ព្រះសីហនុៈ បុរស​ជា​កម្មករ​ដឹក​ធុង​ខ្យល់​អុក​ស៊ី​ហ្សែនម្នាក់​បាន​ដាច់​ក្បាល​ស្លាប់​នៅកន្លែង​កើតហេតុ ​ដោយសារ​ជន​រងគ្រោះ​ដឹក​ធុង​ខ្យល់​អុកស៊ីហ្សែន​ យក​ទៅ​ដាក់​ឲ្យ​​ម៉ូយ​នៅ​តាម​​ផ្ទះ​ ហើយ​ត្រូវ​ធុង​ខ្យល់​នោះ​ផ្ទុះ​កាល​ពីថ្ងៃ​ទី ២០ កក្កដា​ នៅ​ភូមិ ៤ ​ឃុំ​ទំនប់​រលក​ ស្រុក​ស្ទឹងហាវ ​ខេត្ត​ព្រះសីហនុ។

លោក​ បូ​ ណាំ​ នាយ​នគរបាល​ប៉ុស្តិ៍​ទំន​ប់រល​ក​ ស្រុក​ស្ទឹង​ហាវ​ ​ប្រាប់​ពីម្សិលមិញ​ថា ​បុរស​រងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​ ពត ​សុ​ផាត់​ អាយុ​ ៣៩​ ឆ្នាំ​ រស់​នៅ​ភូមិ​ ៤​ ឃុំ​ទំនប់​រលក​ ស្រុក​ស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ ​និង​មាន​ស្រុក​កំណើត ​នៅ​ខេត្ត​កំពត។

លោកប្រាប់​ថា​ កាល​ពី​ថ្ងៃ​ទី​ ២០ កក្កដា​ ​ជនរ​ង​គ្រោះ​ និង​បុរស​ជា​កម្មករ​ម្នាក់​ទៀត​បាន​ដឹក​ធុង​ខ្យល់​អុក​ស៊ីហ្សែន ​តាម​រថ​យន្ត​ដាក់​ឲ្យម៉ូយ​នៅ​តាមផ្ទះ​ ហើយ​ដែល​ដែក​ធុង​ខ្យល់​អុកស៊ីហ្សែន​ នីមួយៗ​ មាន​ចំណុះ​ខ្យល់ ​៥០​ គី​ឡូក្រា​ម​។ ពេល​នោះ​គេ​ឃើញ​បុរស​ម្នាក់​បាន​រំកិល​ធុង​ខ្យល់​ទម្លាក់​មក​ដី ​ហើយ​ជនរងគ្រោះ​បាន​ចាប់ធុង​ដោយ​ខ្លួន​គាត់ ​ដោយ​ឱន​ចាប់​តួ​ធុង​បំណង​ផ្តេក​ទៅនឹង​ដី​ក៏​ស្រាប់​តែ​ផ្ទុះ​តែម្តង​ទៅ។

​លោក​បន្តថា ​បំណែក​ដែក​ និង​ក្បាល​ជន​រងគ្រោះ​ប៉ើង​ដាច់​ចេញ​ពី​ខ្លួន​​ចម្ងាយ​ប្រហែល​ ១០០ ម៉ែត្រ​ រីឯ​ខ្លួនជន​រងគ្រោះ​​ប៉ើង​ប្រហែល​ ១០ ម៉ែត្រ​ទៅ​ប៉ះនឹង​ជញ្ជាំង​រោង​ស្នាក់​នៅ​របស់​គេ។​ ប៉ុន្តែ​ បុរស​ម្នាក់​ទៀត​ដែល​នៅ លើរ​ថយន្ត​មិន​រង​របួស​ទេ។

លោក​ថា​៖ ​«​ករណី​នេះ​ ខ្ញុំ​បាន​សួរ​ទៅ​មន្រ្តី​ជំនាញ​ គេ​ប្រាប់​ថា​ មិន​ដែល​មាន​ធុង​ខ្យល់​អុកស៊ីហ្សែនផ្ទុះ​បែប​នេះ​ទេ​ ហើយ​វា​ក៏​គ្មាន​ហានិភ័យ​ខ្ពស់​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដែរ​។ បើ​វា​ផ្ទុះ​អ៊ី​ចឹង​គេ​មិន​យក​វាទៅ​ដាក់​តាម​មន្ទីរ​ពេទ្យ​ដើម្បី​បញ្ចូល​ខ្យល់​ឲ្យ​អ្នក​ជំងឺ ​ហើយ​បើ​គិត​ទៅ​មិន​សម​នឹង​ផ្ទុះ​បាន​ទេ»។

លោក​បន្ត​ថា​ ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​នគរ​បាល​ជំនាញ​ចុះ​ធ្វើ​កោសល្យ​វិច័យ​នៅ​កន្លែង​កើត​ហេតុ​​ពិនិត្យ​ឃើញ​ថា​នៅ​លើខ្លួន​របស់​ជនរងគ្រោះ​បាន​ដាច់​ត្រឹម​ក​ ហើយ​នៅ​ដង​ខ្លួន​ក៏​មាន​បំណែក​ត្រូវ​អំបែង​ធុង​ដែក​ជា​ច្រើន​កន្លែង​ទៀត​ដែរ។

ធុង​ដែក​ដែល​ផ្ទុក​ខ្យល់​អុក​ស៊ីហ្សែន​នោះ​មាន​កម្រាស់ជាង​ ១ ​ហ៊ុន​​មាន​ទម្ងន់​ធ្ងន់​។ ​ប្រសិនបើ​មនុស្ស​ ២ ​នាក់​ ក៏​មិន​អាច​លើក​ធុង​ដែក​នោះ​រួច​ដែរ។

លោក​បញ្ជាក់​ថា​ នៅ​យប់​​កើត​ហេតុ​បាន​ប៉ុន្មាន​ម៉ោង​រួចមក​ ក្រុម​គ្រួសារ​ជន​រងគ្រោះ​នៅខេត្ត​កំពត​បាន​មក​ប៉ុស្តិ៍​នគរ​បាល​ ហើយ​ម្តាយ​របស់​ជន​រង​គ្រោះ​ក៏​បាន​ស្នើសុំ​សមត្ថកិច្ច​​ធ្វើ​ការ​បូ​ជា​សព​កូន​នៅ​វត្ត​ពោធិ៍​មាន​ជ័យ​ ស្ថិត​នៅ​ក្នុង​ភូមិ​ ៤​ ឃុំទំនប់​រលក ​ដើម្បី​​យក​ធាតុ​ទៅ​ធ្វើ​បុណ្យ ​តាម​ប្រពៃណី​។ ​ចំណែក​រឿង​សំ​ណង​វិញ​ គឺ​ម្ចាស់​សិប្បកម្មបញ្ចូល​ខ្យល់​អុកស៊ី​ហ្សែន​នោះ ​បាន​ជួយ​ចេញ​ថ្លៃ​បុណ្យសព​មួយ​ចំនួន​ដែរ៕