ភ្នំពេញ: អាជ្ញាធរខណ្ឌ ៧ មករាបានកោះហៅមនុស្ស ៥ នាក់ ក្នុងចំណោម ១៤ គ្រួសារ ទៅសាកសួរពីមូលហេតុដែលមិនព្រមចាកចេញពីអគារនៅក្នុងបុរីកីឡាដែលនៅមានបញ្ហារឿងសំណងមិនចុះសម្រុងគ្នារវាងអ្នករស់នៅក្នុងអគារ និងក្រុមហ៊ុនឯកជន ខណៈអាជ្ញាធរកំពុងចល័តគ្រឿងចក្រ ២ គ្រឿង បម្រុងឈូសឆាយ។
អ្នកស្រី ង៉ូវ ណារី ពលរដ្ឋសហគមន៍បុរីកីឡាដែលអះអាងថា មិនទាន់ទទួលបានសំណងសមរម្យពីក្រុមហ៊ុនបានថ្លែងថានៅថ្ងៃទី ១៣ កញ្ញាអាជ្ញាធរមួយក្រុមមានគ្នាប្រមាណជិត ១០ នាក់ បានមករុះរើអីវ៉ាន់ពលរដ្ឋដែលកំពុងស្នាក់នៅក្នុងអគារបាក់បែកនៃបុរីកីឡា និងគំរាមកំហែងចាប់ពលរដ្ឋទាំងនោះយកទៅដាក់នៅមន្ទីរសង្គមកិច្ច។ ក្នុងនោះសមត្ថកិច្ចបាននាំខ្លួនពលរដ្ឋមួយគ្រួសារដែលមានគ្នា ៥ នាក់ ទៅសាកសួរនៅសាលាខណ្ឌ៧មករា។
អ្នកស្រីបន្តថាពេលទៅដល់សាលាខណ្ឌ អាជ្ញាធរបានសួររយៈពេល ២ ម៉ោង ពីមូលហេតុដែលពលរដ្ឋមិនព្រមចាកចេញពីអគារបុរីកីឡាដែលអាជ្ញាធរប៉ុនប៉ងវាយកម្ទេចនោះ។ ពួកអ្នកស្រីបានឆ្លើយប្រាប់ទៅអាជ្ញាធរថា បើក្រុមហ៊ុន ឬអាជ្ញាធរមិនព្រមផ្ដល់សំណងសមរម្យណាមួយឲ្យក្រុមអ្នកស្រីនោះ ពលរដ្ឋដែលរងគ្រោះទាំងអស់នឹងមិនព្រមចាកចេញពីទីនោះជាដាច់ខាត ព្រោះគ្មានទីជម្រកស្នាក់នៅទេ។
អ្នកស្រី ណារី បញ្ជាក់ថា៖ «ពួកខ្ញុំសុខចិត្តស្លាប់នៅលើអគារនោះ បើមិនព្រមផ្ដល់សំណងសមរម្យឲ្យពួកខ្ញុំទេ ព្រោះខ្ញុំគ្មានកន្លែងផ្សេងទេ ហើយអាជ្ញាធរព្រមផ្ដល់សំណងឲ្យពួកខ្ញុំត្រឹមតែ ៣ ឬ ៤ ពាន់ដុល្លារ មិនអាចទិញផ្ទះ ឬទិញដីសម្រាប់រស់នៅបានទេ។ ខ្ញុំមានកូនច្រើន មិនអាចទទួលយកសំណងប៉ុណ្ណឹងបានទេ»។
អ្នកស្រី រីន រីម តំណាងពលរដ្ឋទាំងនោះបានថ្លែងថា អាជ្ញាធររាជធានីភ្នំពេញបានត្រៀមគ្រឿងចក្រចំនួន ២ គ្រឿង ដោយមានសមត្ថកិច្ចចម្រុះប្រមាណជា ៣០ នាក់ នៅយាមប្រចាំការក្នុងបុរីកីឡារយៈពេលជិត ១០ ថ្ងៃមកហើយ ដើម្បីត្រៀមទទួលបញ្ជាវាយកម្ទេចអគារដែលកំពុងមានទំនាស់ជាមួយពលរដ្ឋចំនួន ១៤ គ្រួសារ ដែលនៅមិនទាន់ទទួលបានសំណង។
អ្នកស្រីបញ្ជាក់ថា៖ «ពួកខ្ញុំចង់បានសំណងគឺមានចំនួនផ្សេងៗគ្នាក្នុងចន្លោះពី ៣ ម៉ឺនទៅ ៤០ ម៉ឺនដុល្លារ។ ក្រៅពីពួកខ្ញុំ ១៤ គ្រួសារ ដែលមិនទាន់បានទទួលសំណងនេះក៏មានអ្នកធ្លាប់ទទួលបានសំណងប្រមាណ ៥ គ្រួសារ ក៏បានមកចាំរារាំងគ្រឿងចក្រនេះដែរ ដោយសារតែពួកគាត់បានសំណងតិចតួចពេក»។
អ្នកស្រីបន្ថែមថាទីតាំងបុរីកីឡានេះត្រូវបានក្រុមហ៊ុនផាន អ៊ីមិច លក់បន្តទៅឲ្យក្រុមហ៊ុនក្នុងស្រុកជាបន្តបន្ទាប់ ប៉ុន្ដែពេលនេះដីបុរីកីឡាត្រូវបានលក់ទៅឲ្យក្រុមហ៊ុនចិន និងក្រុមហ៊ុនតៃវ៉ាន់មួយឈ្មោះ CO ហើយខណៈនេះក្រុមហ៊ុនទាំង ២ នេះបាន និងកំពុងកាយដី និងបុកគ្រឹះសាងសង់អគារនៅខាងក្រោយអគារបុរីកីឡាចាស់។
លោក លឹម សុភា អភិបាលខណ្ឌ ៧ មករាកាលពីម្សិលមិញបានបដិសេធការធ្វើអត្ថាធិប្បាយ។
លោក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករាបានអះអាងកាលពីម្សិលមិញថា សមត្ថកិច្ចរបស់លោកពិតជាបាននាំខ្លួនពលរដ្ឋទាំងនោះមកសាកសួរមែន។ លោកថ្លែងថា៖ «ខ្ញុំអត់បានសួរនាំពួកគាត់ផងខ្ញុំគ្រាន់តែការពារសន្ដិសុខទេ»។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញកាលពីម្សិលមិញ មិនអាចទាក់ទងសុំការបញ្ជាក់ជុំវិញករណីនេះបានទេ។
អ្នកស្រី ង៉ូវ ណារី បានឲ្យដឹងថា ពលរដ្ឋសហគមន៍ទាំង ៥ នាក់ដែលអាជ្ញាធរបាននាំខ្លួនទៅសាកសួរនោះរួមមានឈ្មោះ លឹម ប៉េងអាន អាយុ ៣០ ឆ្នាំ, ស្រី ទូច អាយុជាង ៥០ ឆ្នាំ, នួន សេដ្ឋា អាយុ ៣១ ឆ្នាំ, នួន សុជាតា អាយុ ២៩ ឆ្នាំ និងឈ្មោះ រ៉េត រីម អាយុ ៤០ ឆ្នាំ។
លោក អំ សំអាត ប្រធានគ្រប់គ្រងផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ បានថ្លែងថាអាជ្ញាធរមិនគួរប្រើពាក្យសម្ដីគំរាមកំហែងទៅលើពួកគាត់ជាជនរងគ្រោះទេ។
លោកថា៖ «ខ្ញុំសង្ឃឹមថា ភាគីពាក់ព័ន្ធអាចនឹងដោះស្រាយបញ្ចប់បញ្ហាហើយយើងក៏មិនលើកទឹកចិត្តដែរចំពោះការដោះស្រាយជាមួយនឹងអំពើហិង្សា»៕