តាកែវៈ ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​នៅក្នុង​ឆ្នាំនេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ផល​ដំណាំ ស្រូវ ពោត និង​សណ្ដែក​ នឹង​ទទួល​បាន​លទ្ធផល​ល្អតាមរយៈ​ប្រផ្នូល​របស់​គោ​ឧសភរាជ ១ គូ​ ដែល​បាន​បរិភោគ​អាហារ​ទាំង ៣ មុខ ​ខាងលើ ក្នុង​ចំណោម​អាហារ ៧ មុខ ​ដែល​ត្រូវបាន​ក្រុម​ព្រាហ្មណ៍​ព្រះរាជ​គ្រូ​ប្រចាំ​ព្រះបរម​រាជវាំង​បាន​រៀបចំ​ឡើង​កាល​ពី​ម្សិលមិញ​នៅ​ពហុ​កីឡដ្ឋាន​ក្រុង​ដូន​កែវ ខេត្ត​តាកែវ។

ព្រះរាជ​ពិធី​នេះ បាន​ប្រ​ព្រឺ​ត្ត​ទៅ​ក្រោមព្រះរាជ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះមហា​ក្សត្រ​ខ្មែរ​ព្រះបាទ សម្តេច ព្រះបរម​នាថ នរោត្ដម សីហមុនី ដោយ​មាន​លោក អ៊ូច ភា អភិបាល​ខេត្ត​តាកែវ​ត្រូវបាន​រាជា​នុញ្ញាត​ឲ្យ​ធ្វើជា​ស្ដេច​មាឃ និង​លោកស្រី ស្រី ប៊ុណ្ណា​ដាវី ដែល​ជា​ភរិយា ធ្វើ​ជា​មេហួ។

អាហារ​ចំនួន ៣ មុខ ​ដែល​គោ​ឧសភរាជ​បាន​បរិភោគ​នោះ​រួមមាន ស្រូវ ៨៥ ភាគរយ ​ពោត ៩០ ភាគរយ​ និង​សណ្ដែក ៨៥ ភាគរយ។ ចំណែក​ ល្ង ស្មៅ ទឹក​ និង​ស្រាស គឺ​គោ​ឧសភរាជ​មិន​បាន​បរិភោគ​ឡើយ។ តាមរយៈ​ការ​បរិភោគ​របស់​គោ​ឧសភរាជទាំង ២ ក្បាល​នេះ លោក កង កេ​ន ព្រះរាជគ្រូ​នៃ​ព្រះ​បរម​រាជវាំង​បាន​ព្យាករ​ថា ការ​ដាំដុះ​ដំណាំ​ស្រូវ ពោត និង​សណ្ដែក សម្រាប់​រដូវ​វស្សា​ឆ្នាំ​នេះ​នឹង​ទទួល​បាន​ផល​ល្អ។ ជាមួយ​គ្នា​នេះ​ដែរលោក​បាន​បួងសួង​សុំ​ឲ្យ​ឆ្នាំ​នេះ​មាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់​និង​សូម​ឲ្យ​ប្រជាជាតិ​ទូទាំង​ប្រទេស​បាន​សេចក្ដីសុខ​សម្បូរ​សប្បាយ​តរៀង​ទៅ។

ទោះជា​បែបណាក៏ដោយ​លោក កង កេ​ន បាន​បញ្ជាក់ថា​គ្រាន់តែ​ជាការ​ព្យាករ​មួយ​តាម​វិធី​បុរាណ​របស់​ខ្មែរ​កាល​ពី​សម័យ​បុព្វកាល​ប៉ុណ្ណោះ។

លោកស្រី ង៉ែត សុភា អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមា​ញ់ និង​នេសាទ ខេត្ត​តាកែវ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កាល​ពី​បុរាណ ប្រជា​កសិករ​តែង​ដាំដុះ​ដំណាំ​ទៅ​តាម​ការ​ផ្សង​ប្រផ្នូល​របស់​សត្វ​គោ​ឧសភរាជ​ដោយ​ពួកគាត់​ជឿថា គ្រាប់​ធញ្ញជាតិ​ទាំង​ឡាយ​ណា​ដែល​គោ​ឧសភរាជ​បាន​បរិភោគ​ក្នុង​ពេល​រៀបចំ​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​នោះ​នឹង​ទទួល​បាន​ផល​ល្អ។ ប៉ុន្តែ​បច្ចុប្បន្ន ប្រជា​កសិករ​មាន​ភាព​វៃឆ្លាត និង​ចេះ​ប្រើប្រាស់​បច្ចេកទេស​ដាំ​ដុះ​បាន​ល្អ​ជាង​កាល​សម័យ​បុព្វកាល ពិសេស​មាន​ការ​ស្វែង​យល់​អំពី​ទីផ្សារ​កសិផល​បាន​យ៉ាង​ល្អ​ថែម​ទៀតផង។

ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ពេលយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លកាលពីម្សិលមិញ។ សហការី

លោកស្រី​បាន​ថ្លែងថា៖ «បើតាម​ការ​ផ្សង​ប្រផ្នូល​តាមរយៈ​គោ​ឧសភរាជ គឺ​មាន​តែ​ដំណាំ ស្រូវ ពោត និង​សណ្ដែក​ប៉ុណ្ណោះ ដែល​កសិករ​ត្រូវធ្វើ​ការ​ដាំដុះ ប៉ុន្តែ​អ្នក​បរិភោគ​មាន​ជម្រើស​ច្រើន​ជាង​នេះ ដែល​ប្រជា​កសិករ​ចាំបាច់​ត្រូវ​បង្កើន​ការ​ដាំដុះ ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ទីផ្សារ ហើយ​នេះ​ជា​អ្វី​ដែល​កសិករ​យើង​នាពេល​បច្ចុប្បន្ន បាន​និង​កំពុង​បន្ត​ធ្វើ​ទៅ​តាម​រដូវកាល​នីមួយៗ»។

បើតាមលោកស្រី សុភា នៅ​ខេត្តតាកែវ​មាន​ផ្ទៃដី​ដាំ​ដុះ​សម្រាប់​រដូវវស្សា​ចំនួន ១៨៥ ០០០ ហិកតា និង​ផ្ទៃដី​ដាំ​ដុះ​សម្រាប់​រដូវ​ប្រាំង​ចំនួន ៧៥ ០០០ ហិកតា។ទន្ទឹម​នឹង​នេះ ប្រជា​កសិករ​មួយ​ភាគ​ធំ​នៅ​ក្នុង​ខេត្ត​តាកែវ កំពុង​នាំគ្នា​ភ្ជួរ​រាស់​ដីស្រែ​ចម្ការ​របស់​ខ្លួន​ ដើម្បី​ដាំ​ដំណាំ​ទៅតាម​រដូវកាលអាស្រ័យ​ដោយ​ស្ថានភាព​ដី និង​អាកាស​ធាតុ​សម​ស្រប​នៃ​តំបន់​របស់​ពួកគេ​នីមួយៗ។

ចំណែកលោក ប៉ុ​ស ឈី​ន ប្រជាកសិករ​នៅ​ភូមិ​ព្រៃ​គុប សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ បាន​និយាយ​ថា នៅ​ពេល​នេះគាត់​បាន​ដាំ​ដុះ​ដំណាំ​ពោត​ក្រហមនៅ​លើ​ផ្ទៃដី​ជាង ២ ហិកតា ហើយ​វា​បាន​និង​កំពុង​ដុះ​ពន្លក​មក​ហើយ។

លោក ឈី​ន ដែល​ហាក់ដូចជា​ពុំ​សូវ​មាន​ជំនឿ​ទៅលើ​ការផ្សង​ប្រផ្នូល​របស់​សត្វ​គោ​ឧសភរាជ​បាន​បញ្ជាក់​ទៀត​ថា៖ «យើង​ជា​កសិករ​ចាំបាច់​ត្រូវ​ស្វែង​យល់​អំពី​ការ​វិវឌ្ឍ​នៃ​វិស័យ​កសិកម្ម និង​ទីផ្សារ​កសិផល បើ​ពុំ​នោះ​ទេ​យើង​នឹង​មិន​អាច​មាន​ជីវភាព​ធូរធារ​បាន​ឡើយ»។

លោក​បាន​បន្តថា៖ «ខ្ញុំ​បាន​ដាំ​ដុះ​ពោត​មុន​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​ឬ​មុន​គោ​ឧសភរាជ​ស៊ី​អាហារ ដែល​ត្រូវ​បាន​គេ​រៀបចំ​ដាក់​ឲ្យ​វា​ស៊ីក្នុង​ពិធី​នោះ​ជាង ១ សប្ដាហ៍​មុន​មក​ម្ល៉េះ។ យ៉ាងណា​វា​ក៏​ជា​រឿង​ល្អ​ដែរ សម្រាប់​ខ្ញុំ​ដែល​គោ​ឧសភរាជ​បាន​ជ្រើសរើស​ស៊ី​ពោត​ច្រើន​ជាង​គេ។ ប៉ុន្តែ​វា​ចាំបាច់​ណាស់ ដែល​យើង​ជា​កសិករ​ត្រូវធ្វើ​ការ​ថែទាំ​ទឹក និង​ជី​ឲ្យ​បាន​ល្អ​សម្រាប់​ដំណាំ​របស់​យើង​ដើម្បី​ទទួល​បាន​ទិន្នផល​ខ្ពស់»។

បើតាម​សម្ដី​លោក ឈី​ន ការជ្រើសរើស​ប្រភេទ​ដំណាំ​សម្រាប់​ការដាំដុះ​នា​ដើម​រដូវ​វស្សា​នេះ ក៏​ជា​ផ្នែក​មួយ​សំខាន់​ផងដែរ។ លោក​បាន​និយាយ​ថា ដំណាំ​ពោត​អាច​ដាំ​បាន​លើដី​ទំនាប​ធម្មតា​ឬ​ដី​ស្រែ​ប្រាំង ប៉ុន្តែ​ដីស្រែជម្រៅ​មិន​អាច​ដាំពោត​បាន​ទេ តែ​ចំពោះ​ស្រូវ​ស្រាល​ឬ សណ្ដែក​បាយ​អាច​ដាំ​បាន ព្រោះ​វា​មានរយៈពេល​ខ្លី​ជាង​ពោត ដែល​អាច​ទ្រាំ​នឹង​ភាព​រាំង​ស្ងួត​ក្នុង​អំឡុង​ពេល​មាន​កូន​រដូវ​ប្រាំង​ក្នុង​រដូវ​វស្សា​ខាងមុខ​នេះ។

គោឧសភរាជ ពេលកំពុងបរិភោគចំណីនៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅខេត្តតាកែវ កាលពីម្សិលមិញ។ សហការី

កាលពី​ម្សិលមិញ លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ភាព​រាំង​ស្ងួត​ដែល​បណ្ដាល​មក​ពី​កូន​រដូវ​ប្រាំង​ក្នុង​រដូវ​វស្សា​នឹង​កើត​មាន​នៅ​ពាក់​កណ្ដាល​ខែ​កក្កដា​និង​ខែ​សីហា​ខាងមុខ​នេះ ដែល​ការព្យាករ​នេះ ស្រដៀង​គ្នា​ទៅ​នឹង​ការ​ផ្សង​ប្រផ្នូល​តាមរយៈ​សត្វ​គោ​ឧសភរាជ​ដែល​មិន​បាន​បរិភោគ​ទឹក​សូម្បី​តែមួយ​តំណក់​នៅ​ក្នុង​ព្រះ​ពិធី​ច្រត់​ព្រះនង្គ័ល​នោះ។

លោក​បាន​បញ្ជាក់ថា៖ «ទោះ​យ៉ាងណា​ក៏ដោយ​ក្នុង​អំឡុង​ពេលនេះ ភ្លៀង​នឹង​បន្ត​ធ្លាក់​រាយប៉ាយ​នៅ​ទូទាំង​ផ្ទៃ​ប្រទេស ដែល​អាច​ឲ្យ​កសិករ​ចាប់​ផ្ដើម​បង្កបង្កើន​ផល​ស្រូវ និង​ដំណាំ​រួមផ្សំ​មួយ​ចំនួន​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​បាន​។ទន្ទឹម​នឹង​នេះ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​របស់​រាជ​រដ្ឋាភិបាល យើង​បាន​ត្រៀម​លក្ខណៈ​ជាស្រេច សម្រាប់​ការ​អន្តរាគមន៍​សង្គ្រោះ កសិផល​នៅ​គ្រា​មាន​ភាព​រាំងស្ងួត​កើត​ឡើង»៕