរាគមន៍​មក​ភូមិ-ឃុំ​ដែរ​។

លោក​បន្ដថា​៖ «​ពួកគាត់​ជា​ពលរដ្ឋ​ដែល​មិនទាន់​មាន​ទិន្នន័យ​ក្នុង​បញ្ជី​ឃុំ​នៅឡើយ​ទេ​។ ពួកគាត់​មិនដឹង​មកពី​ខេត្ដ​ណាខ្លះ​ទេ​មកពី​ក្រៅ​គ្រប់​ខេត្ដ​។ ពួកគាត់​មក​ចាប់ដី​យក​នៅ​អំឡុង​ឆ្នាំ ២០១៧-២០១៨ រហូត​មក​ទល់​សព្វថ្ងៃ​មាន​ពលរដ្ឋ​ខ្លះ​បាន​ធ្វើ​ផ្ទះ​ធ្វើ​អី​រស់នៅ​តំបន់​នោះ​ហើយ​មិនទាន់​មាន​ចំណាត់ការ​ពី​ថ្នាក់លើ​ទេ​»​។

ភ្នំពេញ​ប៉ុស្តិ៍​នៅ​មិនទាន់​អាច​ស្វែងរក​ប្រភព​ណាមួយ ដើម្បី​ទាក់ទង​សុំ​ការបំភ្លឺ​ពី​លោក អ៊ុក ស៊ីណេត និង​អ្នកពាក់ព័ន្ធ​ជុំវិញ​ការចោទប្រកាន់​នេះ​បាន​នៅឡើយ​ទេ​កាលពី​ម្សិលមិញ​៕