ព្រៃវែងៈ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ព្រៃវែង​បាន​ចេញ​បម្រាម​មិន​ឲ្យ​ធ្វើ​ចរាចរណ៍​សត្វ​មាន់​ឆ្លង​កាត់​ភូមិ​ព្រៃ​ផ្តៅ ឃុំ​ស្ដៅ​កោង ស្រុក​បាភ្នំ​ទេ ភ្លាមៗ​បន្ទាប់ពី​រកឃើញ​វត្តមាន​នៃ​មេរោគ​ជំងឺ​ផ្តាសាយ​បក្សី​ ១ ​សំណាក​ក្នុង​ចំណោម​សំណាក​ជាច្រើន​ដែល​យក​ទៅ​ពិសោធ​កាលពី​ថ្ងៃ​ទី​ ១៤ ខែ​កុម្ភៈ​ជា​អ្វី​ដែល​មន្ទីរ​ថា ដើម្បី​ចៀសវាង​ឆ្លង​ទៅ​តំបន់​ផ្សេង​។

លោក អ៊ុក សំណាង ប្រធាន​មន្ទីរ​កសិកម្ម ខេត្ត​ព្រៃវែង​​បាន​ឲ្យ​ដឹង​ថា​៖ «​ក្រោយ​ពី​មន្ទីរ​កសិកម្ម​ទទួល​បាន​នូវ​ព័ត៌មាន​​ក៏​ដូច​សេចក្តី​ណែនាំ​ពី​ក្រសួង មន្ទីរ​កសិកម្ម​បាន​ចាត់​វិធានការ​​ទប់ស្កាត់​នូវ​បញ្ហា​នេះ​។ ទី​ ១ គឺ​តំបន់​ដែល​មាន​វត្តមាន​ជំងឺ​សត្វ​នេះ​គឺ​មិន​ឲ្យ​ចរាចរណ៍​សត្វ​ឆ្លងកាត់​ក្នុង​តំបន់​ហ្នឹង​ទេ​។ ​ទី​ ២​ គឺ​យើង​ត្រូវ​ចាត់​វិធានការ​បញ្ជាក់​សុវត្ថិភាព​គឺ​មាន​ន័យ​ថា យើង​បាញ់​ថ្នាំ និង​ទប់ស្កាត់​ជំងឺ​នេះ​។ ការ​ឆ្លង​ និង​ចរាចរណ៍​ក្នុង​តំបន់​ហ្នឹង​ត្រូវ​ទប់ស្កាត់​មិន​ឲ្យ​ឆ្លង​ពី​តំបន់​មួយ ទៅ​តំបន់​មួយ​»​។

ទោះ​ជា​យ៉ាង​ណា​លោក សំណាង បាន​ថ្លែង​ថា​ការ​រកឃើញ​នេះ​មិន​ទាន់​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​អ្នក​នៅ​ទី​នោះទេ ប៉ុន្តែ​ក៏​មិន​បាន​បញ្ជាក់​ពី​ការបញ្ឈប់​បម្រាម​នៅពេល​ណា​ដែរ ខណៈ​មិនទាន់​បាន​វិនិច្ឆ័យ​លម្អិត​នៅឡើយ​នោះ​។

អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល លោក លី សុវណ្ណ កាលពី​ម្សិលមិញ​មិន​អាច​ទាក់ទង​សុំ​​អត្ថាធិប្បាយ​បន្ថែម​បាន​ទេ​។

កាលពី​ខែ​មុន សញ្ញា​នៃ​ជំងឺ​នេះ​ក៏​បាន​កើត​ដែរ​ទៅ​លើ​សត្វ​មាន់​ក្នុង​ខណ្ឌ​សែនសុខ​រាជធានី​ភ្នំពេញ ដោយ​មាន​សត្វ​មាន់​ជាង​ ១០០ ​ក្បាល​ត្រូវ​បាន​សម្លាប់​​ដើម្បី​កុំ​ឲ្យ​ឆ្លង​ទៅ​មនុស្ស និង​សត្វ​បន្ត​ទៀត​។

ស្រដៀង​គ្នា​នេះ​កាលពី​ខែ​ធ្នូ ឆ្នាំ​មុន​ជំងឺ​ផ្តាសាយ​បក្សី​នេះ​បាន​​កើតឡើង​ក្នុង​ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម​បណ្តាល​ឲ្យ​សត្វ​ជាង​ ២០០ ​ក្បាល​បាន​ងាប់​។

នៅលើ​ទំព័រ​ហ្វេសប៊ុក​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃ​ ១៤ ​កុម្ភៈ​បាន​ឲ្យ​ដឹង​ថា ថ្មីៗ​នេះ​​មាន​ការ​ផ្ទុះ​ជំងឺ​ផ្ដាសាយ​បក្សី H5N1 ជា​បន្តបន្ទាប់​នៅ​ស្រុក​ព្រៃឈរ​ និង​ស្រុក​ចំការលើ ខេត្ត​កំពង់ចាម ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី និង​ថ្មីៗ​នេះ​ទៀត​នៅ​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង​។

សូម​រំឭក​ដែរ​ថា​ចាប់​តាំងពី​​ឆ្នាំ​ ២០០៥ ដល់ ២០១៤ ជំងឺ​ផ្តាសាយ​បក្សី​ធ្លាប់​បាន​ឆ្លង​ពី​សត្វ​បក្សី​មក​មនុស្ស​ចំនួន​ ៥៦ ​ករណី​ក្នុង​នោះ​មាន​ ៣៧ ​ករណី​បាន​ស្លាប់​។ ដោយឡែក​គ្រាន់​តែ​នៅ​ក្នុង​ឆ្នាំ​ ២០១៣ មាន​ឆ្លង​លើ​មនុស្ស​ចំនួន​ ២៦ ​ករណី ក្នុង​នោះ​មាន​ ១៤ ​ករណី​បាន​ស្លាប់ ខណៈ​ដែល​នៅក្នុង​ឆ្នាំ​ ២០១៤ មាន​ ៩ ​ករណី និង​មាន​ ៤ ​ករណី​បាន​ស្លាប់​៕