កំពង់ឆ្នាំងៈ ពលរដ្ឋ​ចំនួន ១០ នាក់​ តំណាង​ឲ្យ​ពល​រដ្ឋ​ចំនួន ៣៣ គ្រួសារ ​ក្នុង​សហគមន៍​ឡ​​ពាង​ដែល​បាន​ប្ដឹង​សុំ​មោឃ​ភា​ព​កិច្ច​ព្រមព្រៀង​​ទទួល​ប្រាក់​ក្នុង​រឿង​ជម្លោះ​ដី​ធ្លី​ដ៏រ៉ាំ​រ៉ៃ ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី ​(KDC) រប​ស់​លោក​ស្រី ជា ខេង នឹង​មក​​ឆ្លើ​យ​បំភ្លឺ​បន្ថែម​ជា​លើក​ទី២ ទៅ​តា​ម​ការកោះហៅ​របស់​​​​លោក​ សំ ប៊ុន​​ពៅ ចៅ​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

អ្នកស្រី កែវ វណ្ណៈ សហ​ដើ​ម​​ចោទ​ម្នាក់​បាន​ប្រាប់​ភ្នំពេញ​ប៉ុ​ស្ដិ៍​​ កាលពី​ថ្ងៃ​ចន្ទ​​ថា ការ​កោះហៅ​ជាថ្មី​នេះ ដោយសារ​ចៅ​ក្រម​​សាលា​ដំបូង​រាជ​ធានី ​កាលពី​​អំឡុង​កោះហៅ​ក្រុម​អ្នកស្រី​មក​បំភ្លឺ​ជា​លើកដំបូង ​កាលពី​ខែ មករា​ ឆ្នាំ ២០១៩ បាន​ចា​ត់​​ទុក​បណ្ដឹងសុំ​មោឃភាពថា ​មិន​ទាន់មាន​ឯកសារ​គ្រប់គ្រាន់ និង​បានស្នើ​សុំឱ្យ​ក្រុមអ្នកស្រី​ត្រឡប់​ទៅរក​ឯកសារ​បន្ថែម ដែល​ឯកសារ​នោះគឺជា​កិច្ច​ព្រ​ម​​ព្រៀង​មួយ​ ដែល​ក្រុម​អ្នកស្រី​បាន​យក​ធ្វើជា​អំណះអំណាង ​នៅក្នុង​ពាក្យបណ្ដឹង​ថា ការ​ផ្ដ​ល់​ប្រាក់​របស់​ក្រុមហ៊ុន​កាលពី​ឆ្នាំ ២០១៤ គឺ​មិនមែនជា​ប្រាក់​ទូទាត់​សំណង​រឿង​ថ្លៃ​ដី​ឡើយ ប៉ុន្តែ​ជាការ​ផ្ដល់​គោល​នយោ​បាយ​សម្រាប់​ចាយ​មុនពេល​​ចូលឆ្នាំ​ប៉ុណ្ណោះ។

អ្នកស្រី​បន្តថា ក្រុមអ្នកស្រី​បាន​ព្យាយាម​ស្វែងរក​កិច្ច​ព្រម​​ព្រៀង​នោះ​ តាម​ការ​ចង់​បាន​រប​ស់​តុលាការ​ដែរ ប៉ុន្តែ​ថ្វី​ដ្បិត​ទៅ​សួរ​ដល់​សាលាខេត្ត សាលាស្រុក និ​​ង​សាលាឃុំ​អស់​ជាច្រើន​លើ​ក​​ក្ដី ពុំ​អាច​រកឃើញ​ឡើយ ​ដោ​យ​អ្នក​ស្រី​​អះ​អាង​ថា ការធ្វើ​កិច្ច​ព្រមព្រៀង​ផ្ដល់ប្រាក់​សម្រា​ប់​​ឱ្យ​ពលរដ្ឋ​ចាយ​មុន​ចូលឆ្នាំ​នោះ គឺ​ភាគី​ក្រុមហ៊ុន​ មិនបាន​ចែក​លិខិ​ត​ស្នាម​មកឱ្យ​ប្រជាពលរដ្ឋ​ឡើយ។

អ្នកស្រី​ថា៖ «​កិច្ចព្រម​​​ព្រៀង​​ហ្នឹងគឺ​ខ្ញុំ​មិនបាន​ព្រម​ព្រៀ​​​ង​រឿង​ដី​រឿង​ធ្លី​ដែរ ព្រោះ​ថ្ងៃ​ទទួល​សំណង​គោល នយោបាយ​ហ្នឹង គឺ​គាត់​ថា​មិនឱ្យ​ពួក​ខ្ញុំ​និយាយ​រឿង​ដី​ទេ ពីព្រោះ​គាត់​ថា ប្រាក់​នេះ​គឺជា​ប្រាក់​គោល​នយោ​បាយ​​សម្រាប់​ចូលឆ្នាំសូម​បង​យក​ទៅ មីង​យកទៅ និង​ប្អូន​យកទៅហើ​យ​​ឱ្យ​ផ្ដិតមេដៃ ហើយ​ពួក​ខ្ញុំមិន​មែ​ន​ជា​អ្នកចេះ​អាន​អក្សរ​អី។ អ៊ីចឹង​ពួក​ខ្ញុំ​មិន​សុខចិត្ត​ និង​ដាក់​បណ្ដឹ​​ង​សុំ​មោឃភាព​ហ្នឹង ដើម្បី​កុំឱ្យ​ចោទប្រកាន់​ដោយ​យក​ស្នាម​មេដៃ​ពួក​ខ្ញុំ​ថា​ បាន​ទទួល​លុយ​សំណង​ពី​ក្រុមហ៊ុន»។

ការ​លើក​ឡើង​របស់អ្នក​ស្រី វណ្ណៈ ធ្វើ​ឡើង​បន្ទាប់ពី​លោក សំ ប៊ុន​ពៅ ចៅក្រម​សាលាដំបូង​រាជធានី​បានចេញ​ដីកាកោះ​មួ​យ​​ធ្វើ​ឡើង​នៅ​ថ្ងៃទី ១៣ ខែ​ មិថុនា ឱ្យ​តំណាង​សហគមន៍​ឡ​ពាង​ចំនួន ១០ នាក់ ចូលមក​កាន់​តុលា​ការ​នៅ​ថ្ងៃទី ១៨ ខែ​ កក្ក​ដា ដើម្បី​ចូលរួម​នីតិវិធី​ត្រៀម​សម្រា​​ប់​ការ​ទាញ​ហេតុ​ផល ជុំវិញ​ពាក្យ​បណ្ដឹង​មោឃ​ភាព​កិច្ច​ព្រម​ព្រៀង។

អ្ន​កស្រី​ វណ្ណៈ បញ្ជាក់ថា ថ្វី​ដ្បិត​គ្មាន​កិច្ចព្រមព្រៀង​សម្រា​ប់​​ដា​ក់​ជូន​ចៅ​ក្រម ប៉ុន្តែ​ក្រុមអ្នកស្រី​ទាំ​ង​ ១០ នាក់ នឹង​នៅតែ​ចូលម​ក​​បំភ្លឺ​ដោយផ្ទាល់​មាត់​នៅ​តុលា​​ការ​តាម​ដីកាកោះ ព្រោះ​អ្វីដែល​លើកឡើង​ ក្នុង​ពាក្យបណ្ដឹង គឺ​សុទ្ធ​ជា​ការពិត​ទាំង​អស់ ហើយ​អ្នក​ស្រីក៏​ចង់ឱ្យ​តុលាការ​កោះ​​ហៅ​លោក​ស្រី ជា ខេង មក​សួរ​ដេ​ញ​ដោល​តទល់​មុខ​គ្នា​ជា​​មួយ​ពលរដ្ឋ​ដែរ។ ពលរដ្ឋ​ចំនួន ៣៣ គ្រួសារ​ ក្នុងចំណោម ៤៩ គ្រួសារ​ រស់នៅ​ក្នុងភូមិ​ឡ​ពាង ឃុំ​តា​ជេស ស្រុក​កំពុងត្រឡាច ខេត្ត​កំពង់​ឆ្នាំងដែល​មាន​ទំនា​ស់​​​ដីធ្លី​ជាង ១១០ ហិកតា ​ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី តាំងពី​ឆ្នាំ ២០០៦ បានដាក់​ពាក្យ​ប្ដឹង​សុំ​មោឃភាព​កិច្ច​ព្រម​ព្រៀងជាមួ​យ​​​ក្រុមហ៊ុន​នេះ​ កាលពី​ថ្ងៃទី ២៣ ខែ ​មិថុនា ​ឆ្នាំ ២០១៤។

ពល​រដ្ឋ​ទាំង​នេះ​អ្នកខ្លះ​មាន​ដី​ចាប់ពី ៨ ហិកតា​កន្លះ​ និង​ជាង ៣ ហិក​តា ទទួល​បាន​​ប្រាក់​ចំនួន ៦ លាន​រៀ​ល និង​ខ្លះ​ដែលមាន​ដី​ជាង ១ ហិកតា ​ឬ​តិចជាង ១ ហិកតា ទទួ​ល​បាន​ប្រាក់​ពី ៣ ទៅ ១ លា​ន​រៀ​ល ​ក្រុម​ហ៊ុន ខេ.ឌី.ស៊ី ជា​ប្រាក់​ដែ​ល​ពល​រដ្ឋ​​ថា​ មិនមែន​ប្រាក់​ថ្លៃ​សំណង​រឿង​ដីធ្លី​​នោះ​ឡើយ ខណៈ​​ពល​រដ្ឋ​ទាំង​ ៤៩​ គ្រួសារ បាន​ទាម​ទារ​ពី​ក្រុម​ហ៊ុន​​ក្នុង​ ១ ​​ហិកតា ​ចំនួន ៦ ម៉ឺនដុល្លារ។

ភ្នំ​ពេញ​ប៉ុស្តិ៍​មិន​អាច​ទាក់​ទង​លោកស្រី ជា​ ខេង ដើម្បី​សុំ​អធិ​​ប្បាយ​បាន​ទេ ប៉ុន្តែលោក ផាត់ ពៅ​ស៊ា​ង មេធាវី​តំណាង​ក្រុម​ហ៊ុ​ន ខេ.ឌី​ស៊ី របស់លោក​ស្រី ជា ខេង ធ្លាប់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កា​ល​ពី​ខែកុម្ភៈ​ថា ពលរដ្ឋ​ទាំង​ជាង​​ ៤​០​ គ្រួសារ​ គឺ​មិន​មែន​ជា​ម្ចាស់​ដី​ពិត​ប្រាកដ​ឡើយ ហើយ​ដី​ដែល​ពលរដ្ឋ​ទាំងនោះ​កំពុង​ទាមទារ គឺ​ក្រុមហ៊ុន​កាន់កាប់​ដោយមាន​ប្លង់​បញ្ជាក់​អំពី​កម្មសិទ្ធិ​ត្រឹម​​​ត្រូវ និង​មាន​ការ​ទទួល​ស្គា​ល់​ពី​លោ​ក ជា សុផារ៉ា រដ្ឋ​មន្ត្រី​ក្រសួង​ដែនដី។

លោក​មេធាវី​រូបនេះ​ បញ្ជាក់​ដែរ​​ថា ឯ​ការដោះស្រាយ​តាម​គោល​នយោ​បាយ​កាលពី​ឆ្នាំ ២០១៤ គឺ​ដោយសារ​​តែ​ម្ចាស់​ក្រុមហ៊ុន​ មិន​ចង់​មានរឿង​វែង​ឆ្ងាយ បើទោះជា​ដឹង​ថា ពលរដ្ឋ​ទាំង​ជាង ៤០ គ្រួសារ មិនមែន​ជា​ម្ចាស់​ដី​ពិតប្រាកដ​ក្ដី ហើយ​ពលរដ្ឋ​ទាំង​នេះក៏បាន​ផ្ដិត​មេ​ដៃ​ សុំ​ដក​ពាក្យ​បណ្ដឹង​ និង​ឈប់​តវ៉ា​​វិញ​ដែរ។

ប៉ុន្តែលោក សំ ច័ន្ទ​គា មន្ត្រី​សម្រប​សម្រួល​សមាគម​អាដ​ហុក ​ប្រចាំខេត្ត​កំពង់ឆ្នាំង​បាន​បញ្ជាក់ថា​ តាម​ការរកឃើញ​របស់​អង្គការ​អាដហុក ​ពលរដ្ឋ​ដែល​កំពុង​តវ៉ា​សព្វថ្ងៃ​ ស្ទើរតែ​ទាំងអស់​គឺជា​ម្ចាស់​ដី​ពិត​ប្រា​កដ​ ដែល​គ្រប់គ្រងដី​ជម្លោះ​នេះ​​តាំ​ង​ពី​ឆ្នាំ ១៩៨១ មក ហើយ​មូល​ហេតុដែល​ធ្វើឱ្យមាន​ទំនាស់​ដី​ធ្លី​នេះ​អូស បន្លាយ​គឺជា​កំហុស​មក​​ពី​អ្នក​ឃុបឃិត​ធ្វើ​ប្លង់​ដើម្បី​ឱ្យទៅ​ពលរដ្ឋ​ផ្សេង ហើយ​លក់​មកឱ្យ​ក្រុមហ៊ុន​ខេ.ឌី.ស៊ី នេះ។

លោក​បន្តថា ប្រសិន​បើ​ពិត​​​​​​​​​ជា​ចង់​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​​ប្រជាពលរដ្ឋ​ មែន តុលាការ​ មាន​សិទ្ធិ​បង្គាប់​ឱ្យ​ភាគី​ក្រុម​ហ៊ុ​ន​​ដែលជា​ភាគី​ចុងចោទ ត្រូវដាក់​ជូន​នូវ​កិច្ចព្រមព្រៀង​នោះ​ធ្វើ​ជា​​ភ័ស្ដុតាង​បន្ថែម​មក​តុលាការ នៅ​ពេលដែល​ពលរដ្ឋ​មិន​អាច​រកបាន​កិច្ច​ព្រមព្រៀង​ដាក់ជូន​តុលាការ​បាន។

លោកបានថ្លែងបន្ត​ថា៖ «​យោង​តាម​របាយ​ការណ៍​របស់​អាជ្ញាធរក៏បាន​ទទួល​ស្គាល់​ថា មានការ​ព្រម​ព្រៀង​គ្នា រ​វាង​ប្រជាពលរដ្ឋ​ និង​ក្រុម​ហ៊ុន ដោ​យ​មាន​ប្រជា​ពលរដ្ឋ​មួយ​ចំនួន ​ទទួ​ល​យក​សំណង​ហ្នឹងអ៊ីចឹ​ង! វា​ស៊ី​ចង្វាក់​គ្នា​ហើយវា​គ្រាន់​តែ​​អត់​មាន​ភ័ស្ដុតាង​ទេ»៕