ភ្នំពេញៈ ព្រះមហាក្សត្រ និងនាយករដ្ឋមន្ត្រីផ្ញើសារក្នុងទិវាជនមានពិការភាពពិភពលោក ៣ ធ្នូដោយកោតសរសើរកិច្ចខិតខំប្រឹងប្រែងធ្វើឲ្យប្រសើរឡើងសិទ្ធិរបស់ជនមានពិការភាព និងស្នើសុំកុំឲ្យមានការរើសអើងពួកគេ ខណៈមានការបង្ហាញថា ជនមានពិការភាពចំនួនជិត ៣ ពាន់នាក់បានចូលបម្រើការងារក្នុងស្ថាប័នរដ្ឋនាឆ្នាំ ២០១៨ នេះ និងសិស្សមានពិការភាពចំនួនជាង ៦ ម៉ឺននាក់កំពុងសិក្សាចាប់ពីមត្តេយ្យរហូតដល់ឧត្តមសិក្សា។
ជាសារចូលរួមអបអរសាទរដល់ទិវាជាតិជនមានពិការភាពកម្ពុជាលើកទី ២០ និងទិវាជនមានពិការភាពពិភពលោកលើកទី ៣៦ ដែលប្រារព្ធធ្វើឡើងរៀងរាល់ថ្ងៃទី ៣ ធ្នូ ព្រះមហាក្សត្រនរោត្តម សីហមុនី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្តែងការអបអរទិវានេះដោយស្នើឲ្យមានការសម្រួលដល់ជនដែលមានពិការភាព។
សារលិខិតរបស់ព្រះមហាក្សត្រសរសេរថា៖ «ការរៀបចំទិវាជនមានពិការភាពនេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលមានគោលដៅលើកទឹកចិត្តដល់ជនមានពិការភាពកម្ពុជាគ្រប់រូបដោយពុំមានការរើសអើងប្រកាន់ពណ៌សម្បុរ វណ្ណៈ ឬនិន្នាការនយោបាយ»។
ព្រះរាជសារបន្តថា៖ «ខ្ញុំព្រះករុណាខ្ញុំមានហឫទ័យសប្បាយរីករាយ ដោយបានឃើញនូវការវិវឌ្ឍថ្មីៗតាមរយៈសកម្មភាពជាច្រើនទាំងក្នុងស្ថាប័នរដ្ឋ និងឯកជនដូចជា៖ ការផ្ដល់របបគោលនយោបាយ សម្ភារបរិក្ខារ មធ្យោបាយគ្រប់បែបយ៉ាងដើម្បីស្ដារលទ្ធភាពពលកម្មកាយសម្បទា និងបញ្ហាសម្បទាសំដៅឲ្យជនមានពិការភាពទទួលសេវាសង្គមគ្រប់បែបយ៉ាង និងអាចចូលរួមសកម្មភាពសង្គមគ្រប់វិស័យរួមទាំងវិស័យនយោបាយផងដែរ ទៅតាមសមត្ថភាព ស្របតាមការអភិវឌ្ឍនៃប្រទេសជាតិនាពេលបច្ចុប្បន្ន»។
ជាមួយគ្នានេះលោក ហ៊ុន សែន ក៏បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោកផងដែរដោយបានពន្យល់ពីសមិទ្ធផល និងសកម្មភាពរបស់រដ្ឋាភិបាលក្នុងការធ្វើឲ្យប្រសើរឡើងដល់សិទ្ធិ និងសមត្ថភាពរបស់ជនមានពិការភាព។
លោកឲ្យដឹងថា ជនមានពិការភាពបានចូលធ្វើការនៅស្ថាប័នរដ្ឋដែលក្នុងឆ្នាំ ២០១៨ នេះ ជនមានពិការភាពចំនួន ២៨៣៩ នាក់ទទួលបានការងារ។
លោក ហ៊ុន សែន ឲ្យដឹងទៀតថានាពេលបច្ចុប្បន្ននេះមានសិស្សដែលមានពិការភាពជាង ៦ ម៉ឺននាក់កំពុងសិក្សានៅសាលារាប់ចាប់ពីមតេយ្យរហូតដល់ឧត្តមសិក្សា។
លោក ហ៊ុន សែន ឲ្យដឹងទៀតថារហូតមកដល់ពេលនេះក្រុមជនមានពិការភាពបានបង្កើតក្រុមជួយខ្លួនឯងចំនួន ១៩៥០ ក្រុមមានអង្គការធ្វើការជាមួយពួកគេចំនួន ៧០ និងមានជនមានពិការភាពចំនួន ២៨ ០០០ នាក់បានទទួលសេវាស្តារសម្បទា។ នៅឆ្នាំ ២០១៨ នេះជនមានពិការភាព ៣៨៣ នាក់ទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការងារ។
លោកបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលមានឆន្ទៈខ្ពស់ក្នុងការរុះរបាំងឧបសគ្គនានាដើម្បីបង្កើនឱកាសដល់ជនមានពិការភាពរួមទាំងបង្កើតនូវយុទ្ធនាការប្រើប្រាស់ភាសាលើកទឹកចិត្តដល់ជនមានពិការភាពដោយមិនអនុញ្ញាតឲ្យប្រើពាក្យអសុរោះក្នុងន័យប្រមាថ មាក់ងាយ និងរើសអើងជនមានពិការភាព ដែលផ្ទុយនឹងច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនមានពិការភាព»។
លោកនាយករដ្ឋមន្ត្រីក៏បានស្នើនូវចំណុចចំនួន ៧ ដើម្បីលើកកម្ពស់ដល់សិទ្ធិ និងភាពប្រសើរឡើងរបស់ជនមានពិការភាព។
លោក ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនមានពិការភាពថ្លែងកាលពីថ្ងៃទី ៣ ធ្នូ ថានៅទូទាំងប្រទេសកម្ពុជាជនមានពិការភាពមានប្រមាណជា ៥០ ម៉ឺននាក់ បើយោងតាមតួលេខរបស់ក្រសួងផែនការឆ្នាំ ២០១៣។ លោកថ្លែងថា សិទ្ធិរបស់ជនមានពិការភាពមានភាពប្រសើរឡើងដោយសារតែទម្រង់នៃការរើសអើងលើពួកគេត្រូវបានលុបបំបាត់បានច្រើន។
លោកថ្លែងថា៖ «កាលពីមុន ពេលដែលច្បាប់ត្រូវបានអនុម័ត ជនមានពិការភាពត្រូវបានគេបំភ្លេចចោលហើយសង្គមមិនឲ្យតម្លៃពួកគាត់។ យើងធ្លាប់ឮពាក្យមាក់ងាយដូចជាថា អាខ្វាក់ អ្នកឯងខ្វាក់ឬ? អាខ្វិន ឬដែលមិនអាចដើរ ពាក្យទាំងនេះសំដៅទៅលើជនមានពិការភាពដែលធ្វើឲ្យពួកគេមិនសប្បាយចិត្ត ហើយមានអារម្មណ៍ថាពួកគេត្រូវបានគេរើសអើងពីសង្គម ហើយសង្គមមិនផ្ដល់តម្លៃដល់ពួកគេ។ ឥឡូវនេះយើងមិនឮពាក្យទាំងនេះទៀតទេ»។
លោក មករា បន្តថា ជនមានពិការភាពបានចូលបម្រើការនៅស្ថាប័នរដ្ឋស្ទើរតែ ២ ភាគរយហើយដែលជាភាគរយគោលដៅ។ លោកថាចំណែកអ្នកដែលមិនបានចូលបម្រើការនៅស្ថាប័នរដ្ឋត្រូវបានលើកទឹកចិត្តឲ្យបើកមុខរបរខ្លួនឯងដូចជាហាងម៉ាស្សា ហាងកាហ្វេ ឬ បម្រើការនៅតាមភោជនីយដ្ឋានជាដើម។ ដោយឡែកនៅក្នុងវិស័យអប់រំវិញឪពុកម្តាយមានការយល់ដឹងច្រើនដោយបញ្ជូនកូនដែលមានពិការភាពទៅសាលារៀន។
លោកថា៖ «ឥឡូវគ្រួសារដែលមានកូនមានពិការភាពបញ្ជូនកូនទៅរៀន។ កាលពីមុនពួកគាត់ទុកកូននៅផ្ទះដោយសារខ្លាចកូនរបស់គាត់ត្រូវបានគេរើសអើងដោយហៅថា អាខ្វាក់ អាថ្លង់ជាដើម»៕