កំពង់ធំៈ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក​ អង្គវង្ស ​វឌ្ឍានា ​នៅ​ថ្ងៃទី ២២ ​ខែ មេសា​ ​សម្រេច​ផ្អាក​តួនាទី​លោក​ ជា សុវណ្ណ​ថេត ​ព្រះរាជ​អាជ្ញា​រង​ខេត្ត​កំពង់​ធំ​ ជា​បណ្តោះអាសន្ន ​ដោយ​អះអាងថា ​ជាប់​ពាក់ព័ន្ធ​ករណី​ឈូសឆាយ​ដីព្រៃ​លិច​ទឹក ​និង​ព្រៃ​កោង​កាង ​នៅ​ចំណុច​បឹង​អាត្រា​ព្រួល​ ក្នុង​ឃុំ​កំពង់​គោ និង​ឃុំ​ផាត់​សណ្តាយ​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់​ធំ ​កា​លពី​ថ្ងៃទី ១៣​ ដល់​ថ្ងៃទី ១៧ ​ខែ មេសា​ ​ដោយឃាត់​ត្រាក់ទ័រ​បាន​ចំនួន ​១៧​ គ្រឿង និងមនុស្ស​ចំនួន ៩ នាក់។

តាម​លិខិត​របស់​លោក​ អង្គវង្ស វឌ្ឍានា ​ដែល​ផ្ញើជូន​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពង់​ធំ​ នៅ​ថ្ងៃទី ២២​ ខែ មេសា​ បាន​សរសេរថា ​ក្រសួង​យុត្តិធម៌​បានទទួល​លិខិត​ចុះ​ថ្ងៃទី​ ១៨​ ខែ មេសា ​ឆ្នាំ ២០១៩ ​និង​ដីកាសន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​ចុះ​ថ្ងៃទី ១៩ មេសា ​របស់អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពង់ធំ ​ជូនដំណឹង​ស្តីអំពី​ការ​ចោទប្រកាន់​លើ​ឈ្មោះ​ជា សុវណ្ណ​ថេត ​ព្រះរាជអាជ្ញារង​សាលា​ដំបូង​ខេត្ត​កំពង់ធំ​ពីបទ ​«ផ្តើម​គំនិត​ក្នុង​អំពើ​កាប់​ឆ្ការ​​គាស់ ​ឈូស​ឆាយ​ព្រៃ​លិច​ទឹក ​និង​ព្រៃ​កោងកាង​» ប្រពឹត្ត​នៅ​ចំណុច​តំបន់​បឹង​អាត្រា​ព្រួល ​ឃុំ​កំពង់​គោ ​និង​ឃុំ​ផាត់​សណ្តាយ ​ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់​ធំ ​កាលពី​ថ្ងៃទី ១៣ ដល់​ថ្ងៃទី ១៧ ​ខែ មេសា ​ឆ្នាំ ២០១៩។

ការចោទ​នេះ ​ផ្អែកលើ​បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញ​ត្តិ​មាត្រា ២៨​ នៃ​ក្រម​ព្រហ្មទណ្ឌ ​និង​មាត្រា​ ៩៨ ​នៃ​ច្បាប់​ស្តីពី​ជលផល។

លិខិត​លោក ​អង្គវង្ស វឌ្ឍានា ​បញ្ជាក់ថា​៖ «យោងតាម​មាត្រា ​៥៨ និង​មាត្រា ១០០ នៃ​ច្បាប់​ស្ដីពី​លក្ខន្ដិកៈ​នៃ​ចៅ​ក្រម​ និង​ព្រះរាជ​អាជ្ញា​ ក្រសួង​ស្នើ​ឲ្យ​លោក​ព្រះរាជ​អាជ្ញា ​ធ្វើការ​ផ្អាក​មុខងារ​របស់​លោក ​ជា សុវណ្ណ​ថេត ​ព្រះរាជ​អាជ្ញារង​ ជា​បណ្ដោះអាសន្ន​រហូត​ដល់​មាន​សេចក្ដី​សម្រេច​របស់​តុលាការ​អំពី​ទោស​ជា​ស្ថាពរ»។

លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ពី​ម្សិលមិញ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា តាម​នីតិវិធី​ច្បាប់ ប្រសិនបើ​មាន​មន្ត្រី​ណា​ម្នាក់​ស្ថិតនៅក្រោម​នីតិវិធី​រប​ស់​តុលា​ការ គឺជា​គោលការណ៍​នឹងត្រូវ​ផ្អាក​ការងារ​បណ្ដោះអាសន្ន ព្រោះ​វា​ជា​បែបបទ​រដ្ឋបាល​ដើម្បី​រង់ចាំ​ការ​សម្រេច​របស់​តុលាការ។

បន្ទាប់​ពី​តុលាការ​ស៊ើបអង្កេត​រក​ឃើញ​ទោសកំហុស​គាត់ គឺ​តុលាការ​នឹង​មាន​វិធានការ និង​ឈាន​ទៅ​​លុប​ឈ្មោះ​ចេញពី​ក្របខ័ណ្ឌ ហើយ​តាម​វិធានការ​ច្បាប់គាត់​ត្រូវតែ​ទទួលទោស​តាម​ការសម្រេច​របស់​តុលាការ។

លោក​ ម៉ា​លីន​ បញ្ជាក់ថា​៖ «​ខណ:​នេះ​យើង​ត្រូវ​ផ្អាក​ការងារ​គាត់​សិន ដើម្បី​ជា​ប្រយោជន៍​ដល់​ដំណើរការ​ស៊ើប​អង្កេ​ត ដោយសារ​វា​ស្ថិតនៅ​ក្នុង​នីតិវិធី​របស់​តុលាការក្នុង​នីតិវិធី​នេះ ​តុលាការ​ស៊ើបអង្កេត​ឲ្យ​បាន​ជាក់លាក់​សិន ប៉ុន្ដែ​បើ​តុ​លា​ការ​រក​មិនឃើញ​កំហុស​បុគ្គល​រូបនេះ​ទេ ​គឺអាច​នឹង​អនុញ្ញាត​ឲ្យ​ចូល​ធ្វើការ​វិញ»។

លោក​បន្ថែមថា​៖ «នៅ​មាន​អ្នក​ជាប់​ពាក់ព័ន្ធ​ជាច្រើន​នាក់​ទៀត ​ប៉ុន្ដែ​ខ្ញុំ​មិនអាច​បង្ហាញ​អត្ត​សញ្ញា​ណ​បាន​ទេ ​ព្រោះ​វា​ស្ថិត​នៅក្នុង​អំឡុងពេល​ស៊ើបអង្កេត​របស់​តុលាការ​នៅឡើយ។ នៅពេល​ចប់​នីតិវិធី​តុលាការនឹង​បង្ហាញ​មុខ​ជន​ល្មើស​ទាំង​អស់​ហ្នឹង»។

លោក ​អុិត សុធា​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ធំ​ ពី​ម្សិលមិញ​ បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ​ ដោយ​អះអាងថា​ លោក​កំពុង​ជាប់រវល់​ប្រជុំមិនអាច​និយាយ​បាន​ទេ។

ចំណែកលោក​ ជា សុវណ្ណថេត ​ព្រះរាជ​អាជ្ញារង​សាលា​ដំបូង​ខេត្ត​កំពង់ធំ​ដែល​កំពុង​ត្រូវបាន​ព្យួរ​តួនាទី​នោះ​បាន​បដិ​សេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណីនេះ​ដែរ ​ដោយ​បង្វែរ​សំណួរ​ទៅ​ថ្នាក់​លើ។

លោកថា​៖ «ខ្ញុំ​អត់​មាន​ពាក្យ​អ្វី​ចង់​និយាយ​ទេ ​បើ​លោក​ចង់​ដឹង​រឿងនេះ​ សួរ​ទៅ​ថ្នាក់លើ​ខ្ញុំ​វិញ​ទៅ ព្រោះ​ខ្ញុំ​អត់​ចង់​និយាយ​អ្វី​ទាំងអស់»។

លោក ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ធំ កាលពី​ម្សិលមិញ​ថ្លែងថា លោក​បាន​ទទួល​ដំណឹង​នេះ​ហើយ ​ដោយ​មន្ត្រី​ជំនាញ​កំពុង​ស៊ើបអង្កេត​បន្ត។

លោក​បញ្ជាក់ថា​៖ «ឥឡូវនេះ​ យើង​កំពុង​ធ្វើការ​ងារ​យ៉ាង​សកម្ម ​គឺ​ស៊ើបអង្កេត​បន្តទៀត ​និង​រៀបចំ​របាយការណ៍​លម្អិត​ជូន​ថ្នាក់លើ ​ព្រោះ​អ្នកពាក់ព័ន្ធ​មាន​ខ្នង​ធំៗ​ណាស់។ ខ្ញុំ​អត់​ទាន់​អាច​បញ្ជាក់​ជូន​អ្វី​លើស​ពីនេះ​ទេ»។

លោក ​ហេង មនោ ​មេឃុំ​ផាត់​សណ្ដាយ​ ពី​ម្សិលមិញ​ បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណីនេះ​ ដោយ​បង្វែរ​សំ​ណួរទៅ​លោក​ ស្រី ណាល់​ មេឃុំ​កំពង់​គោ​វិញ។

លោក​ ស្រី ណាល់ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ​ចាប់តាំងពី​ថ្ងៃទី ១៣ ​ដល់​ថ្ងៃទី ១៧​ ខែ មេសា ​ឆ្នាំ​ ២០១៩ នេះ ​សមត្ថកិច្ច​បាន​ចុះ​ឃាត់​ទាំង​មនុស្សចំនួន​ ១៩ ​នាក់ ​និង​ត្រាក់ទ័រ​ប្រមាណ ១៧​ គ្រឿង ​ជា​បន្តបន្ទាប់​នៅ​តំបន់​ព្រៃ​លិច​ទឹក​នោះ​ ខណៈ​ពួកគេ​កំពុង​នាំគ្នា​ឈូសឆាយ​ដីព្រៃ​យ៉ាង​គគ្រឹក​គ​គ្រេង​បាន​ទំហំ​ប្រមាណ​ជា​ ១០ ហិកតា​ ប៉ុន្ដែ​លោក​មិន​ទាន់​ដឹង​ពី​ចំនួន​មនុស្ស​ដែល​ត្រូវ​ឃាត់​ខ្លួន​នោះ​ទេ។

លោក​បានបញ្ជាក់ថា​៖ «ការ​ងារ​អនាធិបតេយ្យ​អ៊ីចឹងៗ ​គេ​មិនដែល​ប្រាប់​យើង​អ្នក​តូចតាច ​ឬ​អាជ្ញាធរ​ដែនដី​អី​ទេ គេ​មាន​ខ្នង​ខ្ពស់ៗ​អ៊ីចឹង​គេ​មិនដែល​ចាត់ទុក​យើង​ក្នុង​ភ្នែក​គេ​ទេ។ ដល់ពេល​គេ​ថ្នាក់លើ​មក​ចាប់​ហ្នឹងសួរនាំទៅ​ពាក់ព័ន្ធ​ព្រះ​រាជ​អា​ជ្ញា​អ៊ីចឹង​ទៅ ​ហើយ​ឃុំ​យើង​មាន លទ្ធភាព​ឯណា​ទប់ស្កាត់​នោះ ​ពលរដ្ឋរាយការណ៍​មក​ខ្ញុំ​ច្រើន​ដង​ហើយ ​តែ​ខ្ញុំ​មិនដឹង​ធ្វើ​ម៉េច បើ​ពេល​ខ្ញុំ​ទៅ ​គេ​ប្រាប់​ខ្ញុំ​វិញ​ថា​ គេ​ត្រូវ​គ្នា​ជាមួយ​ថ្នាក់​លើ​អស់​ហើយ»៕