កណ្តាលៈ ព្រះមហាក្សត្របានត្រាស់បង្គាប់តែងតាំងលោក គង់ សោភ័ណ្ឌ អភិបាលរងខេត្តកណ្តាលឲ្យឡើងកាន់តំណែងជាអភិបាលខេត្តនេះជំនួសលោក ម៉ៅ ភិរុណ ដែលនឹងត្រូវដល់អាយុចូលនិវត្តន៍នៅខែមីនាខាងមុខនេះ ក្រោយពីបានកាន់តួនាទីជាមេដឹកនាំខេត្តនេះអស់រយៈពេល ៥ ឆ្នាំ។
លោក ម៉ៅ ភិរុណ បានលើកឡើងថា លោកនឹងត្រូវដល់អាយុចូលនិវត្តន៍នៅខែមីនា ឆ្នាំ ២០២០ ខាងមុខនេះ បន្ទាប់ពីបានបំពេញជាមន្ត្រីមុខងារសាធារណៈអស់រយៈពេល ៤០ ឆ្នាំ។ លោក ម៉ៅ ភិរុណ ប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា ការប្រកាសចូលកាន់តំណែងថ្មីរបស់លោក គង់ សោភ័ណ្ឌ ដែលជាអភិបាលខេត្តកណ្ដាលជំនួសរូបលោកនោះនឹងអាចធ្វើឡើងនៅសប្ដាហ៍ក្រោយ ក្រោយពីលោកឡើងកាន់តំណែងនេះអស់រយៈពេល ៥ ឆ្នាំ។
លោកបញ្ជាក់ថា ក្នុងរយៈពេល ១ អាណត្តិមកនេះគឺលោកបានខិតខំប្រឹងប្រែងអនុវត្តតាមគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីបម្រើប្រជាពលរដ្ឋនៅក្នុងខេត្តកណ្ដាល។ ជាពិសេសគឺការប្រឹងប្រែងអភិវឌ្ឍន៍លើគ្រប់វិស័យ ដើម្បីឱ្យខេត្តនេះមានការវិវត្តមុខមាត់ថ្មី។
លោក ម៉ៅ ភិរុណ ថ្លែងថា៖ «ខ្ញុំបានទទួលតំណែងជាអភិបាលខេត្តហ្នឹងតាំងពីថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១៤។ ក្នុងនាមជាអភិបាលខេត្ត គឺខិតខំអនុវត្តតាមលិខិតបទដ្ឋាន ការអនុវត្តគោលនយោបាយ និងកម្មវិធីជាតិនានាៗរបស់រដ្ឋាភិបាល»។
អភិបាលខេត្តរូបនេះបន្ថែមថា៖ «យើងបានខិតខំបម្រើផលប្រយោជន៍ជូនប្រជាជនតាមរយៈការពារសន្ដិសុខសណ្ដាប់ធ្នាប់ សន្ដិសុខសាធារណៈ ការផ្ដល់សេវាសាធារណៈដល់ពលរដ្ឋ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធ្វើឱ្យជីវភាពប្រជាជនកាន់តែល្អប្រសើរឡើង និងមានវិវឌ្ឍនភាពនៅលើគ្រប់ផ្នែក និងគ្រប់វិស័យ ដើម្បីឱ្យខេត្តកណ្ដាលមានការវិវត្តមុខមាត់ថ្មី»។
លោកឲ្យដឹងថា លោកមានស្នាដៃជាច្រើន ហើយមិនអាចរៀបរាប់អស់ក្នុងរយៈពេលខ្លីបានទេ ប៉ុន្តែការងារដែលពេញចិត្តជាងគេគឺការផ្ដល់សេវា និងការអភិវឌ្ឍនៅក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋនៅក្នុងខេត្ត។ លោកបញ្ជាក់ថា មុខងារសាធារណៈរបស់លោកគឺត្រូវបញ្ចប់ទៅតាមច្បាប់ ប៉ុន្តែលោកនៅតែមានតួនាទី ជាប្រធានគណបក្សប្រជាជនខេត្តកណ្ដាលដដែល។
លោក ម៉ៅ ភិរុណ រៀបរាប់ថាការបំពេញមុខងារជាមន្ត្រីសាធារណៈដំបូងរបស់លោកផ្ដើមចេញពីការចូលបម្រើការងារក្នុងកងទ័ពពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨៩ និងពីឆ្នាំ ១៩៨៩-២០០៥ បានធ្វើជាអភិបាលរងខេត្តកំពង់ចាម។ ពីឆ្នាំ ២០០៥-២០០៩ លោកក៏បានផ្លាស់ប្ដូរមកធ្វើជាអភិបាលរងខេត្តកណ្ដាល។ ពីឆ្នាំ ២០០៩ ដល់ចុងឆ្នាំ ២០១៤ លោកបានធ្វើជាប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បន្ទាប់មកលោកត្រូវបានតែងតាំងជាអភិបាលខេត្តកណ្ដាលរហូតមក។
កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ព្រះមហាក្សត្រ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក គង់ សោភ័ណ្ឌ ឡើងធ្វើជាអភិបាលខេត្តកណ្ដាលតាមការទូលថ្វាយ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក គង់ សោភ័ណ្ឌ បញ្ជាក់ខ្លីថាលោកធ្លាប់បានធ្វើជាអភិបាលស្រុកខ្សាច់កណ្ដាល និងអភិបាលស្រុកល្វាឯម។ ក្រោយមកលោកត្រូវបានតែងតាំងជាអភិបាលរងខេត្តកណ្ដាលជាង ២ ឆ្នាំមុនពេលព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តនៅពេលនេះ។
លោកថា៖ «ជាពិសេស [ការតែងតាំងនេះ] គឺជាការខិតខំបម្រើប្រជាជន និងរាជរដ្ឋាភិបាលអនុវត្តឱ្យបានល្អបំផុតនូវកំណែទម្រង់ស៊ីជម្រៅរបស់រដ្ឋាភិបាល»។
កាលពីខែមករាខេត្តកណ្ដាលក៏មានការផ្លាស់ប្ដូរតួនាទីលោក អ៊ាវ ចំរើន ពីស្នងការខេត្តមកធ្វើជានាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងបានតែងតាំងលោក ឈឿន សុចិត្ត ស្នងការរងខេត្តធ្វើជាស្នងការជំនួសវិញ៕