ភ្នំពេញៈ អាជីវករ​មាន​តូប​លក់ដូរ​នៅ​ឆ្នេរ​អូរត្រេះ​ ១ និង​អូរត្រេះ​ ២ ក្នុង​សង្កាត់​លេខ​ ៤ ​ក្រុងព្រះសីហនុ​ចំនួន ៦២ ​តូប​ ដែល​ត្រូវ​អាជ្ញាធរ​ខេត្ដ​ព្រះសីហនុ​រុះរើ​តូប​អស់​កាលពី​ម្សិលមិញ​បាន​នាំគ្នា​មក​តវ៉ា​ទាមទារ​រក​ដំណោះស្រាយ និង​សំណង​នៅ​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន​។

តំណាង​អាជីវករ​ទាំង​ ៦២ ​តូប អ្នកស្រី ស៊ូ ជី ដែល​បាន​ដឹកនាំ​គ្នា​ប្រមាណ​ជាង ៥០ ​នាក់​ មក​តវ៉ា​នៅមុខ​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ដ្រី​កាលពី​ព្រឹកម្សិលមិញ​បាន​ថ្លែងថា ពួក​អ្នកស្រី​មិន​សុខចិត្ដ​ចំពោះ​ការរុះរើ​តូប​របស់​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​ទេ ហើយ​ការឡើង​មក​តវ៉ា​នេះ គឺ​ដើម្បី​ស្នើសុំ​ឱ្យ​លោកនាយក​រដ្ឋមន្ដ្រី​ជួយ​ស្វែងរក​កិច្ចអន្តរាគមន៍​ឱ្យ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ ផ្ដល់​សំណង​ការខូចខាត​ពី​ការ​ឈូសឆាយ​តូប​ និង​រក​ដំណោះស្រាយ​រក​ទីតាំង​លក់ដូរ​ឱ្យ​ពួកគាត់​វិញ​។

អ្នកស្រី​ថ្លែងថា​៖ «​នៅ​ព្រឹក​នេះ​មាន​តំណាង​ពី​ខុទ្ទកាល័យ​សម្ដេចនាយក​រដ្ឋមន្ដ្រី​គាត់​ចុះមក​យក​ព័ត៌មាន​នឹង​ទទួលយក​ឯកសារ​ពី​ពួកខ្ញុំ ដែល​ដាក់​ទៅហើយ​។ ពួក​ខ្ញុំ​បាន​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​សម្ដេច​ក្នុង​នោះ​យើង​ក៏បាន​ដាក់ពាក្យ​បណ្ដឹង​ដែល​ពួកយើង​បាន​ខាតបង់ ពេល​រដ្ឋបាល​ខេត្ដ​ឈូសឆាយ​តូប​ពួកយើង​ដែរ​»​។

អ្នកស្រី ស៊ូ ជី ថ្លែងថា គោលបំណង​ចម្បង​ក្នុង​ការឡើង​មក​តវ៉ា​នេះ គឺ​ទាមទារ​សំណង​ចំពោះ​ការឈូសឆាយ​តូប​ទាំង ៦០ ​តូប​។ ទាមទារ​ឱ្យ​រដ្ឋបាល​ខេត្ដ​ចេញ​ប្លង់​ស្ដង់ដា​នៅ​ចំណុច​ទីតាំង​តូប​ដល់​អាជីវករ​ទាំង​ ៦២ តូប និង​បើ​រដ្ឋបាល​ខេត្ដ​មិន​អនុញ្ញាត​ឱ្យ​ប្រកប​អាជីវកម្ម​លក់ដូរ​បន្ត​នៅ​ចំណុច​ឆ្នេរ​អូត្រេះ រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​ក៏​អាច​ផ្លាស់ប្ដូរ​ទីតាំង​ណា​មួយ​ឱ្យ​ពួកគាត់​អាច​លក់ដូរ​បន្ត​ក៏​បាន​ដែរ​។

អ្នកស្រី​បញ្ជាក់​​ថា​៖ «​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ គាត់​ត្រូវតែ​មាន​ដំណោះស្រាយ​ណាមួយ​សម្រាប់​ពួកខ្ញុំ​។ ពួកយើង​ជា​អាជីវករ​ទាំង ៦២ ​តូប មាន​អ្នកខ្លះ​បាន​មក​ប្រកប​អាជីវកម្ម​នៅទីនេះ​ខ្លះ ២០ ខ្លះ ១០ ​ឆ្នាំ​មកហើយ​ដោយ​បើក​លក់ដូរ​ជា​អាហារដ្ឋាន​នៅ​តំបន់ឆ្នេរ​អូត្រេះ​នេះ​»​។

លោក ឃាង ភារម្យ អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​ថ្លែង​ពី​ម្សិលមិញ​ថា តូប និង​ស្ដង់​នៅក្នុង​តំបន់ឆ្នេរ​អូរត្រេះ​មាន​ចំនួន ១៥៦ តូប​/​ស្ដង់​ក្នុង​នោះ​រដ្ឋបាល​ខេត្ដ​បាន​រៀបចំ​សណ្ដាប់ធ្នាប់​ផ្សេងៗ​រួចរាល់​ជា​ស្ថាពរ​ហើយ ដោយ​នៅតែ​សម្អាត​ឆ្នេរ កាកសំណល់ លូ បង្គន់ រាប់រយ​កន្លែង ដែល​ក្រុមការងារ​របស់​រដ្ឋបាល​ខេត្ដ​កំពុង​បន្តធ្វើ​នៅ​តំបន់​ឆ្នេរ​អូត្រេះ​នេះ​ក្រោយ​ការរុះរើ​កាលពី​ថ្ងៃទី​ ១៥ ខែ​មករា​កន្លងទៅ​។

លោក​ថ្លែងថា​៖ «​ពាក់ព័ន្ធ​បងប្អូន​អាជីវករ​មួយចំនួន​ដែល​ទៅធ្វើ​ការតវ៉ា​ទាមទារ​ផ្សេងៗ​នោះ​គឺជា​សិទ្ធិ​របស់​ពលរដ្ឋ​។ ប៉ុន្ដែ​ចំពោះមុខ​រដ្ឋបាល​ខេត្ដ និង​មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​គឺ​យើង​កំពុងតែ​សម្អាត និង​កែលម្អ​សោភណភាព​ឆ្នេរ​របស់​យើង​ទាំង​ឆ្នេរ​អូត្រេះ និង​ឆ្នេរ​អូរឈើទាល​ ២ ​រៀបចំ​ឱ្យបាន​ស្អាត​ទាំង​បរិស្ថាន​អនាម័យ ពិសេស​ទៅ​លើ​សោភណភាព​ដោយ​ធ្វើយ៉ាងណា​រៀបចំ​ឱ្យ​ឆ្នេរ​របស់​យើង​ស្អាត​ឡើងវិញ​ស័កិ្តសម​ជា​ឆ្នេរ​ស្អាត​ទុក​ជា​ឆ្នេរ​សាធារណៈ​របស់​រដ្ឋ​ដើម្បី​បម្រើ​ឱ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ក៏​ដូចជា​ភ្ញៀវទេសចរ​អន្តរជាតិ​ចូលមក​កម្សាន្ត ដោយ​មិន​មាន​ការបង់ថ្លៃ​»​។

រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​កាលពី​ថ្ងៃ​ទី​ ១៥ ខែមករា បាន​រុះរើ​តូប​នៅតាម​បណ្ដោយ​ឆ្នេរ​អូរត្រេះ​ ១ និង​អូរត្រេះ ២ អស់​ទាំងស្រុង​ចំនួន ១៥៦ ​តូប​។ ក្នុងការ​រុះរើ​តូប​ទាំងអស់​ទាំង​នៅ​ឆ្នេរ​អូរត្រេះ​ ១ អូរត្រេះ​ ២ និង​ឆ្នេរ​អូរ​ឈើទាល​បាន​រុះរើ​តូប​សរុប​មាន​ចំនួន ២៨២ ​តូប​។

លោក លី ចាន់តុលា មេធាវី​ និង​ជា​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​នីតិសាស្ត្រ វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​បាន​លើកឡើង​ថា ជាគោលការណ៍​ច្បាប់ នៅពេល​ពលរដ្ឋ​ទៅ​រស់នៅ​លើដី​សាធារណៈ​របស់​រដ្ឋ​លើស​ពី ១០ ​ឆ្នាំ​ឡើងទៅ​រដ្ឋ​មិន​ត្រូវមាន​សំណង​នោះទេ ហើយ​រដ្ឋ​អាច​មាន​សិទ្ធិ​ប្ដឹង​ពលរដ្ឋ​នោះបាន​ថែមទៀត​។

លោក​ថ្លែងថា​៖ «​តាមច្បាប់​ភូមិបាល​យើង គឺ​ដី​ទាំងអស់​ក្រោយ​ច្បាប់​ភូមិបាល​ឆ្នាំ​ ២០០១ ​សុទ្ធតែ​ជា​ដី​កំណត់ថា មាន​ម្ចាស់ ហើយ​បើសិន​ជា​អត់​មាន​កម្មសិទ្ធិ​ឯកជន​ទេនោះ គេ (​ច្បាប់​) កំណត់​ថា​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​។ តាមច្បាប់​ភូមិបាល​នោះ​គេ​បានកំណត់​មាន​ទោស​ទៅទៀត​សម្រាប់​អ្នកណា​ដែល​មក​គ្រប់គ្រង​រស់នៅ​លើដី​របស់​រដ្ឋ​»​។

ទាក់ទង​នឹង​ការ​ឡើង​មក​តវ៉ា​ទាមទារ​រស់នៅ និង​ធ្វើ​អាជីវកម្ម​នៅ​ឆ្នេរ​អូរត្រេះ​របស់​ប្រជាពលរដ្ឋ​នេះ​លោក ចាន់តុលា បញ្ជាក់​ថា ពលរដ្ឋ​មិន​អាច​មក​ទាមទារ​បែបនេះ​បានទេ ព្រោះ​ករណីនេះ​ជា​ករណី​ដែល​ពលរដ្ឋ​ទៅ​រស់នៅ​រំលោភបំពាន​លើដី​របស់​រដ្ឋ​៕