ភ្នំពេញៈ សម្ដេច​ព្រះវនរ័ត្ន កិត្តិឧសទ្ទេស​បណ្ឌិត ណយ​ ច្រឹក បានទទួល​ពាន​រង្វាន់​មេដាយ​ឥស្សរ​ជន​ឆ្នើម​លំដាប់​ពិភព​លោក​ ផែ្នក​ចិត្ត​វិញ្ញាណ​កំពូល​ប្រចាំ​ឆ្នាំ​ ២០១៩ ដោយ​អង្គការ​មនុស្ស​ធម៌​មួយ​ឈ្មោះ​ថា «យើង​យក​ចិត្ត​​ទុកដាក់​លើ​មនុស្ស​ជាតិ»។

ព្រះ​អង្គ​គឺ​ជា​​ឥស្សរ​ជនមួយ​រូប​ ក្នុង​ចំណោម​ ១៤ ​រូប ដែល​ត្រូវ​ប្រគល់​ពានរង្វាន់​ G.O.D ឆ្នាំ​ ២០១៩ ដោយ​អង្គការ «យើង​យក​ចិត្ត​ទុកដាក់​លើ​មនុស្ស​ជាតិ» ឬ​ភាសា​អង់​គ្លេស​ថា We Care for Humanity ដែល​រៀប​ចំ​ធ្វើ​ឡើង​នៅ​ស្នាក់ការ​អង្គការ​សហប្រជាជាតិ​ ក្នុង​ទីក្រុងហ្សឺណែវ ប្រទេស​ស្វ៊ីស កាល​ពី​ថ្ងៃទី​ ១១ និង ​១២ ខែ​កក្កដា​នេះ។

ព្រះ​សង្ឃ ណយ ច្រឹក គឺ​ជា​ព្រះ​សង្ឃ​នាយក​រង​ទី​៣​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ចៅ​អធិការ​វត្ត​ច័ន្ទបុរី​វង្ស ស្ថិត​នៅសង្កាត់​សំរោង ខណ្ឌព្រែក​ព្នៅ ក្នុង​រាជធានី​ភ្នំពេញ។ ពាន​រង្វាន់​នេះ​ ត្រូវ​បាន​ផ្ដួច​ផ្ដើម​គំនិត​ឡើង​កាល​ពី​ឆ្នាំ ​២០១១ ដោយ​ម្ចាស់​ក្សត្រី Maria Amor Torres នៃ​ប្រទេស ​ហ្វីលី​ពីន និង​ជា​សកម្មជន​អាមេរិកាំង​​ហ្វីលីពីន​ មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ Los Angeles សហរដ្ឋ​អាមេរិក។

លោក សេង សុមុនី អ្នក​នាំ​ពាក្យ​ក្រសួង​ធម្មការ​ និង​សាស​នា បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​ព្រះ​សង្ឃ​នាយក​រង​ទី​៣ ស័ក្តិ​សម​ទទួល​បាន​នូវ​ពាន​រង្វាន់​កិត្តិយស​នេះ។​

លោក​ថ្លែង​ថា៖ «លោក​បាន​ទេសនា​លើក​ទឹក​ចិត្ត ផ្ដោតលើកម្លាំង​ចិត្ត ការ​លើក​ទឹក​ចិត្តសម្រាប់​ឲ្យ​អ្នក​ក្រីក្រ​ព្យាយាម​រក​ទទួល​ទាន​ឲ្យ​​មាន​បាន​ឡើង​វិញ ហើយ​​បាន​អប់រំ​ផ្លូវ​ចិត្ត​ពួក​គេ​ឲ្យ​ចៀស​វាង​អំពើ​ហិង្សា។ ព្រះ​អង្គ​ក៏​លើក​ទឹក​ចិត្ត​ឲ្យ​មនុស្ស​មាន​សន្តិភាព​ផ្លូវ​ចិត្ត គឺ​ព្រះអង្គ​មាន​ជំនាញ​លើ​បញ្ហា​ទាំង​នេះ»។

លោក​បាន​ថ្លែង​បន្ត​ថា ព្រះ​អង្គ​​បាន​ទេសនា​ផ្សព្វផ្សាយ​លើក​ទឹក​​ចិត្ត​ក្នុង​ឱកាស​ជា​ច្រើន​ មិន​ត្រឹម​តែ​ក្នុង​ការ​ទេសនា​ក្នុង​ពិធី​សាធារណៈ​ទេ រួម​ទាំង​ការ​ណែនាំ​ពន្យល់​ផ្ទាល់។ លោក​ថា​ ព្រះ​អង្គ​ដើរ​តួ​ជា​គំរូ ដោយ​អនុវត្ត​បាន​យ៉ាង​ប្រសើរ​ទាំង​ក្នុង​សកម្ម​​​​​ភាព​ប្រចាំ​ថ្ងៃ និង​អត្តចរិត​។ ព្រះ​អង្គ​បង្ហាញ​ហេតុ​ និង​ផល​នៃ​អំពើ​ល្អ​នានា។

លោក សុមុនី បានបន្ថែម​ថា៖ «ព្រះ​អង្គ​ស័ក្តិ​សម​នឹង​ទទួល​បាន​រង្វាន់នេះ។ រង្វាន់​នេះ​ កើត​ចេញ​ពី​ការ​វាយ​តម្លៃ​របស់​អង្គ​​ការ​ពិភពលោក។ វា​ជា​កិត្តិយស​របស់​ជាតិ​ដែល​យើង​មាន​បុគ្គ​ល​ឆ្នើម​ ដែល​បាន​ពាន​រង្វាន់។ យើ​ង​កោត​សរសើរ​លោក ​ដែលបាន​ពាន​នេះ ព្រោះ​វា​ជា​សមិទ្ធផល​របស់​ជាតិ​យើង មិន​មែន​សម្រាប់​តែ​ព្រះអង្គ​ម្នាក់​ទេ»។

ព្រះ​សង្ឃ ណយ ច្រឹក ក៏​បាន​​ចូលរួម​កិច្ច​ប្រជុំ «និរន្តរភាព​នៃ​មនុស្ស​ធម៌​ឆ្ពោះ​ទៅ​កាន់​របៀប​វារៈ​ឆ្នាំ​ ២០​៣០ របស់​អង្គការ​សហ​ប្រជាជាតិ» នៅ​អង្គការ​សហប្រជាជាតិ​ផង​ដែរ។ ព្រះអ​ង្គ​ត្រូវ​បាន​សម្ភាស​អំពី​តួនាទី​នៃ​អន្តរសាសនា​ ឆ្ពោះ​ទៅ​រក​សន្តិ​​​ភាព​ពិភពលោក ដោយ​ត្រូវ​បាន​ស្នើ​ឲ្យ​ពន្យល់​អំពីកិច្ច​ស​ន្ទនា​​អន្តរសាសនា​ នៅ​ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ និង​អំពើ​ហិង្សា។

ព្រះ​អង្គ​បាន​លើក​ឡើង​ពី​បទ​ពិសោធ​នៅ​កម្ពុជា​ថា ចន្លោះ​ពី​ឆ្នាំ​ ១៩៧៥ ដល់ ​១៩៧៩ ដែ​ល​កម្ពុជា​ស្ថិត​ក្នុង​របប​ខ្មែរ​ក្រហម សាសនា​ត្រូវ​បាន​កម្ទេច​ចោល។ ការ​គោរព​សាសនា​កើត​មាន​ឡើង​វិញ​ ក្រោយ​របប​នេះ​ត្រូវ​បាន​ផ្តួល​រំលំ ប៉ុន្តែ​បាន​រីក​ចម្រើន​ឡើង​វិញ​​ បន្ទាប់​ពី​កម្ពុជា​ទទួល​បាន​សន្តិភាព​ពេញ​លេញ​ នៅ​ឆ្នាំ​ ១៩៩៨ ក្រោម​នយោបាយ​ឈ្នះឈ្នះ ​របស់​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន។​ ព្រះអង្គ​បន្ត​ថា លោក ហ៊ុន សែន គឺ​ជា​គំរូ​នៃ​ការ​គោរព​សិទ្ធិ​សេរីភាព​ នៃ​ជំនឿ​សាសនា។

ព្រះ​អង្គ​បញ្ជាក់ថា៖ «លើស​ពីនេះ​ទៅ​ទៀត នៅ​កម្ពុជា​មាន​វិហារ​គ្រិស្ត​សាសនា អ៊ិស្លាម ជាច្រើន​កន្លែង និង​គ្រប់ទិស​ទី។ អ្នក​កាន់​សាសនា​ផ្សេងៗ​គ្នា មា​ន​​ទំនាក់​ទំនង​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​។ ជា​លទ្ធផល​កម្ពុជា​ មិន​ដែល​មាន​ទំនាស់ ឬជម្លោះ​សាសនា​ម្តង​ណា​ទេ​ ក្រោយ​ឆ្នាំ​ ១៩៧៩ រហូត​មក​ដល់​បច្ចុប្បន្ន»។

ព្រះ​អង្គ​បញ្ជាក់​​ថា៖ «ដូច្នេះ ការ​សន្និដ្ឋាន​របស់​អាត្មា គឺ​ថា​គ្រប់​សាសនា​ទាំង​អស់ ​ត្រូវ​តែ​ធ្វើ​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា ឲ្យ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក និង​ប្រកាន់​នូវ​ធម៌​អហិង្សា​ដើម្បី​ដោះ​ស្រាយ​គ្រប់​បញ្ហា​រួម​ទាំង​ជម្លោះ​ផងដែរ »៕