ស្ទឹងត្រែងៈ អាជ្ញាធរខេត្ត​ស្ទឹងត្រែង​កំពុង​សម្របសម្រួល​ពលរដ្ឋ​ជាង​ ១៣០ ​គ្រួសារ​ ដែល​រស់នៅ​លើដី​ចំណី​ច្រាំងទន្លេ​​សេកុង​ក្នុង​ក្រុង​ស្ទឹងត្រែង​ឲ្យ​ផ្លាស់ប្ដូរ​លំនៅ​ទៅ​កន្លែង​ថ្មី​ដែល​អាជ្ញាធរ​រៀបចំ​ជូន ខណៈ​ក្នុងចំណោម​នោះ​មាន​ភាគច្រើន​បាន​ឯកភាព នៅពេល​ទីតាំង​ច្រាំង​នេះ​ត្រូវ​យក​ទៅ​អភិវឌ្ឍ​ដើម្បី​កុំឱ្យ​បាក់​ និង​រួមចំណែក​លើកកម្ពស់​សោភណភាព​ទីក្រុង​។

លោក ម៉េង គុង មន្ត្រី​នាំពាក្យ​ខេត្ត​ស្ទឹងត្រែង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ពលរដ្ឋ​ភាគច្រើនបំផុត​នៅក្នុង​ចំណោម​ជាង​ ១៣០ ​គ្រួសារ​នេះ​បាន​ឯកភាព​រួចហើយ ដើម្បី​រុះរើ​ផ្ទះសំបែង​ចេញ​ពី​ច្រាំងទន្លេ ដើម្បី​ទៅ​រស់នៅ​លើដី​ឡូត៍​ដែល​អាជ្ញាធរ​បាន​រៀបចំ​ផ្ដល់ជូន​មាន​ចម្ងាយ​ជាង​ ២ ​គីឡូម៉ែត្រ​ពី​ទីតាំង​ច្រាំងទន្លេ និង​ផ្សារ​ក្នុង​ក្រុង​ស្ទឹងត្រែង​។

លោក​បាន​បញ្ជាក់ថា​៖ «​ប្រសិនបើ​ពួកគាត់​មានផ្ទះ និង​មានគ្រួសារ​រស់នៅ​ហ្នឹង​ពិតប្រាកដ យើង​នឹង​រៀបចំ​ផ្លាស់ប្ដូរ​គាត់​ទៅ​រស់នៅ​លើ​ដីឡូត៍​ដែល​រៀបចំ​សម្រាប់​គ្រួសារ​ទាំងអស់​ហ្នឹង​ទៅ​នៅ​ទីនោះ​វិញ​។ ដីឡូត៍​ហ្នឹង​ស្ថិត​នៅក្នុង​ក្រុង​ស្ទឹងត្រែង​ដដែល​។ ​យើង​ផ្ដល់ជូន​ពួកគាត់​តែ​ដី​លំនៅឋាន ពីព្រោះ​គាត់​រស់​នៅលើ​ច្រាំងទន្លេ​ក៏​អត់​មាន​ដី​ធ្វើស្រែ​ចម្ការ​អី​ដែរ​។ ពលរដ្ឋ​ភាគច្រើន​ព្រម​ទទួល​សំណង​នេះហើយ នៅ​សល់​តែ​ ២-៣ ​នាក់​ទៀត​ ដែល​កំពុង​ពិចារណា​»​។

លោក​បន្តថា ក្នុង​ ១ ​គ្រួសារ​នឹង​ទទួល​បាន​ដីឡូត៍​ដែល​មាន​ទទឹង​ ១០ ​ម៉ែត្រ​​ និង​បណ្ដោយ​ ២០ ​ម៉ែត្រ​ហើយ​ទីតាំង​ថ្មី​នេះ គឺ​ទើប​មាន​ការតភ្ជាប់​បណ្ដាញ​អគ្គិសនី​ចូល ហើយ​នាពេល​ខ្លី​ខាងមុខ​នេះ​អាជ្ញាធរ​នឹង​ចាប់ផ្ដើម​តបណ្ដាញ​ទឹកស្អាត​​ចូល​ថែមទៀត​។

លោក​បាន​បន្ថែមថា ច្រាំងទន្លេ​ប្រហែល​ ៥០០ ​ទៅ​ ៦០០ ​ម៉ែត្រ​ នឹង​ត្រូវ​ចាក់​បេតុង​កុំឱ្យ​បាក់​ដែល​ការសាងសង់​ចាប់ផ្ដើម​ពី​ឆ្នាំ​ ២០២០ ​នេះ​ទៅ​។

លោក​ថា​៖ «​រៀបចំ​ច្រាំងទន្លេ​កុំឱ្យ​បាក់ និង​ជាពិសេស​គឺ​សុវត្ថិភាព​របស់​ពួកគាត់ កាលណា​គាត់​នៅលើ​ច្រាំង​ហើយ​បើ​បាក់​គឺអាច​ឱ្យ​ពួកគាត់​មាន​គ្រោះថ្នាក់​។ មួយ​ទៀត​ដើម្បី​សោភណភាព​ក្រុង កាលណា​គាត់​នៅតាម​ច្រាំងទន្លេ វា​ធ្វើឱ្យ​ប៉ះពាល់​បរិស្ថាន​ផង​។ ពួកគាត់​រស់នៅ​លើដី​ចំណី​ទន្លេ​ហ្នឹង គឺ​អត់​មាន​ប្លង់​អី​ទេ​»​។

តាម​ក្រសួង​ព័ត៌មាន​បាន​ចុះផ្សាយ​ថា​អាជ្ញាធរ​ក្រុង​ស្ទឹងត្រែង​បាន​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​មាត់​ទន្លេ​ចាប់ពី​ព្រះរាជដំណាក់​ទៅដល់​ស្ពាន​មេគង្គ​ត្រូវ​រុះរើ​សំណង់​ចេញ​ឱ្យ​រួចរាល់​ត្រឹម​ថ្ងៃទី​ ៣០ ​ខែ​មេសា​ខាងមុខនេះ​ ដើម្បី​ឱ្យ​អាជ្ញាធរ​មាន​លទ្ធភាព​អភិវឌ្ឍ​ទីក្រុង​ស្អាត​។

ក្រសួង​ព័ត៌មាន​ផ្សាយ​ថា​ «​ក្នុង​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ស្អាត​នៅ​ឆ្នាំ​ ២០២០ លោក សាយ កុសល អភិបាលក្រុង​ស្ទឹងត្រែង​នៅ​ថ្ងៃទី​ ១៥ ​កុម្ភៈ​ បាន​ជូនដំណឹង​ឱ្យ​ប្រជាពលរដ្ឋ​ ១៣៩ ​ខ្នង​ផ្ទះ​ ដែល​កំពុង​រស់នៅ​តាម​ជួរ​មាត់​ទន្លេសេកុង ក្នុងភូមិ​ព្រែក សង្កាត់​ស្ទឹងត្រែង និង​នៅតាម​ជួរ​មាត់​ទន្លេមេគង្គ ក្នុង​ភូមិ​បាចុង សង្កាត់​ព្រះបាទ ត្រូវ​រុះរើ​លំនៅឋាន​ឱ្យ​បាន​​រួចរាល់​នៅ​ថ្ងៃទី​ ៣០ ​មេសា​ខាងមុខ​»​។

ដោយឡែក​ទំព័រ​ហ្វេសប៊ុក​រដ្ឋបាល​ក្រុង​ស្ទឹងត្រែង​បាន​ផ្សព្វផ្សាយ​ដែរ​ថា ការរុះរើ​សំណង់​អនាធិបតេយ្យ​ដែល​សង់​បណ្ដោះអាសន្ន​នៅ​តាម​ដី​ចំណី​មាត់ទន្លេ​គឺ​មាន​ពលរដ្ឋ​ចំនួន​ ១២៩ ​នាក់​បាន​ឯកភាព និង​គាំទ្រ​ដោយ​ទះដៃ​ទទួលយក​ដំណោះស្រាយ​គោលនយោបាយ​។

លោក ប៊ី វ៉ាននី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំខេត្ត​ស្ទឹងត្រែង​ដែល​គាំទ្រ​ចំពោះ​គម្រោង​ផ្លាស់​ទី​ពលរដ្ឋ​ពី​ច្រាំងទន្លេ​នេះ​បាន​លើកឡើង​ថា​កន្លង​មក​អាជ្ញាធរ​បាន​ព្យាយាម​ចរចា​ជាមួយ​ពលរដ្ឋ​ទាំងនេះ​ហើយ​លោក​មិនបាន​សង្កេតឃើញ​មាន​ការបង្ខិតបង្ខំ​ណាមួយ​កើតឡើង​នៅឡើយ​ទេ​។

លោក​ថា​៖ «​អាជ្ញាធរ​បាន​ព្យាយាម​ដោះដូរ​ ឬ​ដោះស្រាយ​តាម​សំណើ​របស់​ប្រជាពលរដ្ឋ​។ ​ប្រសិនបើ​ផ្លាស់ប្ដូរ​លំនៅ​ពួកគាត់​ទៅកាន់​ដី​សម្បទាន​សង្គមកិច្ច យើង​គាំទ្រ និង​ចូលរួម​អបអរសាទរ​ចំពោះ​ដំណោះស្រាយ​ហ្នឹង​។ ព្រោះ​វា​គោរព​ទៅ​តាម​គោលការណ៍​សិទ្ធិ​មនុស្ស សិទ្ធិ​ពលរដ្ឋ ឬ​សិទ្ធិ​លំនៅឋាន​ដើម្បី​ឱ្យ​ពួកគាត់​រស់នៅ​ឱ្យបាន​សមរម្យ ថ្វី​ដ្បិត​ពួកគាត់​រស់នៅ​លើដី​រដ្ឋ​ខុស​ច្បាប់​កី្ដ​»៕