ភ្នំពេញៈ ក្រុម​អ្នកគាំទ្រ​គណ​បក្ស​ប្រជាជន​កម្ពុជា​ មន្ត្រី​រាជ​​ការបានរៀបចំ​ពិធី​ហូប​នំ​បញ្ចុ​ក​នៅ​ទូទាំងប្រទេស​តាម​ការ​គ្រោ​ង​ទុក​នៅ​ថ្ងៃទី ០៩ មិថុនា ម្សិលមិញ​ ដោយ​ក្រុម​អ្នកគាំទ្រ​បក្ស​កាន់អំណាច​ ចាត់ទុកការ​​ហូប​នំ​បញ្ចុក​នេះថា​ គឺជា​ថ្ងៃ​ហូប​នំ​បញ្ចុក​ «សាម​គ្ដី​ តេ​ជោ​សន្ដិភាព» ខណៈ​​ដែលសកម្ម​​ជន​​អតី​ត​គណ​បក្ស​សង្គ្រោះជាតិ នៅ​តាម​តំបន់​មួយ​ចំនួន​ក៏​បាន​រៀប​ចំ​ពិធី​ហូប​នំ​បញ្ចុក​ផង​ដែរ​ជាមួយ​នឹង​ក្តី​សង្ឃឹម​ថាស្ថា​ន​ការណ៍​នយោ​បាយ​អាច​នឹង​វិល​មក​រក​ភាព​ប្រក្រតី​វិញ។

មន្ត្រីរាជការ​ នៅ​តាម​ក្រសួង​ស្ថាប័ន និង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់លំដាប់ថ្នាក់​​នៅ​ទូទាំង​ប្រទេស បាន​នាំគ្នា​​រៀប​ចំ​ពិធី​ហូប​នំ​បញ្ចុក​ ដើម្បី​បង្ហា​ញ​អំពី​សាម​គ្គីភាព ​និង​ឯកភាព​​ជាតិ និង​ដើម្បី​លើ​ក​កម្ពស់​មុខម្ហូប​ខ្មែរ នៅ​ថ្ងៃទី ​៩ ​មិថុនា​ ម្សិល​មិញ​ ទៅ​តាម​ការ​អំពាវនាវរ​បស់​​លោក ហ៊ុន សែ​ន ស្របពេល​​សកម្ម​ជន​អតីត​គណ​​​បក្សប្រឆាំង​ក៏បាន​នាំគ្នា​ហូប​នំបញ្ចុក​ជុំគ្នា​នេះដែរទៅ​តាម​ការអំពាវនាវ​របស់​លោក​ សម រង្ស៊ី។

លោក អឿ ស៊ីផុន ចៅសង្កាត់​ព្រែក​តាសេក ​ខណ្ឌ​ជ្រោយចង្វា​រ​​របស់​គណបក្ស​ប្រជាជនបាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​បាន​ប្រកូក​ប្រកាស​ អំពាវនាវ​ដល់​ពល​រដ្ឋ​គ្រប់​និន្នាការ​នយោ​បា​​​​យ ​ក្នុង​សង្កាត់ឱ្យមក​ជួបជុំគ្នា​ដើ​ម្បី​ហូប​នំ​បញ្ចុក ដែល​បាន​រៀបចំ​នៅ ៣ ទីតាំង ទីតាំង​ទី១ ធ្វើ​ឡើង​ក្នុង​វត្ត និង ២ ទីតាំង​ទៀត​ ស្ថិតនៅ​ក្នុងភូមិ។ «មូលហេតុ​ដោយសារ​អានេះ​តាម​គោល​ការ​​ណ៍​របស់​ស​ម្ដេ​ច​​ហ្នឹង គាត់​ថាឱ្យ​យើង​ហ្នឹង​រៀបចំ​ហូប​ធម្មតា​ៗ ដើម្បី​ជួបជុំគ្នាសប្បា​យ​ៗហើ​យ​​ទី២ ទៀត ខ្ញុំ​មើល​តាម​គោល​​ការណ៍​របស់គាត់ ខាង​គណបក្ស​​សង្គ្រោះ​ជាតិ គេ​ជួបជុំគ្នា​ហូប​នំ​បញ្ចុក​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោ​បាយ អ៊ីចឹង​គណបក្ស​ប្រជាជន​យើង​នៅ​នឹង​មូល​ដ្ឋាន​នេះ យើង​ធ្វើ​នេះ​ដើម្បី​ជួបជុំ​គ្នា​សប្បាយៗ​ប៉ុណ្ណោះ»។

លោក សុខ ឥ​សាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​​ថ្លែង​ថា ក្រុមការងារ​របស់​គ​ណ​បក្ស ​គឺ​បាន​ធ្វើតាម​ការ​ណែនាំ​រប​ស់​លោ​ក​នាយក​រដ្ឋមន្ត្រី ក្នុងការរៀបចំ​ពិធី​ហូប​នំ​បញ្ចុកនៅ​តា​ម​​សាលារៀន វត្ត​អារាម រោងចក្រ សហគ្រាស និង​តាម​រោង​ប្រជុំ​ធម្មតា​នានា​ នៅ​ទូទាំងប្រទេស ដើម្បី​បង្ហាញ​អំពី​សាម​គ្ដី​ភាព​ក្នុ​ង​ចំណោម​ប្រជាជន​ខ្មែរ ជា​ពិសេ​ស​ដើម្បី​បង្ហាញ​សាម​គ្ដី​របស់​គណ​​បក្ស។ «គណបក្ស​ប្រជាជន​ជា​គណបក្ស​ធំ​ មាន​សមាជិក​​បក្ស​ច្រើន​រហូត​ជាង ៧០% នៃ​អ្នក​ដែលមាន​ឈ្មោះ​បោះឆ្នោត អ៊ីចឹ​ង​បើ​ទោះ​ថា​ក្នុង​រង្វង់​តែ​គណបក្ស​ប្រជាជន​ក៏​វា​ជា​តំណាង​ឱ្យ​សាមគ្ដីភាព​ក្នុង​ជាតិ​ទាំងមូល​ដែរ»។

អ្នក​ហូប​នំ​បញ្ចុក​នៅ​វត្ត​ជម្ពូវ័ន្ត​ កាល​ពីម្សិល​មិញ​​​។ ហេង ជីវ័ន

កាល​ពីម្សិល​មិញលោក ហ៊ុ​ន សែន បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ បង្ហាញ​នូវ​រូបភាព​ពី​ការជួបជុំ​ហូប​នំ​បញ្ចុក​ នៅតាម​វត្ត​អារាម វិហារ​អ៊ិស្លាម និង​ទីស្នាក់ការ​គណបក្ស​ប្រជាជន​ជាច្រើន​កន្លែ​ង ដោយ​លោក​បានសរ​សេរថា នំ​បញ្ចុក​គឺមាន​អត្ថប្រយោជន៍​សម្រាប់​សុខភាពដែលមាន​ក្នុង​​សម្លសាច់​ត្រី​ និង​គ្រឿង​ផ្សំ​ដែល​​សុទ្ធ​តែមាន​សារធាតុ​ជំនួយ​ដល់​សុខភាព។

លោក​អំពាវ​នាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​លើ​កត​ម្កើ​ង​ម្ហូបអាហារ​ និង​ចំណី​របស់​ខ្មែរ​ផ្សេងៗទៀត ដើម្បី​ជាការ​កាត់បន្ថយ​ការ​នាំចូល​ផលិតផលដែល​មាន​គីមី។

លោក​​សរសេរ​ថា៖ «ទាំង​បងប្អូន​ជនរួមជាតិ​អ្នក​​កាន់​ពុទ្ធសា​សនា និង​បង​ប្អូន​​ខ្មែរ​អ៊ិស្លាម ព្រមទាំង​សាស​នា​ដទៃទៀត យើង​ហូប​នំ​បញ្ចុក​ជា​​​មួយគ្នាដើម្បី​រឹត​ចំណង​​​​​មិត្ត​ភាពសាម​គ្ដី​ភាព និង​ការ​ស្រឡា​ញ់​រាប់អាន​គ្នា​ឱ្យ​កាន់តែ​ល្អ​រឹងមាំ​។ ទោះ​បី​ក្រោយពី​ហូប​នំ​បញ្ចុក​ហើយ​ក្ដី ក៏​យើង​នៅតែ​ស្រឡា​ញ់​រាប់អាន​គ្នា​ជា​មហា​គ្រួសារ​ខ្មែរ ដោយ​មិន​ប្រកាន់​រើស​អើង​ទៅ​លើ​ជំនឿ​សាសនា​ និង​និន្នា​ការ​នយោបាយ​ឡើយ»។

លោក ម៉ៅ ផល្លី អតីត​មេឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយ​មានជ័យ នៃ​​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ថា សកម្មជន​របស់​​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រហែល ១០០ នាក់ ​​ក្នុ​​ង​​ឃុំ​របស់លោកបាន​​ជួប​ជុំ​គ្នា​ហូប​នំ​បញ្ចុក​ដោយមាន​ការ​និ​ម​​ន្ត​ព្រះសង្ឃ​ឆាន់​មួយ​ព្រឹក​ថ្ងៃត្រង់។ ​

លោក ផល្លី សង្ឃឹមថា ការហូប​នំ​បញ្ចុក​នេះ នឹង​អាច​ក្លាយជា​សញ្ញា​​ល្អ​មួយ​ដើម្បី​បន្ធូរ​ស្ថានការ​​ណ៍នយោ​បាយ​ឲ្យ​វិល​មករក​ភា​ព​​​ប្រក្រតី​វិញ ព្រោះ​លោក​ចង់​ឱ្យ​មាន​ការដោះលែង​ លោក កឹម សុខា ហើយ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​មានជីវិត​រស់​ឡើ​ង​វិញ។ ​«ទា​ក់ទង​នឹង​ការហូប​នំ​បញ្ចុក​ហ្នឹងបង្ហាញ​ពីស​ញ្ញា​ល្អ​មួយហើ​យ​​ចង់ឱ្យ​អ្វីៗផ្សេងទៀត​ រវាង​គណ​បក្ស​ទាំង ២ ហ្នឹង សុំ​ឱ្យមាន​វប្ប​ធម៌​ដូច​ការហូប​នំ​បញ្ចុក​អ៊ីចឹង ដូច​មានការ​អំពាវនាវ​ឱ្យ​ហូប​នំបញ្ចុក​ឱ្យ​មាន​ការ​ឯកភាព​ជាតិ​អ៊ីចឹង​ណា៎»។

លោក ឯម សុវណ្ណារ៉ា អ្នក​វិភាគ​នយោ​បាយ​ បានថ្លែងថា ការហូប​នំ​បញ្ចុក​គឺជា​រឿង​ល្អ​ដែ​ល​អាច​កាត់​បន្ថយ​អំពើ​ហិង្សា ​និង​ការ​ស្អប់ខ្ពើម​គ្នា​ក្នុងចំណោម​ប្រជាជន​នៃ​គណបក្ស​ទាំង ២ ប៉ុន្តែ​លោក​យល់ថា បើ​​បក្ស​កាន់​អំណាចបន្ត​ដេញ​តាម​ព្រឹ​ត្ដិ​ការណ៍​ដែល​អតីត​គណបក្ស​ប្រឆាំង​រៀបចំឡើង​នា​ពេល​ខាងមុខ​ទៀតមា​ន​ន័យ​ថា គ​ណបក្សកាន់អំណាច​បា​ន​ជួយ​ឱ្យ​អតីត​បក្សប្រឆាំង​ដែល​ស្លាប់​បាត់ទៅហើយ​ អាច​មាន​សកម្មភាព​រស់​ឡើង​វិញ។​

លោក​បន្ត​ថា​៖ «សកម្ម​​​​ភា​​​​​ព​​ពេល​ហ្នឹង វា​ហាក់​គណ​បក្ស​កា​ន់​អំណាច​ រៀបចំ​ដើម្បី​ប្រជែង​ជាមួយ​សក​ម្ម​ភាព​របស់​អតីត​ ​CNRP ហ្នឹង ធ្វើឱ្យ​​អតី​ត​ CNR​P មាន​សកម្មភាព​ឡើង​វិញ​ខ្លះ»៕