ភ្នំពេញៈ ព្រះ​មហា​ក្សត្រ​កម្ពុជា​ព្រះ​បាទ​ព្រះ​បរម​នាថ នរោ​ត្តម សីហ​មុនី បាន​ត្រាស់​បង្គាប់​តែង​តាំង​មន្ត្រី​ ២ ​រូប​ឲ្យ​ធ្វើ​ជា​សមា​ជិក​ព្រឹទ្ធ​សភា​សម្រាប់​អាណត្តិ​ទី ​៤ ​ខណៈ​ការ​បោះ​ឆ្នោត​អ​សកល​ជ្រើស​រើស​សមា​ជិក​ព្រឹទ្ធ​សភា​នឹង​ឈាន​មក​ដល់​នៅ​ចុង​ខែ​នេះ​ ។ នេះបើតាមព្រះរាជក្រឹត្យចុះថ្ងៃទី ១៩ ខែកុម្ភៈ។

បើ​តាម​ព្រះ​រាជ​ក្រឹត្យ​នេះ​សមា​ជិក​ព្រឹទ្ធ​សភា​ដែល​ត្រូវ​បាន​ត្រាស់​បង្គាប់​តែង​តាំង​ថ្មី​នោះ​មាន សម្ដេច​រាជ​បុត្រី​ព្រះ​អនុជ​ នរោត្តម​ អរុណ​រស្មី ​អតីត​ប្រធាន​គណ​បក្ស​ហ៊្វុន​ស៊ី​ប៉ិច ​និង​ លោក​ ជំទាវ​ អ៊ុំ​ សូ​ម៉ា​នីន ។

​គូរ​បញ្ជាក់​ថា តាម​ច្បាប់​កម្ពុជា ការ​ជ្រើស​សមា​ជិក​ព្រឹទ្ធ​សភា​ត្រូវ​ធ្វើ​ឡើងតាម​រយៈ​ការ​តែង​តាំង​ពី​ព្រះ​មហា​ក្សត្រចំនួន​ ២ ​រូប​ តែង​តាំង​ពី​រដ្ឋ​ស​ភា​ចំនួន​ ២ រូប​ និង​តាម​រយៈ​ការ​បោះ​ឆ្នោត​អស​កល​ដោយ​មាន​អង្គបោះ​ឆ្នោត​ចាប់​ពីសមាជិក​​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត ស្រុក -​ខណ្ឌ​និង​រាជធានី-ខេត្ត​ក្រុង​។

បើ​តាម​កាល​បរិច្ឆេទ​របស់ ​គ.ជ.ប ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមា​ជិក​ព្រឹទ្ធ​សភា​អា​ណត្តិ​ទី​៤​ នឹង​ប្រព្រឹត្ដ​ទៅ​នៅ​ថ្ងៃ​ទី ​២៥​ ខែ​កុម្ភៈ​ ឆ្នាំ ២០១​៨​ ខណៈ​សមា​ជិក​ព្រឹទ្ធសភា​ថ្មី​ទាំង​អស់​នឹង​ឡើង​ដល់​ ៦២​ រូប៕