ភ្នំពេញៈ លោក អៀង មូលី ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងនៅក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នៅកោះពេជ្រកាលពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៨ ថា កម្ពុជាទទួលបានជោគជ័យខ្លាំង ចំពោះការងារប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ប៉ុន្តែនៅតែបារម្ភចំពោះអ្នកផ្ទុកមេរោគអេដស៍ដែលមិនទៅរកសេវាព្យាបាល ដែលមជ្ឈមណ្ឌលសង្ស័យថា មានពលរដ្ឋខ្មែរប្រមាណ ៧ ម៉ឺននាក់មានផ្ទុកមេរោគអេដស៍។
លោកបន្ដ៖ «យើងសង្ស័យថាប្រជាជនយើងមានផ្ទុកមេរោគអេដស៍ប្រហែល ៧ ម៉ឺននាក់ ប៉ុន្ដែទិន្នន័យដែលដឹងច្បាស់នោះគឺ ៥៩ ០០០ នាក់ដែលកំពុងផ្ទុកមេរោគអេដស៍។ ក្នុងចំណោមនោះមានអ្នកផ្ទុកចំនួន ៥៦ ០០០ នាក់បានទទួលសេវាព្យាបាល»។
លោក មូលី បានអះអាងថាអាជ្ញាធរកំពុងស្វែងរកអ្នកមានផ្ទុកមេរោគដែលមិនមកទទួលសេវាថែរក្សាសុខភាព។
លោក មូលី ថ្លែងថា៖ «យើងអត់ដឹងថា អ្នកផ្ទុកទាំងនោះនៅឯណាទេ។ នេះក៏ជាហានិភ័យមួយដែរ ព្រោះពួកគាត់អាចចម្លងទៅអ្នកឯទៀត តែបើសិនជាពួកគាត់មកទទួលសេវាថែទាំសុខភាពនោះយើងលែងមានការបារម្ភហើយ»។
លោក មូលី បន្តថាប្រទេសកម្ពុជាបានកំណត់ពេលវេលានៃការលុបបំបាត់មេរោគអេដស៍ និងជំងឺអេដស៍នេះមុនប្រទេសដទៃទៀតក្នុងពិភពលោក ដោយកំណត់ត្រឹមឆ្នាំ ២០២៥ ចំណែកបណ្ដាប្រទេសក្នុងពិភពលោកបានកំណត់រហូតដល់ឆ្នាំ ២០៣០។
ទោះយ៉ាងណាក៏ដោយលោក អៀង មូលី បានអះអាងថានៅដំណាក់កាលចុងក្រោយនេះការអនុវត្ដផែនការមានការលំបាកបន្ដិច ព្រោះជំនួយចំពោះការគាំពារអ្នកជំងឺអេដស៍នេះបានធ្លាក់ចុះ ខណៈដែលកម្ពុជាត្រូវចំណាយថវិកាប្រមាណ ២០ លានដុល្លារក្នុង ១ ឆ្នាំ ដើម្បីធ្វើការងារប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍នេះ។
លោកបន្ថែម៖ «ឥឡូវអង្គការផ្ដល់ជំនួយគេឲ្យ ៤០ លានក្នុងរយៈពេល ៣ ឆ្នាំ ប៉ុន្ដែប្រទេសយើងក្នុង ១ ឆ្នាំ យើងត្រូវការ ២០ លាន អ៊ីចឹងយើងនៅខ្វះថវិកា»។
តាមរយៈការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ប្រចាំកម្ពុជា (AHF Cambodia) បានបង្ហាញថា ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នឹងក្រើនរំឭកដល់ថ្នាក់ដឹកនាំពិភពលោកថានៅមានមនុស្សប្រមាណជាង ៩ សែន ៤ ម៉ឺននាក់បានស្លាប់ និងជាង ១ លាន ៨ សែននាក់ បាននិងកំពុងឆ្លងមេរោគអេដស៍ក្នុងឆ្នាំមុននេះ។
លោក ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីបានថ្លែងថា៖ «បច្ចុប្បន្នមានមនុស្សប្រមាណជាង ៦៧០០០ នាក់នៅក្នុងប្រទេសកម្ពុជាកំពុងរស់នៅជាមួយមេរោគអេដស៍។ ដោយមានកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលជាពិសេសមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ខ្ញុំពិតជាមានមោទនភាពក្នុងការបង្ហាញជាសាធារណៈថា ក្នុងចំណោមអ្នករស់នៅជាមួយមេរោគអេដស៍ជាងពាក់កណ្តាលទទួលការថែទាំគាំទ្រដោយអង្គការ AHF កម្ពុជា»។
យោងតាមរបាយការណ៍ចុងក្រោយរបស់អង្គការសហប្រជាជាតិ មានមនុស្សជាង ៣៦ លាននាក់កំពុងរស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍នៅជុំវិញពិភពលោក។
ជារៀងរាល់ឆ្នាំមានមនុស្សប្រមាណ ១ លាន ៨ សែននាក់បានកំពុងឆ្លងមេរោគអេដស៍ និង ៩ សែន ៤ ម៉ឺននាក់បានស្លាប់ដោយសារជំងឺអេដស៍ ខណៈអ្នកជំងឺរាប់លាននាក់ក្នុងពេលបច្ចុប្បន្នកំពុងទទួលការសង្គ្រោះជីវិតដោយឱសថប្រឆាំងមេរោគអេដស៍ ហើយក៏នៅមានមនុស្សរាប់លាននាក់ទៀតកំពុងត្រូវការការថែទាំសុខភាពរបស់ពួកគេបែបនេះដូចគ្នាដែរ។
កាលពីឆ្នាំ ២០១៧ កម្ពុជាមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៧២០០០ នាក់ក្នុងនោះមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណជាង ៨០ ភាគរយដែលទៅទទួលការថែទាំសុខភាព និងការព្យាបាលបានត្រឹមត្រូវ៕