ភ្នំ​ពេញៈ ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរម​នាថ​ នរោត្តម ​សីហ​​មុនី ​និង​សម្ដេច​ម៉ែ ​បាន​យាង​ចេញទៅ​ទីក្រុង​ប៉េកាំង​ នៃ​ប្រទេស​ចិន ដើម្បី​ពិនិត្យ​ព្រះរាជ​សុខភាព​ ដែលជា​ទម្លាប់​តែងតែ​ធ្វើ​ឡើងជា​រាងរាល់ ​៦ខែ ម្ដង ក្នុង ១ឆ្នាំ។ ​

នៅឯ​ព្រ​​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ​នៅ​ព្រឹក​ថ្ងៃនេះ​ មាន​មន្ត្រី​ជាន់ខ្ពស់​រាជ​រដ្ឋាភិបាល​ជា​ច្រើន ព្រម​ទាំង​លោក​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរា​ជា​ណាចក្រ​កម្ពុជា ​ប្រធាន​ព្រឹទ្ធសភា​លោក សាយ ឈុំ និង​ប្រធាន​រដ្ឋសភា​លោក ហេង សំរិន អម​ព្រះរាជ​ដំណើរ មុន​ពេល​យន្តហោះ​ចេញ​ដំណើរ។​

លោក​ អ៊ុំ​ ដារ៉ាវុធ​ នាយក​ព្រះ​រាជ​ខុទ្ធ​កាល័យ​ហ្លួង​ម៉ែ​ បាន​ថ្លែងប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​​ថា​៖ «ព្រះ​អង្គ​លោក​យាង​ទៅតាម​ការ​កំណត់​របស់​ក្រុម​ពេទ្យ​ចិន​ដោយ​មានការ​ណាត់ជួប​ក្នុង​រវាង​ ៦ខែ ​ម្ដង​ក្នុង ១ឆ្នាំ។ បើ​​ថា​តាម​ទម្លាប់​គ្មា​ន​ប​ព្ហា​ព្រះរាជ​សុខភា​ព​ ព្រះអ​ង្គ​ទ្រង់​យាង​ចេញ​តែ ១ខែ។ ព្រះអង្គ​ទ្រង់​នឹង​យាង​មកវិញ​មុន​ចូលឆ្នាំ​ខ្មែរ។ អត់​មានការ​ប៉ះពាល់​ដល់​ការបោះ​ឆ្នោត​ព្រឹទ្ធសភា​ទេ​ព្រោះ​យើង​បោះ​ឆ្នា​ត​មិន​មែន​ជា​ទូទៅ ​មិន​ដូច​បោះឆ្នោត​សកល​ដូចជា​​ ឃុំ​-សង្កាត់ ​និង​ រដ្ឋសភា​ទេ។ ​ព្រះអង្គ​ទ្រង់​នឹង​យាង​មកវិញ​មុន​ចូលឆ្នាំ​ខ្មែរ»។

ការ​យាង​របស់​ព្រះ​អង្គ​បាន​ធ្វើ​ឡើង​មុន​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​តែ ២ថ្ងៃ ​ប៉ុណ្ណោះ​ ដែល​ការ​បោះ​ឆ្នោត​អសកល​នេះ​ធ្វើឡើង​១ថ្ងៃ​ នៅ​ថ្ងៃ​ទី​ ២៥ កុម្ភៈ​នេះ។

ទោះ​ជា​យ៉ាង​ណា​ក៍ដោយ​ព្រះ​មហាក្សត្រ​បាន​ឡាយ​ព្រះ​ហត្ថ​លេខា​នៅ​ថ្ងៃ​ទី​ ១៩ ខែកុម្ភៈ ត្រាស់​បង្គាប់​តែង​តាំង​សមាជិក​ព្រឹទ្ធ​សភា​ ២ រូប​ ជា​តំណាង​ឲ្យ​ព្រះ​មហាក្សត្រ​ នៅ​ក្នុង​ព្រឹទ្ធ​សភា​ មាន​សម្ដេច​រាជ​បុត្រីព្រះ​អនុជ នរោត្តម​ អរុណ​រស្មី និង​លោក​ស្រី អ៊ុំ​ សុម៉ានិន៕