កណ្តាលៈ ពលរដ្ឋ​ប្រមាណ​ជិត ២០០ ​នាក់​មកពី​ ៤ ​ឃុំ​នៅ​ខេត្ត​កណ្តាល ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​របស់​លោកស្រី​ឧកញ៉ា​ សៀង ចាន់ហេង បាន​លើក​គ្នា​មក​តវ៉ា​នៅ​សាលា​ខេត្ត​កណ្តាល ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​លោក​អភិបាល​ខេត្ត​ជួយ​ដោះស្រាយ ក្រោយពី​តំណាង​របស់​ពួកគេ​ ៦ ​នាក់​ត្រូវ​បាន​កោះហៅ និង​ចោទប្រកាន់​ពី​បទ​ញុះញង់​។

អ្នកភូមិ​ម្នាក់​ក្នុង​ចំណោម​ពួកគេ​គឺ​អ្នកស្រី​ សន អាន អាយុ​​ ៥១ ​ឆ្នាំ​ដែល​មកពី​ឃុំ​អម្ពិលព្រៃ បាន​អះអាង​ថា​ក្រុមហ៊ុន​បាន​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​ក្នុង​​ ១ ​ហិកតា តម្លៃ​ ១ ​លាន​ទៅ​ ២ ​លាន​រៀល​តាំងពី​ឆ្នាំ​ ១៩៩០ ប៉ុន្តែ​ក្រុមហ៊ុន​ឲ្យ​លុយ​មិន​ទាន់​គ្រប់​។

អ្នកស្រី​បាន​បញ្ជាក់​ថា​៖ «​ទំនាស់​យូរ​ហើយ និង​យើង​បាន​ដាក់​ចូល​ខាង​ខេត្ត ភូមិបាល តែ​ពុំ​មាន​ការ​ដោះស្រាយ​។ នៅពេល​ដោះស្រាយ គេ​ទះ​តុ​ដាក់​យើង គំរាម​យើង​បិទ​ទ្វារ​ហៅ​កម្លាំង​ព្រហ្មទណ្ឌ​។ លោក​មេឃុំ និង​អ្នក​គួកជេ​ប៉ុន្មាន​នាក់​ជាមួយ​មេភូមិ​ថា ដី​នេះ​ជា​ដី​របស់​ក្រុមហ៊ុន​។ អ្នក​ខ្លះ​បាន​ទទួល​លុយ​ពី​ក្រុមហ៊ុន​តែ​មិន​គ្រប់​ចំនួន​»​។

អ្នកស្រី​បន្ថែម​ថា​៖ «​យើង​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ដោយសារ​ក្រសួង​ និង​មន្ត្រី​ផ្សេងៗ​អះអាង​ថា ដី​នេះ​គឺជា​ដី​របស់​ក្រុមហ៊ុន ដូច្នេះ​យើង​សូម​អំពាវនាវ​ដល់​សម្តេច​ ហ៊ុន សែន និង​លោក​ជំទាវ​មេត្តា​ជួយ​រក​ដំណោះស្រាយ​ជូន​ប្រជាជន​អម្ពិល​ព្រៃ បឹងខ្យាង ព្រែកស្លែង និង​ឃុំ​កណ្តោក ដោយសារ​ប្រជាជន​រស់​ដោយ​ទឹកភ្នែក​»​។

អ្នកភូមិ​ម្នាក់​ទៀត​គឺ​អ្នកស្រី ថាន ខំ អាយុ​ ៥៩ ​ឆ្នាំ​មកពី​ឃុំ​ព្រែកស្លែង​ក៏​បាន​អះអាង​ដែរ​ថា​៖ «​គ្រាន់តែ​ប្រជាជន​ទៅ​ឃាត់​គ្រឿងចក្រ​មិន​ឲ្យ​ធ្វើ​នៅ​លើ​ដី​របស់​ប្រជាពលរដ្ឋ បែរ​ទៅ​ដាក់​ពាក្យ​បណ្ដឹង​។ យើង​ខ្លាច​ចូល​ព្រហ្មទណ្ឌ​បាន​ជា​យើង​មក​ជម្រាប​ប្អូនឯង​ (​អ្នក​កាសែត​)​។ ប្រជាជន​ឈឺចាប់​ណាស់ យើង​មិន​សុខ​ចិត្ត​ទេ​។ ធ្វើ​គុក​ឲ្យ​ធំ​ដើម្បី​ដាក់​ប្រជាជន​ទាំង​ ៣-៤ ​ឃុំ​ទៅ​។ យើង​សុខ​ចិត្ត​ចូល​គុក​ទាំងអស់​គ្នា ប្រសិន​បើ​គេ​ចាប់​តំណាង​របស់​យើង យើង​នៅ​បន្ត​តវ៉ា​រហូត​»​។

ទោះ​ជា​យ៉ាង​ណា​លោកស្រី​ សៀង ចាន់ហេង នៅ​តែ​បន្ត​អះអាង​ថា អ្នកភូមិ​បាន​រើ​ចូល​​លើ​ដី​លោកស្រី​នៅ​ស្រុក​កណ្តាលស្ទឹង​ជាង​ ៥ ​ឆ្នាំ​មក​ហើយ បន្ទាប់ពី​លោកស្រី​បាន​ទិញ​ដី​នេះ​ដំបូង​។ ប៉ុន្តែ​លោកស្រី​បាន​បដិសេធ​ចំពោះ​ការ​អះអាង​របស់​អ្នកភូមិ​ដែល​ថា ពួកគេ​បាន​រស់នៅ​លើ​ដី​នេះ​តាំងពី​ទសវត្សរ៍ ៨០ និង ៩០ ហើយ​បាន​ចោទ​ថា មាន​អ្នក​នៅ​ពី​ក្រោយ​ដែល​រៀបចំ​ឲ្យ​ប្រជាជន​ធ្វើការ​តវ៉ា​។

លោកស្រី ចាន់ហេង បញ្ជាក់​​ថា​៖ «​យើង​បាន​ឃើញ​ និង​បាន​ដឹង​ហើយ​ការពិត​នៅតែ​ជា​ការពិត​។ អ្នក​ទាំងអស់​នេះ​សុទ្ធ​តែ​មាន​អ្នក​រៀបចំ​នៅ​ពី​ក្រោយ​ហើយ​។ យើង​កំពុង​ធ្វើ​លិខិត​ស្នើសុំ​ធ្វើ​វេទិកា​សេរី​ដើម្បី​ជួបជុំ​ជាមួយ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ចោទ​ថា​យើង​យក​ដី​គាត់​»​។

ប្រជាពលរដ្ឋ​តវ៉ា​នឹង​ការ​កោះ​ហៅ​តំណាង​ ៦ ​នាក់​របស់​ពួកគេ​នៅ​សាលា​ខេត្ត​កណ្តាល​ពី​ម្សិលមិញ​។ផា លីណា

នៅ​ពេល​ទំនាក់ទំនង​ពី​ម្សិលមិញ​លោក ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្ដាល បាន​បដិសេធ​ក្នុង​ការ​ធ្វើ​អត្ថាធិប្បាយ​។

កាលពី​ដើម​ខែ​កុម្ភៈ អ្នកភូមិ​ប្រមាណ​ជាង​ ១០០ នាក់​មកពី​ឃុំ​ព្រែកស្លែង ស្រុក​កណ្តាលស្ទឹង​បាន​រារាំង​ក្រុមហ៊ុន​ធ្វើការ​ឈូសឆាយ និង​ជីក​ទំនប់​នៅ​លើ​ដី​ដែល​មាន​ជម្លោះ​ដែល​នៅ​ជិត​គម្រោង​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ​ដ៏ធំ​មួយ ដែល​បាន​ប្រកាស​កាលពី​ខែ​មករា ហើយ​ជម្លោះ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​ជាច្រើន​ឆ្នាំ​នៅ​ក្នុង​ឃុំ​មួយ​ចំនួន​នៃ​ស្រុក​កណ្តាលស្ទឹង​បាន​ចាប់ផ្តើម​កើត​មាន​ឡើងវិញ​ បន្ទាប់ពី​រាជរដ្ឋាភិបាល​បាន​ប្រកាស​ពី​គម្រោង​របស់​ខ្លួន​ក្នុង​ការ​កសាង​ព្រលាន​យន្តហោះ​ដ៏ធំ​នៅ​ក្នុង​ដែនដី​ខេត្ត​កណ្តាល​នេះ​។

អ្នកស្រី អឿង សារី តំណាង​ឲ្យ​ប្រជាជន​ក្នុង​ឃុំ​ព្រែកស្លែង​ដែល​ត្រូវ​បាន​កោះហៅ​ដោយ​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា អ្នកស្រី​ និង​តំណាង​ផ្សេង​ទៀត​មិន​ទៅ​បំភ្លឺ​នៅ​កងរាជ​អាវុធហត្ថ​ខេត្ត​កណ្តាល​ទេ​ ដោយសារ​ស្ថាប័ន​ទាំង​នោះ​មិន​អាច​ជួយ​អន្តរាគមន៍ និង​ដោះស្រាយ​ជូន​ពួកគាត់​តែ​ថែម​ទាំង​ដាក់​សម្ពាធ​លើ​ពួកគាត់​។

អ្នកស្រី​បាន​បញ្ជាក់​ថា​៖ «​យើង​មិន​ទៅ​ដោយសារ​តែ​ពួកយើង​រង​នូវ​ការ​ដែល​គេ​រំលោភ​យក​ដី​ហើយ​បែរ​ជា​អ្នក​យក​ដី​ប្តឹង​ពួកយើង​វិញ ដូច្នេះ​យើង​មិន​ទៅ​ស្រាយ​បំភ្លឺ​ទេ​។ បើ​គេ​ចាប់​ខ្លួន​តាម​ដំណើរ​ទៅ ហើយ​ចាប់​ប្រជាជន​ទាំងអស់​ដាក់គុក​ទៅ​ពីព្រោះ​ប្រជាជន​ទាំងអស់​ក៏​ជា​ម្ចាស់​ដី​ដែរ​។ នេះ​បង្ហាញ​ថា រដ្ឋាភិបាល​មិន​ជួយ​ដោះស្រាយ​ជូន​ប្រជាជន​តែ​បែរ​ជា​ចាប់​ប្រជាជន​ដាក់គុក ហើយ​រដ្ឋាភិបាល​លម្អៀង​ទៅ​កាន់​ក្រុមហ៊ុន ដែល​យក​ដី​ប្រជាជន​»​។

ជម្លោះ​ដីធ្លី​ដ៏ជូរចត់​រវាង​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ របស់​លោកស្រី សៀង ចាន់ហេង និង​អ្នកភូមិ​បាន​វិល​ត្រឡប់​មក​វិញ​សា​ជាថ្មី ក្រោយ​មាន​ការ​ប្រកាស​គម្រោង​ព្រលាន​យន្តហោះ​ដ៏ធំ​នៅ​ស្រុក​កណ្តាលស្ទឹង​នៅ​ក្នុង​ឃុំ​បឹងស្លែង អម្ពិលព្រៃ បឹង​ខ្យាង និង​ឃុំ​កណ្តោក​។

កាលពី​ឆ្នាំ​ ២០០៩ ជម្លោះ​ផ្ទុះ​ឡើង​ទៅ​ជា​អំពើ​ហិង្សា​ បន្ទាប់ពី​កម្លាំង​កងរាជ​អាវុធហត្ថ​ខេត្ត​បាន​បាញ់​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ដែល​ធ្វើឱ្យ​រងរបួស​ ២ ​នាក់​។

លោក​ អំ សំអាត មន្ត្រី​ជាន់ខ្ពស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្មីៗ​នេះ​ថា ជម្លោះ​ដីធ្លី​មាន​រយៈពេល​យូរ​ឆ្នាំ​មក​ហើយ និង​នៅ​ឆ្នាំ​ ២០០៩ ​មាន​ការ​បាញ់​កាំភ្លើង​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​របួស​មួយ​ចំនួន​ បន្ទាប់ពី​ពួកគេ​បាន​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន​ហើយ​រហូត​មក​ដល់​ពេល​នេះ​អាជ្ញាធរ​ពុំ​បាន​ដោះស្រាយ​ជូន​ពលរដ្ឋ​នៅ​ឡើយ​។

លោក​ សំអាត បាន​បញ្ជាក់​ថា​៖ «​រឿង​នេះ​អាច​នាំ​ឱ្យ​មាន​ការ​តវ៉ា និង​អំពើ​ហិង្សា​ប្រសិន​បើ​អាជ្ញាធរ​មិន​ដោះស្រាយ​វា​ដោយ​សន្តិវិធី ហើយ​គួរ​តែ​ដោះស្រាយ​ជម្លោះ​ដីធ្លី​នេះ​មុន​ពេល​វា​កាន់​តែ​ធំ​ឡើង​»៕