ពោធិ៍សាត់ៈ ​មន្ត្រី​ជំ​នាញ​ខេត្ត​ពោ​ធិ៍សាត់​រឹប​អូស​បាន​ពស់​ប្រ​ភេទ​ផ្សេង​ៗ​គ្នា​ចំ​នួន​ប្រមាណ​ជិត​ ៩០​ គី​ឡូក្រាម​ ក្រោយ​ពី​បាន​ឆែក​រក​ឃើញ​ក្នុង​រថ​យន្ត​ដឹក​អ្នក​ដំ​ណើរ​របស់​​ប្ដី​ប្រ​ពន្ធ​ ២ ​នាក់​​ ដែល​ធ្វើ​ដំណើរនៅ​លើ​ផ្លូវ​ជាតិ​លេខ​ ៥​ ចេញ​ពី​ខេត្ត​បាត់ដំបង​ទៅ​រា​ជ​ធានី​​ភ្នំ​ពេញ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ​តែ​ប្រភេទ​ពស់​ទាំង​នោះ​មិន​មែន​ជា​អម្បូរ​ជិត​ផុត​ពូជ​នោះ​ទេ។​​​

លោក​ ​ជា ​ប៊ុន​ឌី ​នា​យ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​សំពៅ​មាស​ ​ក្រុង​ខេត្ត​ពោធិ៍​សាត់​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា ​អ្នក​បើក​បរ​រ​ថ​យន្ត​ដឹក​អ្នក​ដំណើរ​ម្នាក់ ឈ្មោះ ​តាន់​ ​កុសល​ ​អាយុ ​៤៧​ ឆ្នាំ ​និង​ប្រពន្ធ​របស់​គាត់​ ​ឈ្មោះ​ ខៀវ ក​ញ្ញារី អាយុ​ ៤៣ ឆ្នាំ ​​ព្រម​ទាំង​កូន​ស្រី​អាយុ ៦ ​ឆ្នាំម្នាក់​ រស់​នៅ​ឃុំ​ព្រៃ​ស្វា​យ​ ស្រុក​មោង​ឫស្សី ​ខេត្ត​បាត់ដំបង​ ​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​រដ្ឋបាល​ព្រៃ​ឈើ​​ឃាត់​ខ្លួន​ធ្វើ​ការ​សាក​សួរ​ ​និង​អប់​រំ​ឲ្យ​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​ការដឹក​ជញ្ជូន​​បទ​ល្មើស​សត្វ​ព្រៃ​។​ សត្វ​ពស់​​ ៣ ប្រភេទ​ ​រួម​មាន​ពស់​សង់​សឿ ​ពស់​ប្រេង ​និង​ពស់​ស្នា​ទន្សោង។ សរុប​ទម្ងន់ ៨៨​ គី​ឡូ​ក្រាម​ ​ដាក់​ក្នុង​ប្រអប់​ស្នោបិទ​ជិត​ចំនួន​ ៥​ នៅ​រថយន្ត​របស់​ពួកគេ។​

​លោក​ ប៊ុន​ឌី ​ថ្លែង​ថា​៖​​ «​សមត្ថ​កិច្ច​យើង​បាន​ធ្វើ​ការ​រឹប​អូស​សត្វ​ពស់​ទាំង​នោះ ដើម្បី​នាំ​យក​ទៅ​លែង​ក្នុង​ព្រៃ​ធម្ម​ជាតិ​វិញ​ ​និង​បាន​ដោះ​លែ​ង​ពួក​គេ​ ​(អ្នក​បើក​បរ)​ ឲ្យ​ត្រឡប់​ទៅ​វិញ​ ​បន្ទាប់​ពី​បាន​ធ្វើ​ការ​អប់​រំ​ណែ​នាំ​ឲ្យ​បញ្ឈប់​ការ​ស៊ី​ឈ្នួល​ដឹក​ជញ្ជូន​បទ​ល្មើស​​​សត្វ​ព្រៃ​តទៅ​ទៀត»។​

​លោក​ថ្លែង​​ថា​៖ ​«​ការ​ដោះលែង​មនុស្ស​នេះ​ ដោយ​សារ​សត្វ​ពស់​ទាំង​នោះ​ជា​ប្រ​ភេទ​សត្វ​សម្បូរ​ដោយ​បង្គួរ​ ​និង​ដោយ​សារ​តែ​ពួក​គេ​បាន​ផ្ដល់​ព័ត៌​មាន​លម្អិត​អំពី​ម្ចាស់​ទំនិញ​ដល់​សមត្ថ​កិច្ច​យើង​ដើម្បី​ធ្វើ​​ការ​ស្រាវ​ជ្រាវ​និង​ចាត់​វិធាន​ការ​បន្ត​តាម​នីតិវិធី​ច្បាប់​»៕