ក្រចេះ: ថ្វីបើក្នុងអំឡុងពេលនេះជារដូវបិទការនេសាទ ប៉ុន្តែ បទល្មើសនេសាទនៅតែត្រូវបានគេកត់សម្គាល់ឃើញបន្តកើតមានគ្រប់ទីកន្លែង សូម្បីតែក្នុងតំបន់អភិរក្សសត្វផ្សោតទន្លេមេគង្គ ដោយបានធ្វើឲ្យផ្សោតឈ្មោល ១ ក្បាល ត្រូវបានក្រុមឆ្មាំទន្លេប្រទះឃើញងាប់អណ្តែតទឹកនៅចំណុចភូមិកាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដោយកន្ទុយរបស់វាបានជាប់នឹងសរសៃមង។
លោក ម៉ុត ពន្លក ប្រធានក្រុមការងារអភិរក្សសត្វផ្សោត ក្នុងតំបន់អន្លង់កាំពី ថ្លែងថា បទល្មើសនេសាទនៅក្នុងតំបន់អភិរក្សសត្វផ្សោត នៅតែបន្តកើតមាន បើទោះជាមានការ ហាមឃាត់ ចុះបង្ក្រាប និងផ្សព្វផ្សាយអប់រំណែនាំជារឿយៗ ពីមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានយ៉ាងណាក៏ដោយ។
លោកថ្លែងថា កាលពីថ្ងៃអាទិត្យ ក្រុមការងាររបស់លោកបានប្រទះឃើញខ្មោចផ្សោតឈ្មោល ១ ក្បាលអណ្ដែតទឹកនៅចំណុចភូមិកាកុត ឃុំសំបុក ដោយកន្ទុយរបស់វាមានជាប់សរសៃមង ។
ផ្សោតនោះ មានទម្ងន់ ១០៤ គីឡូក្រាម មានប្រវែង ១,៩៨ ម៉ែត្រ និងមានអាយុ ចន្លោះ ពី ១៥ ទៅ ១៨ ឆ្នាំ។ «យើងសោកស្ដាយខ្លាំងណាស់ ចំពោះការបាត់បង់ផ្សោតនេះ ហើយវាជាផ្សោតទី ៥ ហើយដែលបានងាប់ គិតចាប់ពីដើមខែមករា»។
ខ្មោចផ្សោតនេះ ត្រូវបានមន្ត្រីជំនាញអង្គការ WWF-Cambodia នាំយកទៅរក្សាទុកនៅក្នុងទីស្នាក់ការរបស់ពួកគេនៅទីរួមខេត្តក្រចេះ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ។
WWF កាលពីល្ងាចថ្ងៃចន្ទ បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយសម្ដែងក្ដីសោកស្ដាយចំពោះការបាត់បង់សត្វផ្សោត និងបានអំពាវនាវដោយទទូចដល់ប្រជានេសាទឲ្យបញ្ឈប់ការនេសាទនៅក្នុងតំបន់ការពារ និងអភិរក្សសត្វផ្សោតជាបន្ទាន់ ។ «ការដាក់មងនៅក្នុងតំបន់អភិរក្ស គឺជាកត្តាចម្បង ដែលធ្វើឲ្យមានការងាប់ផ្សោតទន្លេមេគង្គ។ សូមកុំនេសាទត្រី ក្នុងតំបន់អភិរក្ស ដើម្បីការពារសត្វផ្សោតទន្លេមេគង្គ ដែលជាបេតិកភណ្ឌមានជីវិតដ៏មានតម្លៃរបស់ប្រទេសយើង»។
បើតាមរបាយការណ៍អង្កេតឆ្នាំ ២០១៨ របស់អង្គការនេះ ផ្សោតទន្លេមេគង្គ ក្នុងប្រទេសកម្ពុជា (ពីចំណុចអន្លង់កាំពីខេត្តក្រចេះ ដល់តំបន់ព្រំដែនកម្ពុជា-ឡាវ ខេត្តស្ទឹងត្រែង) មានចំនួន ៩២ ក្បាលហើយក្នុងរយៈពេល ៧ ខែ ក្នុងឆ្នាំ ២០១៩ នេះ ក្រុមអ្នកស្រាវជ្រាវ បានរកឃើញកូនផ្សោតដែលទើបចាប់កំណើតថ្មី ចំនួន ៩ ក្បាល។
លោកទុយ សុវណ្ណា មេឃុំសំបុក បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា យ៉ាងហោចណាស់ ក្នុងរយៈពេលចន្លោះពី ៣ ទៅ ៤ ថ្ងៃម្ដង ក្រុមឆ្មាំទន្លេបានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះល្បាតតាមដងទន្លេ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ហើយក្នុងពេលចេញប្រតិបត្តិការម្ដងៗ សមត្ថកិច្ចបានរឹបអូសនិងដុតបំផ្លាញចោលនូវសាច់មងប្រវែង ៣០០ ម៉ែត្រ ៕