ព្រះវិហារៈ សមាជិកសហគមន៍ជនជាតិដើមភាគតិចកួយចំនួន ៦ នាក់ ដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិននៅក្នុងឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារកាលពីថ្ងៃម្សិលមិញបានចូលទៅបំភ្លឺនៅសាលាដំបូងខេត្តពាក់ព័ន្ធនឹងសំណុំរឿងបទចោទប្រកាន់ «ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់» តាមដីកាបង្គាប់ឱ្យចូលខ្លួនរបស់ចៅក្រមស៊ើបសួរឈ្មោះ ជៀន ស្រស់។
លោក លូត សាំង មន្ត្រីអង្គការជនជាតិដើមភាគតិចកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា នៅថ្ងៃទី ១៨ កញ្ញានេះតុលាការបានបើកការសាកសួរពលរដ្ឋទាំង ៦ នាក់ មកពីសហគមន៍ឃុំប្រមេរុ គឺចាប់ពីព្រឹករហូតដល់ល្ងាច ហើយតុលាការបានសម្រេចឱ្យពួកគេទាំង ៦ នាក់ បន្តស្ថិតក្រោមការត្រួតពិនិត្យពីបទចោទប្រកាន់ដដែល ដោយតម្រូវឱ្យទៅបង្ហាញខ្លួនម្ដងក្នុងមួយខែនៅប៉ុស្ដិ៍ប៉ូលិសឃុំប្រមេរុ។
លោក សាំង ថ្លែងថា៖ «ពួកគាត់ទាំង ៦ នាក់ គឺមកឆ្លើយបំភ្លឺ ហើយបានត្រឡប់ទៅផ្ទះវិញអស់ហើយ ប៉ុន្តែពួកគាត់ត្រូវតែបង្ហាញមុខនៅប៉ុស្ដិ៍ប៉ូលិសនៅរៀងរាល់ ១ ខែម្ដង»។
លោក ជៀន ស្រស់ កាលពីថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៩ បានចេញដីកាបង្គាប់ឱ្យសមាជិករបស់សហគមន៍ឃុំប្រមេរុទាំង ៦ នាក់ ចូលខ្លួនឆ្លើយបំភ្លឺនៅតុលាការខេត្តព្រះវិហារនៅថ្ងៃទី ១៨ ខែ កញ្ញា ពីបទចោទប្រកាន់ «ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់» ដែលប្រព្រឹត្តឡើងនៅភូមិ បុស្សធំ ឃុំប្រមេរុកាលពីថ្ងៃទី ២៩ ខែ ធ្នូ ២០១៤។
អ្នកទាំង ៦ ដែលចូលបំភ្លឺនៅតុលាការថ្ងៃម្សិលមិញនេះគឺកញ្ញា ឡន ម៉ាណ លោក សោម ផាន់ លោក សុខ រាង និងលោក រស់ ផុន ដែលអ្នកទាំង ៤ រស់នៅក្នុងភូមិស្រែព្រាង ខណៈលោក ថោង ស៊ុត និងយុវជន ហ៊ាង រ៉ាម៉ូ រស់នៅក្នុងភូមិប្រមេរុ។
កាលពីថ្ងៃម្សិលមិញភ្នំពេញ-ប៉ុស្ដិ៍មិនអាចសុំការបំភ្លឺបន្ថែមពីអ្នកទាំង ៦ នាក់ នេះបានទេដោយសារលោក ថោង ស៊ុត មិនលើកទូរស័ព្ទ ខណៈអ្នកផ្សេងទៀតមិនប្រើប្រាស់ទូរស័ព្ទ។ ចំណែក យុវជន ហ៊ាង រ៉ាម៉ូ ថាមិនចង់និយាយជាមួយសារព័ត៌មានឡើយ ដោយជំរុញឱ្យទៅសួរមេធាវីវិញ ខណៈលោក សេក សោភ័ណ្ឌ មេធាវីការពារក្ដីក៏មិនលើកទូរស័ព្ទដែរ។
ប៉ុន្តែយុវជនឈ្មោះ ហ៊ាង រ៉ាម៉ូ បានលើកឡើងនៅក្នុងឃ្លីបវីដេអូមួយបង្ហោះតាមហ្វេសប៊ុកក្រោយពេលត្រូវបានតុលាការសាកសួរនៅថ្ងៃម្សិលមិញថា រូបគេបានប្រាប់តុលាការថា គឺមិនបានចូលរួមក្នុងការតវ៉ាកាលពីខែធ្នូឆ្នាំ ២០១៤ ឡើយដោយសារពេលនោះជាប់រវល់ទៅចូលរួមពិធីមង្គលការគេ។
លោកថា បន្ទាប់ពីសាកសួរចប់ ចៅក្រមបានសម្រេចមិនឃុំខ្លួន ប៉ុន្តែបានដាក់កំហិតឱ្យលោកមិនត្រូវផ្លាស់ប្ដូរលំនៅ និងត្រូវទៅបង្ហាញខ្លួននៅប៉ុស្ដិ៍ប៉ូលិសរយៈពេល ១ ខែម្ដង។
លោក រ៉ាម៉ូ ថ្លែងថា៖ «ហើយខាងចៅក្រមគេចង់ឃុំខ្លួន ប៉ុន្តែខ្ញុំបានសំណូមពរថា មិនឱ្យឃុំខ្លួនទេ ដោយសាររឿងក្ដីដែលគាត់ចោទប្រកាន់ហ្នឹង ខ្ញុំអត់ពាក់ព័ន្ធផង»។
ពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិនឈ្មោះ ហេងហ្វូ នៅឃុំប្រមេរុមានចំនួន ៣ ភូមិគឺភូមិ ប្រមេរុ ភូមិស្រែព្រាង និងបុស្សធំ។
លោក ស៊ុត សាវន ប្រធានគណៈកម្មាធិការសហគមន៍ឃុំប្រមេរុបានប្រាប់ភ្នំពេញប៉ុស្ដិ៍ដែរថា ពលរដ្ឋជិត ១០០ នាក់មកពីឃុំប្រមេរុបានធ្វើដំណើរតាមគោយន្តមកកាន់សាលាដំបូងខេត្ត ដើម្បីលើកទឹកចិត្តទៅដល់សមាជិកទាំង ៦ នាក់ដែលបានចូលទៅបំភ្លឺនៅក្នុងតុលាការ។
លោកបន្តថាសមាជិកទាំងនោះ ៦ នាក់ដែលត្រូវតុលាការចោទប្រកាន់ពីបទឃុំឃាំង និងបង្ខាំងដោយខុសច្បាប់គឺពាក់ព័ន្ធនឹងការតវ៉ារបស់ពលរដ្ឋដែលមានគ្នាជាង ៣០០ នាក់កាលពីចុងឆ្នាំ ២០១៤ ដើម្បីទប់ស្កាត់សកម្មភាពឈូសឆាយដីស្រែ និងដីសហគមន៍ពីសំណាក់ក្រុមហ៊ុនដាំស្ករអំពៅចិនឈ្មោះ ហេងហ្វូ ហើយការតវ៉ានោះបានឈានទៅឃាត់គ្រឿងចក្រ ២ គ្រឿង និងអ្នកបើកបរ ២ នាក់ទៅរក្សាទុកនៅសាលាឃុំប្រមេរុដើម្បីដោះស្រាយ។
លោក សាវន ថ្លែងថា៖ «ពលរដ្ឋនៅឃុំប្រមេរុបាននាំគ្នាតវ៉ាជាបន្តបន្ទាប់តាំងពីឆ្នាំ ២០១២ គឺក្រោយពីមានក្រុមហ៊ុនចិនចូលទៅឈូសឆាយដីស្រែ និងដីសហគមន៍ ប៉ុន្តែទើបនឹង ២០១៤ ប៉ុណ្ណោះគឺនៅថ្ងៃទី ២៨ ខែធ្នូដែលការតវ៉ាឈានទៅឃាត់គ្រឿងចក្រជាលើកដំបូង។ ពលរដ្ឋតវ៉ាដើម្បីបញ្ឈប់ការឈូសឆាយដីស្រែរបស់បងប្អូនហើយបានសុំឱ្យអាជ្ញាធរដោះស្រាយកាលពីថ្ងៃទី ២៨ ហ្នឹង ប៉ុន្តែអត់ឃើញអាជ្ញាធរចេញដោះស្រាយទេ»។
លោកបន្តថាលុះមិនឃើញអាជ្ញាធរចេញដោះស្រាយ និងឈានចូលដល់រសៀលថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៤ ពលរដ្ឋក៏សម្រេចឱ្យអ្នកបើកបរបើកគ្រឿងចក្រទាំង ២ គ្រឿងបើកគ្រឿងចក្រទៅរក្សាទុកនៅសាលាឃុំ ហើយមកដល់ថ្ងៃទី ៣០ មានមន្ត្រីមកពីខេត្ត និងព្រះរាជអាជ្ញារងម្នាក់ផងបានចុះមកដល់សាលាឃុំ ប៉ុន្តែមិនបានដោះស្រាយបញ្ហាឈូសឆាយដីដែលពលរដ្ឋតវ៉ាឡើយ បែរជាមកដោះលែងអ្នកបើកបរគ្រឿងចក្រទាំង ២ នាក់វិញ។
លោក ស៊ុត សាវន អះអាងទៀតថារហូតមកដល់ឆ្នាំ ២០១៧ គឺជិតមួយខែក្រោយពីការបោះឆ្នោតឃុំសង្កាត់រួច ប៉ូលិស និងប៉េអឹមខេត្តក៏បានចុះទៅសាលាឃុំប្រមេរុម្ដងទៀត ដើម្បីប្រើរថយន្តសណ្ដោងគ្រឿងចក្រទាំង ២ គ្រឿងដែលសហគមន៍ឃាំងរក្សាទុកក្នុងសាលាឃុំតាំងពីឆ្នាំ ២០១៤ ប្រគល់ទៅឱ្យក្រុមហ៊ុនវិញ ហើយមកដល់ឆ្នាំថ្មីៗនេះ ស្រាប់តែតុលាការបានចេញដីកាបង្គាប់ឱ្យសមាជិកសហគមន៍ ៦ នាក់ចូលឆ្លើយបំភ្លឺអំពីការតវ៉ានោះទៅវិញ។
ចំណែកលោក ធាង ហេង មេឃុំប្រមេរុបានលើកឡើងថា ការតវ៉ារបស់សហគមន៍កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៤ គឺលោកមិនទាន់បានឡើងជាមេឃុំនៅឡើយទេ ប៉ុន្តែគ្រាន់តែដឹងថា ការតវ៉ានោះមិនមានការប្រើប្រាស់ហិង្សារវាងពលរដ្ឋ និងក្រុមហ៊ុនឡើយ។
លោក ហេង ថ្លែងថា៖ «តាមខ្ញុំមើលទៅ គេគ្រាន់តែសាកសួរហើយនៅពេលផុតអាជ្ញាយុកាលចោទប្រកាន់ហ្នឹងគឺមិនអីទេ (មិនចាប់ឃុំក្នុងពន្ធនាគារ)»។
លោក ឡោ ច័ន្ទ អ្នកសម្របសម្រួលសមាគមអាដហុកខេត្តព្រះវិហារបានលើកឡើងថា ក្រុមហ៊ុនហេងហ្វូបានដាក់ពាក្យប្ដឹងពលរដ្ឋនៅឃុំប្រមេរុចំនួន ៩ នាក់តាំងពីដើមឆ្នាំ ២០១៥ ពីបទបង្ខាំងមនុស្ស និងគ្រឿងចក្រដោយខុសច្បាប់ រួមទាំងមន្ត្រីបុគ្គលិកអង្គការពន្លកខ្មែរ ២ ផងពីបទសមគំនិត។ លោកថាក្រោយមកតុលាការក៏បានចោទប្រកាន់ និងចេញដីកាកោះហៅមនុស្សចំនួន ៦ នាក់បន្ថែមទៀត។
ទោះជាយ៉ាងណាលោកបន្តថាតាមបទបញ្ជា ០០១ និងគោលការណ៍របស់រដ្ឋាភិបាលនៅពេលមានការឈូសឆាយដីធ្លីប៉ះពាល់ដីស្រែរបស់ប្រជាពលរដ្ឋ គឺពលរដ្ឋមានសិទ្ធិនាំគ្នាតវ៉ាដើម្បីឱ្យក្រុមហ៊ុនបញ្ឈប់សកម្មភាពជាបន្ទាន់ដូច្នោះមិនមែនជាការតវ៉ាដោយខុសច្បាប់ឡើយ។
លោក ច័ន្ទ បានថ្លែងថា៖ «ប្រសិនបើចៅក្រមចង់ធ្វើឱ្យមានយុត្តិធម៌មែន គាត់ត្រូវតែបើកការស៊ើបអង្កេតឱ្យបានហ្មត់ចត់ និងត្រូវយកចិត្តទុកដាក់ ថាតើរឿងហ្នឹងគ្រាន់តែប្រជាពលរដ្ឋឃាត់ក្រុមហ៊ុនតាមគោលការណ៍របស់រដ្ឋាភិបាល និងតាមបទបញ្ជា ០០១ ប៉ុណ្ណោះ ជារឿងល្មើសច្បាប់ ឬពួកគាត់ធ្វើតាមបទបញ្ជា (របស់រាជរដ្ឋាភិបាល)»៕