ព្រះសីហនុៈ ប្រជាពលរដ្ឋ​ចំនួន​ ១០ សហគមន៍​ តំណាង​ឲ្យ​ពលរដ្ឋ​ប្រមាណ​ជាង ៣០០ នាក់ ​ដែលមាន​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ ​នៅ​ថ្ងៃទី ២១​ ខែ​ ឧសភា​ បាន​ប្រមូល​ផ្ដុំគ្នា​នៅមុខ​បរិវេណ​សាលា​ខេត្ត ​ដើម្បី​ជំរុញ​ឲ្យ​លោក​ យន្ត មីន ​អភិបាល​ខេត្ត​ជួយ​ពន្លឿន​ការ ដោះស្រាយ​វិវាទ​ដីធ្លី ​និង​ស្នើសុំ​ចេញ​បណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ឲ្យ​បាន​ឆាប់​ ហើយ​សំណើ​នោះ​ត្រូវបាន​ទទួល​យក​ទៅ​ពិនិត្យ។

លោក ​យូ វាសនា ​តំណាង​ប្រជាពល​រដ្ឋ​សហគមន៍​មានទំនាស់​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ​ទាំង​ ១០ សហគមន៍​ ពី​ម្សិល​មិញ​ថ្លែងថា ​គោលបំណង​នៃ​ការ​ប្រមូលផ្តុំ​របស់​ប្រជាពលរដ្ឋ​ទាំង​ ១០ សហគមន៍​នេះ ​ដើម្បី​ធ្វើការ​តស៊ូ​មតិ និង​សំ​ណូម​ពរ​ឲ្យ​លោក​ យន្ត មីន ​អភិបាល​ខេត្ត​ព្រះ​សីហនុ​ជួយ​ពន្លឿន​ការដោះស្រាយ​វិវាទ​ដីធ្លី ​ជាពិសេស​ស្នើ​ឲ្យ​ជួយ​ពន្លឿន​ចេញ​បណ្ណ​កម្ម​សិទិ្ធ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ទាំង​ ១០ សហគមន៍​ បាន​ប្រើប្រាស់ ​ឬ​ឲ្យ​មាន​សុវត្ថិភាព​ដីធ្លី​បាន​ឆាប់។

លោក វាសនា​ បញ្ជាក់ថា​៖ «ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ទាំង​ ១០​ សហ​គមន៍​យើង​ខ្ញុំគឺ​បាន​រអ៊ូរទាំ​អំពី​សកម្មភាពចុះ​អនុ​វត្ត​ការងារ​របស់​មន្ត្រី​ជំនាញ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​គឺ​ពួកគាត់​ធ្វើការ​យឺតយ៉ាវ​ខ្លាំងណាស់​ចំពោះ​ការចេញ​ប័ណ្ណ​កាន់​កាប់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ពួក​ខ្ញុំ ​ដោយ​អូស​បន្លាយពេល​យូរ​ឆ្នាំ​មក​ហើយ។ ពួក​ខ្ញុំ​ភ័យ​ខ្លាំងណាស់​ ខ្លាច​តែ​គេ​មក​ប្លន់ដី​ខ្ញុំ ​ព្រោះ​វាស់វែង​យូ​រហើយ​ មិនទាន់​ចេញ​បណ្ណ​កម្ម​សិទ្ធិ​ឲ្យ​ទេ»។

លោក​ ម៉ន ស៊ីណា ​តំណាង​ពលរដ្ឋ​សហគមន៍​មកពី​ស្រុក​ស្ទឹងហាវ ​និង​ស្រុក​ព្រៃនប់​ថ្លែងថា ​បញ្ហា​ដីធ្លី ​និង​តម្លៃ​ដី​កំ​ពុងតែ​ឡើងថ្លៃ​នៅក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ ​គឺជា​ក្តីបារម្ភ​មួយ​ ដែល​ពលរដ្ឋ​ទាំងនោះ​ខ្លាច​មានការ​រំលោភ​យក​ពី​ភាគី​ដទៃ ​ទើប​ពួកគេ​ស្នើ​ឲ្យ​អាជ្ញាធរ​ ចេញ​ប័ណ្ណ​កាន់កាប់​ដីធ្លី​ដល់​ពួកគេ​ឲ្យ​បាន​លឿន។

លោក​បន្តថា ​ខណៈ​កំពុង​ឈរ​តវ៉ា​នៅខាង​មុខ​សាលាខេត្ត​ព្រះសីហនុ​ លោក​ ម៉ាង ស៊ីណេត ​អភិបាលរង​ខេត្ត​ព្រះ​សី​ហនុ​ បានមក​អញ្ជើញ​តំណាង​ពលរដ្ឋ​ចំនួន ១២ នាក់​ ឲ្យ​ចូល​ប្រជុំ ​និង​រាយការណ៍​ពី​ក្ដីកង្វល់​ ក៏ដូចជា​រៀបរាប់​បញ្ហា​លំ​បាក​សព្វ​ថ្ងៃ ​ដើម្បី​ងាយស្រួល​ដល់​អាជ្ញាធរ​ចុះ​ដោះស្រាយ។

ពលរដ្ឋតវ៉ានៅខេត្តព្រះសីហនុពីម្សិលមិញ សុំជួយ​​ដោះស្រាយរឿងដីធ្លី។ សហការី

លោក​បានបញ្ជាក់ថា​៖ «ពួកខ្ញុំ​សូម​អំពាវនាវ​ឲ្យ​មន្ត្រី​ជាប់​ពាក់ព័ន្ធ​ជួយ​ពន្លឿន​ការ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​ និង​ចេញ​ប័ណ្ណ​កម្ម​សិទ្ធិ​ជូន​ពលរដ្ឋ​ឲ្យ​បាន​ឆាប់​ផង ​ព្រោះ​ចាប់តាំង​ពី​ដី​ឡើងថ្លៃ​មក ​ពួក​ខ្ញុំ​ដេក​មិន​លក់ ​បក់​ក៏​មិន​ល្ហើយ​ដែរ ​ព្រោះ​ខ្លាច​បាត់​ដី ​និង​ផ្ទះ»។

លោក​ យន្ត មីន ​អភិបាលខេត្ត​ព្រះសីហនុ ​កាលពី​ម្សិលមិញ​ មិនទាន់​អាចទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណីនេះ​បានទេ ដោយ​លោក​មិន​បាន​លើក​ទូរស័ព្ទ។

ប៉ុន្ដែ​លោក​ ឃាង ភារម្យ ​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ ​បាន​ថ្លែង​ពីម្សិលមិញថា​ ខណៈ​ដែលពលរដ្ឋ​កំពុង​ឈរ​នៅ​ខាង​មុខ​សាលាខេត្ត​ ហើយ​លោក​ ម៉ាង ស៊ី​ណេត ​អភិបាលរង​ខេត្ត​ព្រះសីហនុ​ ដែល​បានកោះហៅ​តំណាង​ពួក​គាត់​ចំនួន ១២ ​នាក់​ ឲ្យ​ចូលជួប​ក្នុង​អង្គប្រជុំ​នោះ គឺលោក​​អភិបាលខេត្ត​បាន​ទទួល​សំណើ​ពួកគាត់​យក​ទៅ​ពិនិត្យ​ជាមុន​សិន។

លោក​បានបន្តថា ​អាជ្ញាធរ​យល់ព្រម​ជួយ​ដោះស្រាយ​ចំពោះ​ទំនាស់​ទាំងឡាយ​ណា​ដែល​មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​តុលាការ​ ព្រោះ​បើ​មាន​សំណុំ រឿង​នៅក្នុង​តុលាការ​នោះ​ អាជ្ញាធរ​នឹង​មិនអាច​ទទួល​យក​មកដោះស្រាយ​ឲ្យ​បានទេ ​ដោយ​ទុក​លទ្ធភាព​លើ​នីតិវិធី​តុលាការ។

លោក​បញ្ជាក់ថា​៖ «អ៊ីចឹង​យើង​បាន​ណែនាំ​ពួកគាត់​ថា ដី​ក​ន្លែ​ង​ខ្លះ​យើង​បាន​វាស់វែង​រួចហើយ​មែន ​ប៉ុន្ដែ​មិនអាច​ចេញ​ប័ណ្ណ​កម្ម​សិទ្ធិ​ឲ្យ​បានទេ​ ព្រោះ​អភិរក្ស ​ឬ​ដី​រដ្ឋ​បម្រុង​ទុក។ ដី​កំពុងមាន​ទំនាស់​ក៏​មិនអាច​ចេញ​ប័ណ្ណ​ឲ្យ​បានដែរ ​ដោយ​រង់ចាំ​ដោះស្រាយ​ទំនាស់​ចប់​សិន ​ទើប​ចេញ​ប័ណ្ណ​ឲ្យ ហើយ​ដី​ដែល​បញ្ជាក់​ច្បាស់​ថា​ជា​របស់​ពលរដ្ឋ​ពិតប្រាកដ​មែន អាជ្ញាធរ​នឹង​ចេញ​ប័ណ្ណ​ជូន​ ប៉ុន្ដែ​សុំ​ឲ្យ​រង់ចាំ​បន្ដិច​ ដើម្បី​ធ្វើ​ការងារ​នេះ»។

លោក​ស្រី ជៀប សុធា​រី ​មន្ត្រី​សម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស ​(ADHOC) ប្រ​ចាំ​ខេត្ត​ព្រះសី​ហនុ ​ថ្លែងថា ​បញ្ហា​ទំនាស់​ដីធ្លី​របស់​ពលរ​ដ្ឋជាមួយ​ក្រុមហ៊ុន​ និង​បុគ្គល​មានអំណាច​នៅ​ខេត្ត​ព្រះសី​ហនុ​នៅតែ​បន្ត​រ៉ាំរ៉ៃ​រហូត​មក​ដល់​ពេល​នេះ។

លោកស្រី​បន្តថា​ ទាំង​អ្នក​កំពុង​មានទំនាស់​ និង​អ្នក​មិនទាន់មាន​បញ្ហា​ក៏​នាំគ្នា​មក​ស្នើ​ឲ្យ​ព​ន្លឿ​ន​ការចេញ​ប័ណ្ណ​កម្ម​សិទ្ធិ​ក៏ដូចជា​ជំរុញ​ឲ្យ​ពន្លឿន​ការ​ដោះស្រាយ​លើដី​ទំនាស់។

លោកស្រី​ថា​៖ «ខ្ញុំ​ក៏​សូម​ជំរុញ​អាជ្ញាធរ​ជំរុញ​ការដោះ​ស្រាយ​ឲ្យ​បាន​ឆាប់​ដែរ​ ព្រោះ​​ពួកគាត់​ខាតបង់​ពេល​វេលា​រកស៊ី​ចិញ្ចឹម​ជីវិត ​ដែល​ត្រូវ​តវ៉ា​យក​ដី​របស់​ខ្លួន​មក​វិញ​នេះ»៕