បន្ទាយមានជ័យៈ លំនៅឋាន​ទើប​សង់​ថ្មី​ជាង ​៤០​ ខ្នង​ របស់​ប្រជា​ពលរដ្ឋ​មួយ​ក្រុម​ ដែល​ភាគ​ច្រើន​ជាជ​ន​ចំណាក​ស្រុក​ពី​ប​ណ្ដា​ខេ​ត្ត​ផ្សេងៗ ត្រូវ​បាន​ប្រជា​សហ​គម​ន៍​ការពារ​ព្រៃ​ឈើ​ឃុំ​ទួល​ពង្រ ​ស្រុក​ម៉ាឡៃ​ ខេត្ត​បន្ទាយ​មាន​ជ័យ ​ប្រមាណ​ជាង ១០០​ នាក់​ នាំ​គ្នា​ចុះ​​រុះរើ​​ និង​ផ្ដួល​រំលំ​ចោល​ ​ដោយ​សំអាង​ថា​ សំណង់​ទាំងនោះ​បាន​សង់​រំលោភ​យក​ដី​ព្រៃ​សហគមន៍​របស់​ពួកគេ។​​​

​លោក​ សាន​ ស៊ីម​ ប្រធាន​សហ​គម​ន៍​ការពារ​ព្រៃ​ឈើ​ឃុំ​ទួល​ពង្រ​ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​នៅ​ថ្ងៃម្សិល​មិញ​ថា​ ដោយ​មាន​ការ​គាំ​ទ្រពី​អាជ្ញា​ធរ​មូលដ្ឋាន​ និង​សមត្ថ​កិច្ច​ប្រដាប់អាវុធ​ចម្រុះ​នៃ​កង​បញ្ជា​ការ​​ឯក​ភាព​ស្រុក​ម៉ាឡៃ​ កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ កម្លាំង​ប្រជា​សហ​គមន៍​របស់​លោក​ប្រមាណ​ជាង​ ១០០ នាក់​ បាន​រួម​គ្នា​ចុះរុះ​រើ​លំ​នៅ​ឋាន​ចំនួន​ ៤៣ ខ្នង​ផ្ទះ​របស់​​ប្រជា​ពល​រដ្ឋ​មួយ​ក្រុម ដែល​បាន​លួច​សង់​រំលោភ​យក​ដី​ព្រៃ​របស់​សហ​គមន៍​ដោយ​ខុស​ច្បាប់។​

​លោក​ ​ស៊ីម​ បាន​បញ្ជាក់​ថា​៖​ «​ផ្ទះ​ទាំង​នោះ​មាន​ទំហំ​ ៤ ​ម៉ែត្រ​ ៤ ​ជ្រុង​ សង់​ពី​ឈើ​ប្រ​ក់​ស័ង្កសី​ និង​មាន​ជញ្ជាំង​ព័ទ្ធ​ជុំវិញ​ដោយ​ស័ង្កសី។​ លំ​នៅ​ឋាន​ទាំង​នោះ​ បាន​សង់​នៅ​លើទី​តាំង​ដី​ព្រៃ​សហ​គមន៍​ភូមិ​កោះ​ស្នួល​របស់​ពួក​យើង​ដោយ​គ្មាន​ការ​អនុ​ញ្ញាត​ ហើយ​ម្ចាស់​លំនៅ​ឋាន​ទាំង​នោះ​ បា​ន​កាប់​រាន​ដី​ព្រៃ​របស់​ពួក​យើង​មួយ​ចំនួន​ទៀត»។

​លោក​ ស៊ីម ​បាន​បន្ត​ថា​ កាល​ពី​ដើម​ខែ​វិច្ឆិកា ​ឆ្នាំ​ ២០១៨ ​នៅ​ពេល​ចុះ​ល្បាត​ ពួក​គាត់​បាន​ឃើញ​មាន​សកម្ម​ភាព​លួច​ចូល​សង់​​ផ្ទះ​ប្រភេទ​នេះ​ នៅ​លើ​ទី​តាំង​ខាង​លើ​នេះ​ចំនួន​ ៤​-​៥​ ខ្នង​ប៉ុណ្ណោះ​ ហើយ​ពួកគាត់​បាន​ធ្វើ​ការ​អប់​រំឲ្យ​រុះ​រើចេ​ញ​ ​ប៉ុន្តែ​​នៅ​ចន្លោះ​ខែ​ម​ក​រា ​និង​ កុម្ភៈ​ ឆ្នាំ​ ២០១៩ ​ ក្រុម​ដដែល​នេះ​បាន​លួច​ចូល​មក​សង់ផ្ទះ​ឡើង​វិញ​ និង​មាន​ចំនួ​ន​កើនឡើង​រហូត​ដល់​​ ២០​ ខ្នង​ផ្ទះ។ ​នៅ​ពេល​នោះ​លោក​ និង​ប្រជា​សហ​គមន៍​បាន​នាំ​គ្នា​រាយ​ការ​ណ៍​ដល់​សម​ត្ថ​កិច្ច​មូល​ដ្ឋាន​ ដើម្បី​ឲ្យជួយ​អន្ត​រាគមន៍​ បណ្ដេញ​ពួកគេ​ចេញ។​

​លោក​ថ្លែង​ថា​៖​ «​ភាព​យឺតយ៉ាវ​ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​សំណើ​សុំកិច្ច​អន្តរា​គមន៍​របស់​ពួក​យើង​ពី​អាជ្ញាធ​រ​ បាន​ធ្វើ​​ឲ្យ​ក្រុម​ប្រ​ជា​ពល​រដ្ឋ​ចំណាក​ស្រុក​ទាំង​នោះ​មាន​ឱកាស​បង្កើន​ចំនួន​ប្រជា​ពល​រដ្ឋ​កាន់​តែ​ច្រើន​ឡើង​ និង​បាន​បន្ត​ការ​សាងសង់​​ផ្ទះ​ដោយ​ខុស​ច្បាប់​លើ​តំបន់​ព្រៃ​ការពារ​របស់​សហ​គមន៍​យើង​ រហូត​ដល់​ជាង​ ៤០ ​ខ្នង​ផ្ទះ»។ ​

លោ​ក​ ​ស៊ីម​ ថ្លែង​ថា​ នៅ​ក្នុ​ង​អំឡុង​ខែ​មេសា​ ឆ្នាំ​ ២០០៣ ​ក្រសួង​បរិស្ថាន​បាន​សម្រេច​កាត់​ដី​ទំហំ​ ៥០០​ ហិកតា​ ទៅ​ឲ្យប្រជា​ពល​រដ្ឋ​ចំនួន​ជាង​ ១០០០ ​គ្រួសារ​នៃ​សហ​គមន៍​ចំនួន ​៥ ក្នុង​ឃុំ​ទួល​ពង្រ​ ដែល​រួម​មាន​ សហ​គមន៍​ភូមិ​អូរអំពិល​ សហ​គមន៍​ភូមិ​ស្វា​ងាប់​ ​សហ​គមន៍​ភូមិ​កោះ​ស្នួល​ សហ​គមន៍​ភូមិ​បន្ទាយ​ទី ១​ និង​សហ​គមន៍​ភូមិ​ទួល​ពង្រ ​ដើម្បី​គ្រប់​គ្រង​ ការពារ​និង​អភិរក្ស​អាស្រ័យ​ផល។​

លោក​ ហ៊ឹម​ យឺន​ តំណាង​ប្រជា​ពលរដ្ឋ​ជា​ម្ចាស់​ផ្ទះ​ទាំង ​៤៣ ខ្នង​ បាន​អះអាង​ថា​ ទីតាំង​ដី​ដែល​ពួក​គាត់​បាន​សង់​ផ្ទះ​នៅ​នោះ ​មិន​ស្ថិត​នៅ​ក្នុង​ទីតាំង​ដី​របស់ស​ហគមន៍​ទាំង​ ៥ ​នោះ​ទេ​ ហើយ​វា​ក៏​មិន​មែន​ជា​ដី​ព្រៃ​កា​រពារ​ឬ​អភិ​រក្ស​អ្វី​នោះ​ដែរ​ គឺ​ជា​ដី​បន្ទាយ​ចាស់​របស់​កង​វ​រ​សេ​នា​តូ​ច​លេខ​ ៦៧១ ​ហើយ​នៅ​ឆ្នាំ​ ១៩៩៩ ​​រដ្ឋាភិ​បាល​បាន​ចេញ​ ស​.​ជ​.​ណ ​មួយ​ ដោយ​កាត់​ទី​តាំង​ដី​បន្ទាយ​នេះ​រួម​ទាំង​ដី​ព្រៃ​រេចរឹល​ក្នុង​តំបន់​នេះ​សរុប​ ១ ៩២៩ ​ហិក​តា ​ដល់​គ្រួសារ​អតី​ត​យុទ្ធ​ជន​ពួក​គាត់​ចំនួន​ ២៣៣ ​គ្រួសារ​ ដើម្បី​សង់​លំនៅ​ឋាន​ និង​បង្ក​បង្កើន​ផល​ សម្រាប់​ចិញ្ចឹម​ជីវិត។​

លោក ​ឯម ​សុខា អភិ​បាល​ស្រុក​ម៉ាឡៃ​បាន​ឲ្យ​ដឹង​ថា​ ឯ​កសារ​អំណះ​អំណាង​របស់​លោក​ ហ៊ឹម​ យឺន​ នោះ​ ត្រូវ​បាន​រដ្ឋាភិ​បាល​និរាករណ៍​តាំង​ពី​ឆ្នាំ​ ២០០៥។​

​លោក​ថ្លែង​​ថា​៖ «​ខ្ញុំ​មិន​ដឹង​ថា​ពួក​គាត់​ដឹង ​ឬ​ធ្វើ​មិន​ដឹង​នោះ​ទេ»។

លោក​ ​ស៊ឹម​ ម៉ន​ មេ​ឃុំ​ទួល​ពង្រ ​បាន​ឲ្យ​ដឹង​ថា​ ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ​​ មួយ​ចំនួន​មក​ពី​ក្រុង​ប៉ោយ​ប៉ែត​ ស្រុក​បវេល​ខេត្ត​បាត់​ដំបង​ ស្រុក​ភ្នំ​ក្រវាញ​ខេត្ត​ពោធិ៍សាត់​ ហើយ​អាជ្ញាធរ​ក៏​មិន​បាន​ដឹង​ឮដែរ៕