ស្ទឹងត្រែងៈ ប្រជាសហគមន៍ជនជាតិដើមភាគតិចដែលរងផលប៉ះពាល់ដោយគម្រោងទំនប់វារីអគ្គិសនីសេសានក្រោម ២ កាលពីម្សិលមិញបានត្អូញត្អែរអំពីកង្វះខាតទឹកស្អាតប្រើប្រាស់ ខណៈស្រះទឹក ១ ដែលអាជ្ញាធរខេត្តស្ទឹងត្រែងកំពុងជីកឲ្យពួកគាត់នៅចំណុចទួលស្រែវែងនៅពុំទាន់ចេញទឹកនៅឡើយ។
បើតាមប្រភពបានឲ្យដឹងថា រដ្ឋាភិបាលបានផ្តល់សំណងដល់សហគមន៍ភូមិ-ឃុំក្បាលរមាស ចំនួន ៥២ គ្រួសារ ប៉ុន្តែពួកគេបានបដិសេធទទួលសំណង នោះហើយបច្ចុប្បន្នកំពុងប្រមូលផ្ដុំគ្នារស់នៅក្នុងតំបន់ទួលស្រែវែង និងទួលត្បែងដែលជាទីទួលសុវត្ថិភាពនៅចម្ងាយប្រមាណ ៥ គីឡូម៉ែត្រពីភូមិចាស់របស់ពួកគាត់ដែលរងការលិចលង់ដោយសារក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម ២ បិទទ្វារទឹកកាលពីចុងឆ្នាំមុននោះបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅព្រឹកម្សិលមិញថា នៅពេលនេះអ្នកភូមិទាំងអស់ដែលបានមករស់នៅលើទីតាំងថ្មីនេះកំពុងជួបប្រឈមបញ្ហាកង្វះទឹកស្អាតប្រើប្រាស់។
អ្នកស្រី ស្រាំង ឡាញ់ តំណាងសហគមន៍ភូមិ-ឃុំក្បាលរមាសថ្លែងថាទឹកក្នុងផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោម ២ ក្នុងតំបន់ដែលពួកគាត់កំពុងរស់នៅនោះមិនអាចយកមកដាំស្ល ឬផឹកបានទេ ដោយសារមានក្លិនស្អុយដែលអាចបង្កផលប៉ះពាល់ដល់សុខភាព ខណៈទឹកភ្លៀងដែលពួកគាត់បានត្រងទុកប្រើប្រាស់កាលពីរដូវវស្សាបានប្រើអស់ទៅហើយ។
អ្នកស្រី ឡាញ់ និយាយថា៖ «នៅពេលនេះអាជ្ញាធរខេត្តកំពុងចុះអន្តរាគមន៍ជីកស្រះទឹក ១ កន្លែងនៅចំណុចទួលស្រែវែង ប៉ុន្តែវានៅមិនទាន់ចេញទឹកទេ ហើយនេះជាក្ដីបារម្ភរបស់ពួកយើងទាំងអស់គ្នានៅទីនេះ»។
អ្នកភូមិម្នាក់ទៀតលោក ឃឹម ចំរើន អាយុ ៥២ ឆ្នាំបានថ្លែងថាបច្ចុប្បន្នក្រុមអ្នកភូមិបាននាំគ្នាទៅដឹកទឹកអណ្ដូងមួយដែលស្ថិតក្នុងដីស្រែចាស់របស់ពួកគាត់មានចម្ងាយប្រមាណជិត ១ គីឡូម៉ែត្រពីតំបន់ទួលស្រែវែងដែលពួកគាត់កំពុងរស់នៅ។
លោកបន្តថាទោះយ៉ាងណាអណ្ដូងនោះមិនអាចផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ដល់អ្នកភូមិដែលមានរហូតដល់ទៅជាង ១០០ គ្រួសារបានឡើយ ដូច្នេះអ្នកភូមិមួយចំនួនដែលមានជីវភាពធូរធារបាននាំគ្នាទៅទិញទឹកស្អាតពីទីរួមខេត្តស្ទឹងត្រែងមកទុកប្រើ ខណៈអ្នកភូមិមួយចំនួនទៀតបាននាំគ្នាដងទឹកពីក្នុងតំបន់អាងទំនប់វារីអគ្គិសនីសេសានក្រោម ២ មកកូរសាច់ជូរទុកប្រើប្រាស់សម្រាប់ងូត និងបោកគក់។
លោក ចំរើន បន្តថា៖ «ក្រៅពីកង្វះខាតទឹកស្អាត អ្នកភូមិយើងទាំងអស់គ្នាដែលមកពីអតីតភូមិក្បាលរមាសចាស់ និង ភូមិស្រែគ ចាស់សរុប ១២៥ គ្រួសារក៏កំពុងជួបប្រឈមនឹងកង្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃផងដែរ ដោយសារកង្វះដីធ្វើស្រែចម្ការ»។
បើតាមលោក ចំរើន ក្រៅពីមុខរបរធ្វើស្រែចម្ការនៅក្នុងព្រៃសហគមន៍ដែលមិនទាន់កាប់ឆ្ការដ៏តិចតួចនោះ ក្រុមអ្នកភូមិបាននាំគ្នាប្រកបរបរនេសាទត្រីដោយជិះទូកចូលនេសាទនៅអតីតភូមិចាស់របស់ពួកគាត់ដែលកំពុងរងការលិចលង់។
ជាមួយគ្នានេះលោក ឡាត់ វិបុល ដែលនៅមិនទាន់ទទួលបានសំណងពីរដ្ឋាភិបាល និងកំពុងស្នាក់នៅក្នុងតំបន់ទួលស្រែវែងបាននិយាយថា កាលពីចុងខែវិច្ឆិកា អាជ្ញាធរខេត្តស្ទឹងត្រែងបានយល់ព្រមឲ្យពួកអ្នកភូមិលោកដែលមកពីអតីតភូមិក្បាលរមាសចាស់ និងស្រែគចាស់ រស់នៅក្នុងតំបន់ទួលស្រែវែង ស្រែត្បែង និងស្រែព្រលូង និងបានសន្យារៀបចំហេដ្ឋារចនាសម្ព័នមានផ្លូវ មណ្ឌលសុខភាព សាលារៀន និងជីកស្រះទឹកចំនួន ២ ជូនពួកគាត់ និងយល់ព្រមថានឹងចុះបញ្ជីដីព្រៃសមូហភាពជូនពួកគាត់ផងដែរ។
«ស្រះទឹកទំហំ ១៥ ម៉ែត្រគុណ ២៥ ម៉ែត្រ និងជម្រៅ ៤ ម៉ែត្រកំពុងត្រូវបានជីកនៅកណ្ដាលទីទួលសុវត្ថិភាពក្នុងតំបន់ទួលស្រែវែង ប៉ុន្តែវានៅមិនទាន់ចេញទឹកនៅឡើយទេ ខណៈស្រះ ១ ទៀតក្នុងទំហំដូចគ្នានេះត្រូវបានគេត្រៀមជីកនៅក្នុងតំបន់ទួលស្រែត្បែងនៅដើមសប្ដាហ៍ក្រោយនេះ»។
ចំណែកអ្នកស្រី ម៉ិញ សុតា តំណាងសហគមន៍ភូមិស្រែគចំនួន ៧៣ គ្រួសារដែលនៅមិនទាន់ទទួលបានសំណងពីផលប៉ះពាល់នៃគម្រោងទំនប់វារីអគ្គិសនីសេសានក្រោម ២ នេះដែរ និងដែលកំពុងរស់នៅប្រមូលផ្ដុំគ្នាក្នុងតំបន់ទួលស្រែត្បែងបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា នៅពេលនេះអាជ្ញាធរបានជួសជុលផ្លូវលំមួយខ្សែដែលតភ្ជាប់ពីផ្លូវលេខ ៧៨ មកកាន់ទីទួលដែលពួកគាត់កំពុងរស់នៅសព្វថ្ងៃ ហើយបានបើកឱកាសឲ្យមនុស្សពីខាងក្រៅចូលទៅក្នុងសហគមន៍របស់ពួកគាត់ហើយមនុស្សនៅក្នុងសហគមន៍ក៏អាចធ្វើដំណើរចេញចូល ដើម្បីប្រកបមុខរបររកស៊ីចិញ្ចឹមជីវិតបានស្រួលជាងមុនផងដែរ។
អ្នកស្រីបានថ្លែងថា៖ «ស្ថានភាពនៃការរស់នៅរបស់ពួកយើង នៅពេលនេះគឺមានលក្ខណៈល្អប្រសើរជាងមុន ប៉ុន្តែអាជ្ញាធរនៅមិនទាន់យល់ព្រមផ្ដល់សំណងថ្លៃខូចខាតលំនៅឋាន និងដំណាំរបស់យើងតាមការទាមទាររបស់យើងទេ»។
បើតាមអ្នកស្រី សុតា អ្នកភូមិបានទាមទារឲ្យអាជ្ញាធរផ្ដល់សំណងទៅតាមតម្លៃទីផ្សារគឺអាស្រ័យទៅលើទំហំ និងប្រភេទផ្ទះជាក់ស្ដែង និងអាស្រ័យទៅលើចំនួនដើមឈើហូបផ្លែដែលពួកគេមាន ខណៈដំណាំរួមផ្សំក្នុងចម្ការ អាស្រ័យទៅលើផ្ទៃដីដាំដុះដែលគ្រួសារនីមួយៗមាន។ ប៉ុន្តែខាងអាជ្ញាធរបានផ្ដល់ជារួមដល់ពលរដ្ឋក្នុងមួយខ្នងផ្ទះមានទឹកប្រាក់ ១០០០ ដុល្លារ និងដើមឈើហូបផ្លែ ១ ដើមថ្លៃ ១០ ដុល្លារដែលការផ្ដល់នេះត្រូវបានអ្នកភូមិបដិសេធ។
ជុំវិញករណីនេះទាំងអាជ្ញាធរស្រុកសេសាន និងអាជ្ញាធរខេត្តស្ទឹងត្រែងមិនអាចទាក់ទងសុំការពន្យល់បានទេ។
លោក ហូ សំអុល អ្នកសម្របសម្រួលសមាគមអាដហុកខេត្តស្ទឹងត្រែងបាននិយាយថា នៅពេលនេះអាជ្ញាធរខេត្តបានប្រឹងប្រែងសម្របសម្រួលផ្តល់ដំណោះស្រាយតាមសំណូមពររបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយបានជួសជុលផ្លូវ និង រៀបចំសិក្សាអំពីទីតាំងថ្មីដែលពួកអ្នកភូមិកំពុងស្នាក់នៅ ដើម្បីចងក្រងចុះក្នុងបញ្ជីដីធ្លីជាសមូហភាពសម្រាប់ពួកគេ និងថែមទាំងគ្រោងបន្តធ្វើការសាងសង់សាលារៀន និង មណ្ឌលសុខភាពសម្រាប់ពួកគាត់នៅដើមខែមករាឆ្នាំ ២០១៩ ខាងមុខនេះផងដែរ៕