ភ្នំពេញ: ប្រជាពលរដ្ឋចំនួន ៣២០ គ្រួសារ រស់នៅតាមផ្លូវរថភ្លើងក្នុងខណ្ឌឫស្សីកែវបានយល់ព្រមជាមួយអាជ្ញាធរដើម្បីផ្លាស់ប្ដូរលំនៅថ្មីទៅរស់នៅប្របមាត់ប្រឡាយអូរវែង ក្រោយវត្តទួលសន្តិវ័ន (វត្តទួលអស់លោក) ក្នុងសង្កាត់គីឡូម៉ែត្រលេខ ៦ ដែលជាការដោះដូរទីតាំងដីដើម្បីធ្វើការអភិវឌ្ឍផ្លូវបេតុង ប៉ុន្ដែប្រជាពលរដ្ឋទាំងនោះនៅតែបារម្ភបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ។
លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានសរសេរលើហ្វេសប៊ុករបស់លោក កាលពីម្សិលមិញថា អាជ្ញាធរគ្រោងរៀបចំការងារដើម្បីកែលម្អសោភណភាពប្រឡាយអូរវែង និងផ្លូវសម្រាប់ធ្វើចរាចរណ៍ដែលមានចម្ងាយ ៤ គីឡូម៉ែត្រចាប់ពី ហ្រេ្គនភ្នំពេញ ក្នុងសង្កាត់ស្វាយប៉ាក រហូតមកដល់ចំណតយានដ្ឋានសុរិយាដឹកអ្នក ដំណើរ ក្នុងសង្កាត់ឫស្សីកែវ។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ កាលពីម្សិលមិញបានថ្លែងថា គម្រោងនេះមិនមានប្រជាពលរដ្ឋតវ៉ា ឬសម្ដែងការមិនពេញចិត្តអ្វីទេ ដោយពួកគាត់បានសាទរចំពោះគម្រោងអភិវឌ្ឍន៍នេះ។
លោកបញ្ជាក់ថា៖ «គម្រោងនេះ គឺដោះស្រាយជាបន្តបន្ទាប់រួចរាល់ហើយ តាមរយៈការផ្សព្វផ្សាយ ឬរៀបចំឲ្យមានវេទិកាពិគ្រោះយោបល់ដែរ។ កន្លែងណាដែលយើងដោះស្រាយបាន គឺយើងចាប់ផ្ដើមចាក់បេតុង ឬចាប់ដំណើរការគម្រោងតែម្ដង ហើយចំពោះអ្នកដែលនៅប៉ះពាល់អត់ទាន់បានដោះស្រាយ គឺយើងនៅព្យាយាមដោះស្រាយជាមួយពួកគាត់»។
អ្នកស្រី ម៉េង គួន តំណាងប្រជាពលរដ្ឋចំនួន ៣២០ គ្រួសារ កាលពីម្សិលមិញបានថ្លែងថា ប្រជាពលរដ្ឋទាំងអស់ដែលអាជ្ញាធរអះអាងថា បានប៉ះពាល់គម្រោងផ្លូវបេតុងនៅលើអតីតផ្លូវរថភ្លើងនោះ ត្រូវបានអាជ្ញាធរតម្រូវឲ្យដោះដូរដីទៅរស់នៅប្របមាត់ប្រឡាយអូរវែង ក្រោយវត្តទួលសន្តិវ័ន (វត្តទួលអស់លោក) ក្នុងសង្កាត់គីឡូម៉ែត្រលេខ ៦ វិញ ដោយពុះជាឡូត៍ជូនពលរដ្ឋក្នុងមួយគ្រួសារចំនួន ១ ឡូត៍ ដែលមានទំហំ ៤x១៥ ម៉ែត្រ ។
អ្នកស្រីបញ្ជាក់ថា៖ «គាត់បានលើកក្ដីកង្វល់ដូចជាផ្ទះគាត់បាក់ពុក ហើយអត់មានលុយសាងសង់ថ្មីនៅលើដីនោះទៀត រីឯអាជ្ញាធរគាត់ថា គាត់អត់មានលុយទេ គាត់មានតែដីសម្រាប់ដោះដូរផ្ដល់ជូន។ រឿងនេះ គ្មានអ្នកតវ៉ាអ្វីទេ ប៉ុន្ដែគ្រាន់តែគាត់នាំគ្នាត្អូញត្អែរថា អត់មានលុយរុះរើផ្ទះឬអត់មានលុយទិញសម្ភារធ្វើផ្ទះថ្មី ហើយរឿងសេវាទឹក ភ្លើង និងសេវាផ្សេងៗទៀត អាជ្ញាធរនឹងរៀបចំជូន»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស (ADHOC) បានថ្លែងថា ជាគោលការណ៍សិទ្ធិមនុស្ស ដើម្បីរស់រានមានជីវិត គឺត្រូវការមានជម្រកជារឿងសំខាន់ជាទីកក់ក្ដៅ ប្រសិនបើមានការរុះរើ ហើយគ្មានសំណងសមរម្យ ដើម្បីសាងសង់កន្លែងថ្មីនោះ វាជាបញ្ហាប្រឈមខ្លាំងជាមួយជីវភាពគាត់។
លោកបន្តថា ការអភិវឌ្ឍប្រទេសជាតិវាជារឿងសំខាន់ខ្លាំងណាស់ ប៉ុន្ដែទន្ទឹមការរីកចម្រើននេះ នឹងបង្កឲ្យមានផលប៉ះពាល់ប្រជាពលរដ្ឋខ្លះ ហើយអ្វីសំខាន់នោះ គឺមន្ត្រីពាក់ព័ន្ធត្រូវតែដោះស្រាយផលប៉ះពាល់ទាំង អស់នោះឲ្យបានសមរម្យ និងយល់ព្រមទទួលយកហេតុផលទាំងអស់គ្នា។
លោក សឹង សែនករុណា បញ្ជាក់ថា៖ «ជាទូទៅ បើយើងកំពុងរស់នៅកន្លែងណាមួយ ហើយគេឲ្យយើងរុះរើចេញពីកន្លែងចាស់នោះ គឺពិតជាមានផលប៉ះពាល់ខ្លាំង ជាមួយជីវភាពយើង ប្រសិនបើគ្មានសំណងសមរម្យណាមួយឲ្យយើង។ អ្វីដែលជាការគិតគូរនោះ គឺយើងឃើញអាជ្ញាធរកន្លងមក បានដោះស្រាយវិវាទទំនាស់ដីធ្លីមួយចំនួនទទួលបានផ្ទះ បានដីដែរ តែករណីនេះមានតែការផ្ដល់ដីឲ្យគាត់ប៉ុណ្ណោះ»៕