ព្រះសីហនុៈ ប្រជាពលរដ្ឋនៅក្នុងស្រុកព្រៃនប់ ៤ នាក់ ត្រូវបានបញ្ជូនទៅតុលាការខេត្តព្រះសីហនុកាលពីម្សិលមិញ ក្រោយពីពួកគេបានបង្កឲ្យមានរបួសស្នាមទៅលើជនជាតិចិនម្នាក់ និងបំផ្លាញទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនចិន។ នេះបើយោងតាម លោក សរ កក្កដា អភិបាលស្រុកព្រៃនប់។
លោក សរ កក្កដា អភិបាលស្រុកព្រៃនប់បានថ្លែងថា៖ «ការបញ្ជូនជនសង្ស័យទាំង ៤ នាក់ ទៅតុលាការពីព្រោះវាពាក់ព័ន្ធការបង្ករបួសស្នាម និងបំផ្លាញទ្រព្យសម្បតិ្តរបស់ក្រុមហ៊ុនចិន ក្រោយពីមានការប្រតាយប្រតប់គ្នារវាងបុគ្គលិកក្រុមហ៊ុន និងប្រជាពលរដ្ឋហើយក្រុមហ៊ុនមិនបានបិទផ្លូវប្រជាពលរដ្ឋទេគ្រាន់តែគាត់ដាក់ប៉ុស្តិ៍ដើម្បីត្រួតពិនិត្យ»។
មន្ត្រីនគរបាលស្រុកព្រៃនប់បានឃាត់ខ្លួនមនុស្ស ៤ នាក់ កាលពីថ្ងៃពុធពាក់ព័ន្ធនឹងការរុះរើរោងប៉ុស្តិ៍ត្រួតពិនិត្យ និងធ្វើឲ្យបុគ្គលិកជនជាតិចិនម្នាក់របួសនៅក្នុងក្រុមហ៊ុនយិះចៀ ស្ថិតនៅក្នុងឃុំរាម ស្រុកព្រៃនប់់ អំពើហិង្សានេះកើតចេញពីជម្លោះនៃការចោទប្រកាន់ក្រុមហ៊ុនបានបិទផ្លូវប្រជាពលរដ្ឋមិនឲ្យយកសម្ភារសំណង់ចូលទៅកាន់ភូមិរបស់ពួកគេ។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថាករណីដែលប្រជាពលរដ្ឋជាច្រើននាក់បានធ្វើការតវ៉ានិងរុះរើប៉ុស្តិ៍ត្រួតពិនិត្យក្រុមហ៊ុន យិះចៀ បានដាក់បិទនៅ តាមបណ្តោយផ្លូវចូលទៅកាន់ឆ្នេរ កោះសំពោធ និងបានបង្កហិង្សាធ្វើឲ្យបុគ្គលិកជនជាតិចិនម្នាក់រងរបួស។
លោក ភារម្យ បានថ្លែងថា៖ «ក្រោយកើតហេតុអាជ្ញាធរនិងសមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះអន្តរាគមន៍ និងទប់ស្កាត់ការពារមិនឲ្យមានអំពើហិង្សាធ្ងន់ធ្ងរ ហើយអាជ្ញាធរមូលដ្ឋានក៏បាននិងកំពុងបន្តការដោះស្រាយតាមនីតិវិធីរបស់សមត្ថកិច្ចស្រុកព្រៃនប់» ។
ប្រជាពលរដ្ឋម្នាក់ឈ្មោះ លាប វាន ដែលបានឃើញហេតុការណ៍នេះ បានឲ្យដឹងថា កាលពីវេលាម៉ោងប្រហែល ២ រសៀល ប្រជាពលរដ្ឋជិត ១០០ នាក់ បានប្រមូលផ្តុំគ្នានៅកន្លែងកុងត្រូលក្រុមហ៊ុន យិះចៀ នៅក្នុងភូមិរាម ឃុំរាម ស្រុកព្រៃនប់់ដើម្បីធ្វើការតវ៉ាឲ្យអាជ្ញាធរស្រុក និងក្រុមហ៊ុនដោះស្រាយ រឿងបិទផ្លូវមិនឲ្យប្រជាពលរដ្ឋនាំគ្រឿងសំណង់ចូលទៅកាន់ឆ្នេរ កោះសំពោច ហើយប្រជាពលរដ្ឋចាប់ផ្តើមធ្វើការរុះរើកុងត្រូលរបស់ក្រុមហ៊ុន បន្ទាប់ពីពួកគេប៉ះពាក្យសម្ដីគ្នាជាមួយនឹងក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាន។
លោក វាន បានឲ្យដឹងថាផ្លូវដែលក្រុមហ៊ុនដាក់កុងត្រូលនោះត្រូវបានកសាងឡើងដោយក្រុមហ៊ុនចិនបន្ទាប់ពីក្រុមហ៊ុនទទួលបានសិទិ្ធវិនិយោគ អភិវឌ្ឍទីក្រុងថ្មី ដែលមានឈ្មោះថា ព្រះសីហនុឆ្នេរមាសឆ្នេរប្រាក់ លើផ្ទៃ ដី ៣ ៣០០ ហិកតា ស្ថិតក្នុងតំបន់ឧទ្យានជាតិរាម ខេត្តព្រះសីហនុ។
បុគ្គលិកក្រុមហ៊ុនតែងតែធ្វើការរារាំងប្រជាពលរដ្ឋដែលនាំគ្រឿងសំណង់ចូលទៅក្នុងភូមិរបស់ពួកគេដែលនៅក្បែរតំបន់អភិវឌ្ឍន៍នោះ៕